ជាតិ
ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​ដើរ ដើម្បី​គេចចេញ​ពី​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ​
25, Apr 2017 , 5:18 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​បច្ចុប្បន្ន គឺ​ក្រសួងមហាផ្ទៃ ចាត់ទុក ការជ្រើសរើស​អនុប្រធាន​ទាំង​៣​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផ្ទុយទៅនឹង​លក្ខន្តិកៈ​គណបក្ស​។ ចំណុច ដែល​ក្រសួងមហាផ្ទៃ ចាត់ទុកថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​នឹង​លក្ខន្តិកៈ គណបក្ស​សង្គ្រោះ​ជាតិ បាន​លុបចោល​នូវ​ចំណុច​នោះ ចេញពី​លក្ខន្តិកៈ​តែម្តង​។ នេះ គឺជា​ច្រកចេញ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​រួចផុត​ពី​បញ្ហា​ខាងលើ​។



​អស់​រយៈពេល​ជាង​១​ខែ​ហើយ ដែល​ក្រសួងមហាផ្ទៃ នៅតែ​យល់ថា ការជ្រើសរើស​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ខ្លួនឯង​។ ភាព​រកាំរ​កួស​ជាមួយ​ក្រសួងមហាផ្ទៃ​នេះ បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​របស់ខ្លួន ដោយ​ចៀស​មិន​រួច​។ ដើម្បី​ធ្វើ​វិ​សោធ​កម្ម​លើ​លក្ខន្តិកៈ គណបក្ស​សង្គ្រោះ​ជាតិ ក៏​សម្រេច​រៀបចំ​សមាជ​វិសាមញ្ញ​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ នេះ​។

​គោលបំណង​តែមួយគត់ ក្នុងការ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ព្រឹក​នេះ គឺ​ការកែប្រែ​លក្ខន្តិកៈ ត្រង់​ប្រការ ៤៧ (​ថ្មី​) ទៅជា​ប្រការ ៤៧ (​ថ្មី​១) ដែលមាន​ចែង​អំពី​ប្រធាន និង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ មូលហេតុ នៃ​ការកែប្រែ​លក្ខន្តិកៈ​ត្រង់​ប្រការ ៤៧ (​ថ្មី​) គឺ​ដើម្បី​ឲ្យ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ក្លាយជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពេញលក្ខណៈ ហើយក៏​ដើម្បី​បញ្ចប់​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ​ផងដែរ ដែល​មិន​ព្រម​ទទួលស្គាល់​នូវ​ភាពស្របច្បាប់​របស់​អ្នក​ទាំង​៣​រូប កន្លងមក​។ 

​ក្រសួងមហាផ្ទៃ បាន​លើក​អំណះអំណាង​ថា ការជ្រើសរើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក គឺ​ហួស​ពី​រយៈពេល​៣០​ថ្ងៃ​។ ការជ្រើសរើស​អនុប្រធាន ដោយ​ហួស​ពី​រយៈពេល​៣០​ថ្ងៃនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ ចាត់ទុកថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុសពី​លក្ខន្តិកៈ​។

​ប្រកាស ៤៧ (​ថ្មី​) ក្នុង​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចែងថា ក្នុងករណី ដែល​មិនមាន​អនុប្រធាន​គណបក្ស គណៈកម្មាធិកា​នាយក ត្រូវ​ជ្រើសរើស​អនុប្រធាន​យ៉ាងតិច​១​រូប ដោយ​មិន​ឲ្យ​ហួស​ពី​រយៈពេល​៣០​ថ្ងៃ​។

​ដើម្បី​កុំ​ឲ្យ​មានកំ​ហុង​ឆ្គង ដូចដែល​ក្រសួងមហាផ្ទៃ បានលើកឡើង​ខាងលើ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្ខំចិត្ត​កែប្រែ​លក្ខន្តិកៈ​ត្រង់​ប្រការ ៤៧ (​ថ្មី​) ទៅជា ប្រការ ៤៧ (​ថ្មី​១) ដោយបាន​លុប​រយៈពេល ៣០​ថ្ងៃនេះ​ចេញ តែម្តង​។ 

​ប្រការ ៤៧ (​ថ្មី​១) ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរថា ក្នុងករណី ដែល​មិនមាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​ជ្រើសរើស​អនុប្រធាន​គណបក្ស យ៉ាងតិច​១​រូប ដើម្បី​ជួយ​ការងារ​ប្រធាន​គណបក្ស​។

​តាមពិតទៅ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​លើក​ហេតុផល​ដែរ​ថា ការជ្រើសរើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​លើសពី​រយៈពេល​៣០​ថ្ងៃ​នោះទេ ហើយក៏​មិន​ផ្ទុយ​ពី​លក្ខន្តិកៈ​អ្វី​ដែរ​។ ប៉ុន្តែ ទំនងជា​មិន​ចង់​តវ៉ា​ច្រើន​ជាមួយនឹង​ក្រសួងមហាផ្ទៃ ទើប​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​លុបចោល «​រយៈពេល​៣០​ថ្ងៃ​» ចេញពី​ប្រការ ៤៧ (​ថ្មី​) តែម្តង​។

​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ចង់​បញ្ចប់​បញ្ហា​ជាមួយនឹង​ក្រសួងមហាផ្ទៃ ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​គិតគូរ​និង​យកចិត្តទុកដាក់​លើ​កិច្ចការ​បោះឆ្នោត ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​កន្លងមក ក្រសួងមហាផ្ទៃ មិន​ត្រឹមតែ​មិន​ទទួលស្គាល់​អនុប្រធាន​ទាំង​៣​រូប​នោះទេ តែ​ក៏​ធ្លាប់​មិន​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។ ប៉ុន្តែ ក្រោយពី​មានការ​សម្របសម្រួល​ឡើងវិញ​នៅក្នុង​គណៈកម្មាធិការ​នា​យក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួងមហាផ្ទៃ ក៏​ប្រកាស​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ​៕


Tag:
 CNRP
  អនុប្រធាន​
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com