ជាតិ
ឯ​.​ឧ កឹម សុខា ជឿជាក់​កាន់តែខ្លាំង​ថា CNRP នឹង​ឈ្នះឆ្នោត តែ​CPP ថា ជាការ​ស្រមើស្រមៃ​
25, Apr 2017 , 2:08 pm        
រូបភាព
​ភ្នំពេញ​៖ មេបក្ស​ប្រឆាំង នៅតែ​ជឿជាក់ថា នឹង​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ​។ រីឯ អ្នកនាំពាក្យ​បក្ស​កាន់អំណាច មិនមាន​អ្វី​ឆ្លើយតប​ច្រើន​នោះទេ ក្រៅតែពី​ការ​សើចចំអក​ឲ្យ​មេបក្ស​ប្រឆាំង ដែល​តែង​ចាញ់ឆ្នោត ជា​រៀងរាល់​អាណត្តិ តែ​បែរជា​និយាយថា ឈ្នះ ឥត​ឈប់ ទៅវិញ​។



​នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់ និង​សកម្មជន ព្រមទាំង​អ្នកគាំទ្រ​រាប់រយ​នាក់ ដែល​ចូលរួម​ក្នុង​អង្គសមាជ​វិសាមញ្ញ នាពេល​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ដើម្បី​កែប្រែ​លក្ខន្តិកៈ​បក្ស​របស់​ខ្លួន ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ ដោយ​អម​ជាមួយ​កាយវិការ​បែប​ជឿជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះឆ្នោត ហើយ​ឆ្ពោះទៅ​ដឹកនាំ​រដ្ឋាភិបាល នាពេលខាងមុខ​។ ឯកឧត្តម កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទន់ខ្សោយ​ឬ​បែកបាក់​គ្នា​ជាដាច់ខាត ទោះ​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ​។ 

​មេបក្ស​ប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ទៅមុខ​ជានិច្ច​។ គណបក្ស​សង្គ្រោះ​ជាតិ ទៅជិត​ដល់​គោលដៅ​ហើយ​។ […..] ការធ្វើដំណើរ​ពី​ចាញ់​ទៅ​ឈ្នះ ពិបាក​បន្តិច​ហើយ បងប្អូន​។ យើង ដឹងថា នៅខាងមុខ នៅមាន​ឧបសគ្គ​ច្រើន​ទៀត​។ តែ​យើងទាំងអស់គ្នា នៅតែ​អត់ធ្មត់​បាន ហើយនឹង​ធ្វើដំណើរ​ទៅ​ឲ្យ​ដល់​ចំណុចកំពូល​។ ចំណុចកំពូល គឺ​ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា នាពេល​អនាគត​។ យើង ធ្វើដំណើរ​កាន់តែ​យូរ​ទៅ កាន់តែ​រឹងមាំ​ទៅ កាន់តែ​រួបរួមគ្នា​ទៅ​។ [……] យើង ចាប់ដៃគ្នា​ឲ្យ​កាន់តែ​រឹងមាំ ធ្វើដំណើរ​ទៅមុខ ឲ្យ​ដល់​គោលដៅ ដែល​ប្រជាជ​ពលរដ្ឋ​ខ្មែរ ចង់បាន​»​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​លក្ខណៈ​ល្អប្រសើរ និង​គួរ​ឲ្យ​ទុកចិត្ត​ជាមុន​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​រៀបចំ​បេក្ខជន​របស់ខ្លួន ឲ្យ​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​។ មន្ត្រី សកម្មជន រួមទាំង​អ្នកគាំទ្រ​ក្នុងប្រទេស​និង​ក្រៅប្រទេស នៅតែ​ជឿជាក់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​សហគមន៍​អន្តរជាតិ​នានា ក៏​រង់ចាំ​ជួយ​ជ្រោមជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ ថែមទៀត​។ ជាពិសេស គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ជំហរ​អហិង្សា អត់ធ្មត់ និង​ពុះពារ​រាល់​ឧបសគ្គ ដែល​កំពុងតែ​កើតមានឡើង​។ ចំណុច​ទាំងនេះហើយ ដែល​ឯកឧត្តម កឹម សុខា បាន​រៀបរាប់​នៅ​ចំពោះមុខ​អ្នកចូលរួម​ក្នុង​អង្គសមាជ​វិសាមញ្ញ​នា​ព្រឹក​នេះ ហើយ​ហ៊ាន​អះអាង​ជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការបោះឆ្នោត​។​

