ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំង​៖«​រឿង​ខ្លះ គេ​ធ្វើបាន តែ​យើង​ធ្វើ​មិនបាន​»
26, Apr 2017 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ មេបក្ស​ប្រឆាំង អះអាងថា បក្ស​ខ្លួន​នៅតែ​មិនអាច​ធ្វើ​សកម្មភាព​នយោបាយបាន​ដោយ​ពេញលេញ​ទេ ព្រោះតែ​ការរង​សម្ពាធ​ពី​បក្ស​ដទៃ​។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ច្រានចោល​ការលើកឡើង​ខាងលើ ហើយ​អះអាងថា បច្ចុប្បន្ន បក្សប្រឆាំង មាន​សិទ្ធិ​ធ្វើ​សកម្មភាព ឬ​និយាយស្តី ដូច​បក្ស​ផ្សេងៗ​ដែរ​។



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​លោក​មិនទាន់​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​ន​យោ​បាយឡើយ ដោយសារ​រង​ការគំរាមកំហែង​ពី​អ្នកនយោបាយ​ដទៃ​។  ត្បិត​មិន​និយាយ​ចំឈ្មោះ​អ្នកនយោបាយ​ណា​ក្តី តែ​មេបក្ស​ប្រឆាំង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​អ្នកដឹកនាំ ខ្ញុំ​ដឹងថា ស្ថានការណ៍​បច្ចុប្បន្ននេះ មាន​ផ្លូវ​ខ្លះ គេ​អាច​ដើរ​បាន តែ​យើង​ដើរ​មិនបាន​។ មាន​សកម្មភាព​ខ្លះ គេ​អាច​ធ្វើបាន តែ​យើង​ធ្វើ​មិនបាន​។ មាន​ពាក្យសម្តី​ខ្លះ គេ អាចនិយាយបាន​តាម​អំ​ពើ​ចិ​ត្តិ តែ​យើង​និយាយ​មិនបាន​»​។​

​ទោះជា​សិ្ថ​ត​ក្នុងស្ថានភាព​បែបនេះ​ក្តី ប៉ុន្តែ​ឯកឧត្តម កឹម សុខា នៅតែ​ទទូច​ឲ្យ​មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន ប្រកួតប្រជែង​នយោបាយ​ដោយ​អត់ធ្មត់ ចៀសវាង​ការជេរប្រមាថ ឬ​ការប្រើ​អំពើហិង្សា​លើ​អ្នកដទៃ​។ « ការអត់ធ្មត់ នឹង​អាច​ឲ្យ​បក្សប្រឆាំង ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ​»​។  នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដ្លែ​ង​នៅក្នុង​អង្គសមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​។

​ជុំវិញ​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ខាងលើ គឺ​ខុសពី​ការពិត​។ លោក អះអាងថា បច្ចុប្បន្ននេះ ពុំមាន​គណបក្ស និង​ស្ថាប័ន​ណា ទៅ​រារាំង​ឬ​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​និយាយ ឬ​មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វីមួយ នោះទេ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្មាន​អ្នកណា មិន​ឲ្យ​គាត់ (​ឯកឧត្តម កឹម សុខា​) ធ្វើ​សកម្មភាព មិន​ឲ្យ​គាត់​និយាយ​ទេ​។ គាត់ ចេះតែ​និយាយ​ទៅ​។ ចុះ​គាត់ កំពុងតែ​និយាយ​ហ្នឹង ម៉េច​ក៏​និយាយបាន​។ បើ​គេ មិន​ឲ្យ​គាត់​និយាយ ស្មានតែ​គាត់ និយាយបាន​?»៕


Tag:
 CPP
  CNRP
  កឹម សុខា​
  សុខ ឥសាន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com