កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើកពាន Monte Carlo Masters លើកទី១០ និងជាប់ជាកំណត់ត្រា
× កីឡាករវាយកូនបាល់លំដាប់ពិភពលោក Rafael Nadal ឈ្នះជើងឯកពាន Monte Carlo Masters ជាលើកទី១០ ជាកំណត់ត្រា ក្រោយផ្តួលមិត្តរួមជាតិអេស្ប៉ាញដូចគ្នា កីឡាករAlbert Ramos-Vinolas ក្នុងលទ្ធផល ៦-១ និង ៦-៣។
នេះគឺជាពានដំបូងរបស់ Nadal ដែលទទួលបាននៅក្នុងឆ្នាំនេះ ហើយក៏ជាការឈ្នះលើកទី១០នៃព្រឹត្តិការណ៍ដូចគ្នា សម្រាប់កំពូលអ្នកវាយកូនបាល់នៅលើដីក្រហមក្នុងសម័យកាលពាន Open នេះ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ ក៏មានបំណងដណ្តើមពាន French Open ជាលើកទី១០ផងដែរ នៅក្នុងការប្រកួតនាខែក្រោយនេះ។
Nadal ធ្លាប់ឈ្នះពាន Monte Carlo នេះ៨ដងជាប់គ្នាចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ២០១២ មុនពេលចាញ់កីឡាករ Novak Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៣។ រហូតមកដល់ឆ្នាំ២០១៦ រូបគេបានឈ្នះពាននេះម្តងទៀតក្នុងទីលាន Barcelona crown រហូតឈ្នះជាលើកទី១០ក្នុងឆ្នាំ២០១៧នេះដែលជាជ័យជម្នះក្នុងកំណត់ត្រាផងដែរ។
«វាក្លាយជាសប្តាហ៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំលេងបានយ៉ាងល្អនៅទីនេះ ហើយខ្ញុំមានសង្ឃឹមឈ្នះច្រើនព្រោះការប្រកួតក្នុងទីលានដីក្រហមជាកន្លែងដែលត្រូវជំនាញខ្ញុំស្រាប់»។ នេះជាការលើកឡើងរបស់ Nadal។
សូមបញ្ជាក់ថា ម្ចាស់ជើងឯក Grand Slam ១៤សម័យកាលបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ៣ដងក្នុងឆ្នាំនេះរួចមកហើយ ដែលរាប់បញ្ចូលទាំងពានធំ Grand Slam នៅប្រទេសអូស្ត្រាលី Australian Open ក្រោមថ្វីដៃកីឡាករចាស់វស្សារបស់ស្វីស Roger Federer កាលពីខែមករាកន្លងទៅ៕
Tag:
វាយកូនបាល់
Rafael Nadal
Monte Carlo Masters
© រក្សាសិទ្ធិដោយ thmeythmey.com