ជាតិ
ACU៖ លោក ឈឹម ពិសិដ្ឋ ទារប្រាក់​ខុសច្បាប់​ជា​ថ្នូរ​នឹង​ការ​បោះត្រា​បញ្ជាក់​ភាពត្រឹមត្រូវ​
24, Apr 2017 , 11:27 am        
រូបភាព
ឈឹម ពិសិដ្ឋ ជំនួយការអគ្គលេខាធិការរង CDC។ រូបថត ACU
ឈឹម ពិសិដ្ឋ ជំនួយការអគ្គលេខាធិការរង CDC។ រូបថត ACU
ដោយ:
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបង្ហាញ​ការស៊ើបអង្កេត​ថា លោក ឈឹម ពិសិដ្ឋ ជំនួយការ​អគ្គលេខាធិការរង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានទាមទារ និង​ទទួល​ប្រាក់​ពី​អ្នកវិនិយោគ ដោយ​ខុសច្បាប់ ជា​ថ្នូរ​នឹង​ការ​បោះត្រា​បញ្ជាក់​ភាពត្រឹមត្រូវ​។ កាលពី​ថ្ងៃទី​២២ ខែមេសា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក ឈឹម ពិសិដ្ឋ ពាក់ព័ន្ធ​នឹង​បទ​វីតិក្រម​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​



​ក្រោយ​តុលាការ​សម្រេច​ឃុំ​មន្ត្រី​ជំនួយការ​អគ្គលេខាធិការរង CDC អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​ប្រាប់​សាធារណជន​ថា អង្គភាព​ខ្លួន​បានទទួល​ព័ត៌មាន​ថា មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ក​ការលំបាក​ដល់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ដោយ​ទាមទារ និង​ទទួល​ប្រាក់​ក្រៅ​សេវា​បន្ថែម​នានា​។​

«​ដូច​ករណី​លោក ឈឹម ពិសិដ្ឋ ជាដើម ទាល់តែ​បានទទួល​ប្រាក់​ទើប​ឯកសារ​ដែល​គាត់​តែងតែ​បដិសេធ​ខុស​នេះ ខុស​នោះ​មិនចេះចប់​ត្រូវបាន​ទទួលស្គាល់ថា ត្រឹមត្រូវ​ភ្លាម និង​យល់ព្រម​បោះត្រា​»​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋាភិបាល​បាន​ប្រាប់​ពី​មូលហេតុ​​ឃាត់ខ្លួន​លោក ឈឹម ពិសិដ្ឋ កាលពី​ថ្ងៃទី​២០ ខែមេសា​កន្លងទៅ។​

ACU បាន​ចាត់​ទង្វើ​នេះ នាំ​ឲ្យ​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ​អាក់អន់ចិត្ត រិះគន់ និង​ស្អប់​ស្ថាប័ន​រដ្ឋាភិបាល​ដែល​តែង​អប់រំ និង​ព្រមាន​មន្ត្រី​កុំ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​។ តែ​យ៉ាងណា ACU ពុំ​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​ជំនួយការ​អគ្គលេខាធិការរង CDC ទាមទារ​នោះទេ​។​

​ជាមួយគ្នា ACU បាន​ឆ្លៀត​អំពាវនាវ​មន្ត្រី​សាធារណៈ​នៅ CDC និង​មន្ត្រី​គ្រប់​ក្រសួង​សាធារណៈ​ត្រូវបំពេញ ភារកិច្ច​ត្រឹមត្រូវ ជៀសវាង​ប៉ះពាល់​កិត្តិយស កិត្យានុភាព​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​ឃាត់ខ្លួន​មន្ត្រី​ជំនួយការ​ខាងលើ មន្ត្រី​ជំនាញ ACU កំពុង​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​

​តាម​មាត្រា ៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ បទ​វីតិក្រម ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន​រៀល ដល់​១០​លាន​រៀល​។ គួរ​បញ្ជាក់ថា ACU បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម ពិសិដ្ឋ អាយុ​៥២​ឆ្នាំ ជា​ជំនួយការ​អគ្គលេខាធិការរង CDC កាលពី​ថ្ងៃទី​២០ ខែមេសា​នេះ​៕


Tag:
 ឱម យ៉ិនទៀង​
  ឈឹម ពិសិដ្ឋ​
  ACU
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com