អន្តរជាតិ
ការសិក្សា​មួយ​បង្ហាញថា ម៉ោង​១១​ព្រឹក​ជា​ពេល​ល្អ​ក្នុងការ​ចាប់ផ្តើម​ម៉ោង​សិក្សា​កម្រិត​មហាវិទ្យាល័យ​
24, Apr 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​ទើបតែ​ចេញផ្សាយ​លទ្ធផល​នៃ​ការសិក្សា​មួយ​ដែល​បង្ហាញថា ម៉ោង​១១​ព្រឹក ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​និស្សិត​មហាវិទ្យាល័យ​ក្នុងការ​ចាប់ផ្តើម​ការសិក្សា​របស់ខ្លួន​។



​លោកអ្នក​ពិតជា​ពិបាក​ក្នុងការ​ក្រោក​ឲ្យ​ទាន់​ម៉ោង​សិក្សា​? ចូលរៀន​ហើយ តែ​នៅតែ​ងុ​យ​គេង​? ប្រសិនបើ​ការសិក្សា​របស់​សាកលវិទ្យាល័យ Nevada សហរដ្ឋអាមេរិក ត្រូវបាន​គេ​យកទៅ​ពិចារណា​ជាទូទៅ​នោះ និស្សិត​ទាំងឡាយ​ចាប់ផ្តើម​ចូលរៀន​រហូតដល់​ម៉ោង​១១​ព្រឹក ជិត​ថ្ងៃត្រង់​។​

​ការសិក្សា​ដែល​ចេញផ្សាយ​នៅលើ​ទស្សនា​វ​ដ្តី Frontiers in Humal Neurosciences កាលពី​ថ្ងៃទី​១៩ ខែមេសា បានផ្តល់​ហេតុផល​ថា ម៉ោង​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​ការសិក្សា គឺ​នៅ​វេ​ល​ម៉ោង​១១​ព្រឹក ដោយ​ម៉ោង​នេះ ផ្តល់​ផល​អនុគ្រោះ​ដល់​និស្សិត​ភាគច្រើន​ក្នុង​ការផ្តោត​យកចិត្តទុកដាក់​លើ​ការសិក្សា ដោយ​មិនមាន​អ្វី​ប៉ះពាល់​ដល់​សុខភាព​។ 

​ក្រុម​អ្នកស្រាវជ្រាវ បាន​សម្ភាស​និស្សិត​១៩០​នាក់ ដែល​រៀន​នៅ​ឆ្នាំ​ទី​១ និង​ទី​២ ដោយ​ពួកគេ​មិនសូវ​ពេញចិត្ត​ម៉ោង​សិក្សា​នាពេល​បច្ចុប្បន្ន​នោះឡើយ​។ ទិន្នន័យ​ដែល​ទទួលបាន​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​យកទៅ​វិភាគ ហើយ​រកឃើញថា វា​ជាប់​ពាក់ព័ន្ធ​នឹង​ចង្វាក់​ជីវសាស្ត្រ ប្រព័ន្ធ​ប្រសាទ និង​ផលប៉ះពាល់​មួយចំនួន​ដែល​បណ្តាលមកពី​ការ​គេង​មិន​គ្រប់​ម៉ោង​។​

​តាម​ទិដ្ឋភាព​ជាក់ស្តែង ការចាប់ផ្តើម​ម៉ោង​សិក្សា​នៅវេលា​ម៉ោង​៨ ឬ​៩​ព្រឹក ហាក់ដូចជា​មិនសូវ​ផ្តល់​លក្ខខណ្ឌ​ល្អប្រសើរ​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​ទទួលស្គាល់​ថា វា​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការសិក្សា​លើ​និស្សិត​មួយក្រុម​ប៉ុណ្ណោះ មិនមែន​តំណាង​និស្សិត​ទូទៅ​នោះឡើយ​។​

​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក សាលា UCL Academy ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍័ ប្រទេស​អង់គ្លេស បានកំណត់​ម៉ោង​១០​ព្រឹក​ជា​ពេលវេលា​នៃ​ការចាប់ផ្តើម​ម៉ោង​សិក្សា​។ ទាក់ទង​នឹង​ករណីនេះ សាលា UCL Academy ចង់​ឲ្យ​សិស្ស​របស់ខ្លួន ផ្ចង់អារម្មណ៍​១០០​ភាគរយ​លើ​ការសិក្សា ដោយ​មិនមាន​អាកា​រៈ​ងោកងុយ​រំខាន​៕


Tag:
 អប់រំ​
  ម៉ោង​សិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com