​ឯកឧត្តម កឹម សុខា អះអាង​ទៀតថា គូប្រកួត​លើ​ឆាកនយោបាយ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​។ ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់ថា ថ្វី​ដ្បិត​នៅ​កម្ពុជា មាន​គណបក្សនយោបាយ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា រួមទាំង​សហគមន៍​អន្តជាតិ ចាប់អារម្មណ៍​តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​អ្នកគាំទ្រ​ប្រហាក់ប្រហែលគ្នា​។

​ក្រៅពី​បង្ហាញ​ក្តី​សង្ឃឹមថា នឹង​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​រួចហើយ ឯកឧត្តម កឹម សុខា ក៏​និយាយ​ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម និង សន្តិភាព​។ ឯកឧត្តម កឹម សុខា លើកឡើង​ម្តង​ទៀតថា ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត នឹង​នាំមក​នូវ​សុខសន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។ ផ្ទុយទៅវិញ ឯកឧត្តម​ក កឹម សុខា បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការព្រួយបារម្ភ​ថា សង្គ្រាម អាច​នឹង​កើតឡើង ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត​។

​ជុំវិញ​ការលើកឡើង​ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ពាក្យ «​ឈ្នះ​» របស់​មេដឹកនាំ​បក្សប្រឆាំង​ថា ជា​រឿង​ធម្មតា និង​ជាការ​ស្រមើស្រមៃ​។ សម្រាប់​លោក សុខ ឥសាន វា គ្មានអ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​មេបក្ស​ប្រឆាំង ព្យាយាម ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា ឈ្នះឆ្នោត ម្តង​ហើយ​ម្តងទៀត​បែបនេះ​។ លោក យល់ថា ឈ្នះ​ឬ​ចាញ់ គឺ​ប្រជាពលរដ្ឋ ជា​អ្នកសម្រេច មិនមែន​អាស្រ័យ​លើ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ឡើយ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​គាត់ (​ឯកឧត្តម កឹម សុខា​) និយាយ​ហ្នឹង គឺ​គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​ទេ​។ គាត់ និយាយ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​របស់គាត់ បាក់​ទឹកចិត្ត​។ គាត់​ថា ឈ្នះ​តែ​រហូត​។ យើង​មើល លោក សម រង្ស៊ី និយាយថា ឈ្នះ តាំងពី ឆ្នាំ​៩០​ជាង​មកម្ល៉េះ តែ​មិនដែល​ឃើញ​ឈ្នះ ផង​ហ្នឹង​។ ហើយ លោក កឹម សុខា ហ្នឹង រៀន​តាម​មេ​របស់គាត់ (​លោក សម រង្ស៊ី​)»​។

​បន្ទាប់ពី​សើចចំអក​ឲ្យ​មេបក្ស​ប្រឆាំង​បែបនេះហើយ លោក សុខ ឥសាន ក៏​បែរមក​លើក​ពី​គុណ​ស​ម្ប​តិ្ត​របស់​បក្ស​កាន់អំណាច ក្នុងការ​រក្សាសុខ​សន្តិភាព និង​ការអភិវឌ្ឍ​។ គុណសម្បត្តិ​ទាំងនេះ ត្រូវបាន​លោក សុខ ឥសាន ចាត់ទុកថា​ជា ទុន​និង​តម្លៃ ដែល​នាំ​ឲ្យ​បក្ស​កាន់អំណាច អាច​ឈ្នះឆ្នោត សាជាថ្មី​៕


Tag:
 CNRP
  CPP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com