ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃោសនាបោះឆ្នោត​៖ បក្សប្រឆាំង ត្រៀម​៣​លាន​ដុល្លារ តែ​បក្ស​កាន់អំណាច មិន​ចំណាយ​ឡើយ​
24, Apr 2017 , 8:39 pm        
រូបភាព
អ្នក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា និង​បក្ស​សង្គ្រោះនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រកន្លងមក។
អ្នក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា និង​បក្ស​សង្គ្រោះនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រកន្លងមក។
​ភ្នំពេញ​៖ បក្សប្រឆាំង គ្រោង​ចំណាយ​ថវិកា រហូតដល់​ទៅ ៣​លាន​ដុល្លារ​ឯណោះ នៅក្នុង​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​។ ផ្ទុយ​ពី​បក្សប្រឆាំង បក្ស​កាន់អំណាច មិនមាន​កញ្ចប់​ថវិកា ដើម្បី​ចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នោះទេ​។



​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រៀម​ថវិកា​ប្រមាណ​ជា​៣​លាន​ដុល្លារ ដើម្បី​ចាយវាយ​នៅក្នុង​អំឡុង​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ថវិកា​ប្រមាណ​ជា ១.៧ លាន​ដុល្លារ បានមកពី​ការរួមចំណែក​របស់​ម​ន្ត្រី និង​សកម្មជន​នៅតាម​មូលដ្ឋាន ហើយ​ថវិកា​ប្រមាណ​ជា ១.៣​លាន​ដុល្លារ​ទៀត បានមកពី​ការរួមចំណែក​របស់​ម​ន្ត្រី​គណបក្ស​នៅ​ថ្នាក់ជាតិ និង​អ្នកគាំទ្រ​នៅឯ​ប្រទេសក្រៅ​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គម្រោង​របស់​យើង គឺ​ប្រហែលជា​៣​ល្លាន​ដុល្លារ សម្រាប់​ឃោសនាបោះឆ្នោត​។ មកដល់ពេលនេះ យើង​ដឹង​ច្បាស់​ហើយ ថា​មាន​ថវិកា​១.៧​លាន​ដុល្លារ ដែល​បានមកពី​មន្ត្រី​និង​សកម្មជន​នៅ​ថ្នាក់ក្រោម​ជាតិ ឬ​តាម​មូលដ្ឋាន​។ ចំណែកឯ​ថវិកា ពី​មន្ត្រី​ថ្នាក់ជាតិ និង​អ្នកគាំទ្រ​ឯ​បរទេស យើង​មិនទាន់​ទទួលបាន​គ្រប់​ទេ ហើយក៏​មិនទាន់​ដឹង​ច្បាស់ ថា​យ៉ាងម៉េច​ដែរ​»​។​

​ផ្ទុយ​ពី​បក្សប្រឆាំង បក្ស​កាន់អំណាច បែរជា​គ្មាន​គម្រោង​ក្នុងការ​រៀបចំ​ថវិកា ដើម្បី​ចំណាយ​ក្នុងអំឡុង​នៃ​ការឃោសនាបោះឆ្នោត ទៅវិញ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ហាក់​មាន​លក្ខណៈ​ធូរ​ស្រាយ ជាង​អាណត្តិ​មុនៗ ទើប​គណបក្ស​ប្រជាជន​កម្ពុជា មិនចាំបាច់​ត្រូវ​ចំណាយ​ថវិកា​។ លោក សង្កត់ធ្ងន់ថា ក្នុងការ​ឃោសនាបោះឆ្នោត​នាពេលខាងមុខ គណបក្ស នឹង​ទម្លាក់​ការទទួលខុសត្រូវ​ទៅ​ឲ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​តែម្តង​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង​គ្មាន​គម្រោង​ចំណាយ​អ្វី​នោះទេ​។ ហើយ​យើង ក៏​មិន​ព្រួយបារម្ភ​អ្វី​ដែរ​។ គ្រប់យ៉ាង គឺ​យើង​ប្រគល់​ទៅ​ឲ្យ​មន្ត្រីឃុំ សង្កាត់ ជា​អ្នកទទួលខុសត្រូវ ដោយ​ខ្លួនឯង​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​ឲ្យ​គណបក្សនយោបាយ មាន​រយៈពេល​ត្រឹមតែ​១៤​ថ្ងៃ ដើម្បី​ឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់​។ ម្យ៉ាងទៀត ក្នុង​រយៈពេល​១៤​នេះ គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ ដង្ហែ​ក្បួន​នានា នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត បានត្រឹមតែ​២​ថ្ងៃ ប៉ុណ្ណោះ​។ ចំណុច​ទាំងនេះហើយ ដែល​លោក សុខ ឥសាន ចាត់ទុកថា ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នា​អាណត្តិ​ទី​៤​នេះ មាន​លក្ខណៈ ធូរស្រាល ដែល​បក្ស​កាន់អំណាច មិនចាំបាច់​ចំណាយ​ថវិកា ដូច​អាណត្តិ​មុនៗ​។

​ទោះជា​យ៉ាងនេះ​ក្តី លោក សុខ ឥសាន បាន​បញ្ជាក់ថា បក្ស​កាន់អំណាច នឹង​ជួយ​ជ្រោមជ្រែង ឬ​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន មានការ​ខ្វះខាត ឬ​មាន​បញ្ហា​អ្វីមួយ ក្នុងអំឡុង​នៃ​ការឃោសនា ហើយ​ស្នើសុំ​ជំនួយ ទៅ​ថ្នាក់លើ​។

​សូមបញ្ជាក់ថា គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ ប៉ុន្តែ ក្នុងចំណោម​គណបក្ស​ទាំងនោះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ ដែល​បានដាក់​បេក្ខជន​របស់ខ្លួន នៅ​គ្រប់​ឃុំ សង្កាត់​ទាំងអស់ (១៦៤៦ ឃុំ សង្កាត់​)៕


Tag:
 CPP
  CNRP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com