ព័ត៍មានសុខភាព
ជំងឺ​រលាក​សួត​បង្កឡើង​ដោយ វីរុស បាក់តេរី និង​ផ្សិត ខុសគ្នា​ដូច​ម្តេចទៅ​?
25, Apr 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​រលាក​សួត​អាច​កើតឡើង​ដោយសារតែ​មានការ​វាយប្រហា​រ​ដោយ​វីរុស ផ្សិត ឬ​បាក់តេរី ចូលទៅក្នុង​សួត​របស់​យើង​។ ពេលនោះ​វា​នឹងធ្វើ​ឲ្យ​ថង់​ទងសួត​តូចៗ​ជាច្រើន​ទៅជា​រលាក និង​ផ្ទុក​ទៅដោយ​ទឹក ឬ​ខ្ទុះ​។ បើសិនជា​អ្នកមាន​សុខភាព​ល្អ និង​ព្យាបាល​បាន​ត្រឹមត្រូវ វា​ច្រើនតែ​មិន​បង្ក​អ្វី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​វា​អាចជា​រឿង​មួយ​គ្រោះថ្នាក់​ចំពោះ​ក្មេង​តូចៗ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។​



​ភាគច្រើន រាងកាយ​របស់​យើង​បញ្ចេញ ឬ​យកឈ្នះ​មេរោគ​ដែល​ចូលទៅក្នុង​សួត​ចេញមក​ខាងក្រៅ​វិញ​តាមរយៈ​ការ​ក្អក​។ បើសិនជា​វា​ចូលទៅក្នុង​ខ្លួន​យើង​មែន ប្រព័ន្ធ​ភាពស៊ាំ​ច្រើនតែ​សម្លាប់​វា​ចោល​មុនពេល​បង្ក​ជា​ជំងឺ​។ ប៉ុន្តែ​បើសិនជា​មេរោគ​នោះ​ខ្លាំង ឬ​រាងកាយ​មិនអាច​សម្លាប់​វា​បាន សួត​អាច​នឹងរង​ការបង្ក​រោគ​។ នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​បញ្ជូន​ភ្នាក់ងារ​សម្លាប់​មេរោគ សួត​អាច​នឹងរង​ការ​រលាក ហើយ​បង្ក​ជា​ជំងឺ​រលាក​សួត​តែម្តងទៅ​។​

​ក្រោយពី​ឆ្លង​ជំងឺ​នេះ​រួច អ្នក​អាច​នឹងមាន​អាកា​រៈ ក្តៅខ្លួន​ខ្លាំង គ្រុន​ញ៉ាក់ ពិបាក​ដកដង្ហើម និង​ឈឺទ្រូង​ពេល​ដកដង្ហើម​។ អ្នក​ប្រហែលជា​ក្អក​ខ្លាំង និង​ជាប់​រហូត ព្រមទាំង​មាន​ស្លេ​ស្ត​ដ៏​ខាប់​ទៀតផង​។​

​ជំងឺ​រលាក​សួត​បង្កដោយ​បាក់តេរី​
​មេរោគ​តូចៗ​មួយចំនួន​គឺជា​ផ្នែក​មួយ​ធម្មតា​របស់​រាងកាយ​ដូចជា​បាក់តេរី​ក្នុង​ពោះវៀន ព្រោះ​វា​ជា​អ្នក​ជួយ​រំលាយ​អាហារ​។ ប៉ុន្តែ​ក្រៅពីនេះ​គឺអាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​បាន​។ ភាគច្រើន​ជំងឺ​រលាក​សួត​លើ​មនុស្ស​ធំ​បង្កឡើង​ដោយ​បាក់តេរី​។ ហើយ​កាលណា​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី មានតែ​ការប្រើ​ថ្នាំ​ផ្សះ​ទេ​ទើប​អាច​សម្លាប់​វា​បាន​។​

​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​
​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ក្នុង​ការបង្ក​ជំងឺ​រលាក​សួត​លើ​មនុស្ស​ធំ ប៉ុន្តែ​វីរុស​ទាំងអស់​ដែល​បង្ក​រោគ​ក្នុង​មាត់ ច្រមុះ បំពង់ក ឬ​សួត​សុទ្ធតែ​អាច​បង្ក​ជំងឺ​រលាក​សួត​បាន​ទាំងអស់​។ រោគសញ្ញា​របស់​ជំងឺ​នេះ​វិញ​ច្រើនតែ​ស្រាល​ជាង​បង្កដោយ​បាក់តេរី ហើយ​រាងកាយ​ច្រើនតែ​ប្រឆាំង​ឈ្នះ​វា​ក្នុង​រយៈពេល​មួយ​ទៅ ៣​សប្តាហ៍​។​

​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​ផ្សិត​
​និយាយ​រួម​ទៅ មេរោគ​ផ្សិត​កម្រ​បង្ក​ជា​ជំងឺ​រលាក​សួត​ណាស់ លុះត្រាតែ​អ្នកជំងឺ​នោះ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារតែ​ប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ ឬ​មាន​ជំងឺអេដស៍​។ ទោះបីជា​យ៉ាងណាក៏ដោយ ជំងឺ​នេះ​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​ផ្សិត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com