ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះ​ជាតិ នឹង​រើស​អនុប្រធាន​ឡើងវិញ តែ​រង់ចាំ​មហាផ្ទៃ​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី ជាមុនសិន
26, Apr 2017 , 12:45 pm        
រូបភាព
ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ភ្នំពេញ​៖ លុះត្រាតែ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​លក្ខន្តិកៈ​ជាមុនសិន ទើប​បក្សប្រឆាំង ចាប់ផ្តើម​គិតគូរ​ពី​ការជ្រើសរើស​អនុប្រធាន​របស់ខ្លួន ឡើងវិញ​។ បក្សប្រឆាំង នឹង​បញ្ជូន​លក្ខន្តិកៈ​របស់ខ្លួន ទៅកាន់​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។



​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​លក្ខន្តិកៈ​ថ្មី ដែល​ទើបតែ​ត្រូវបានធ្វើ​វិ​សោធក​ម្ម​តាមរយៈ​សមាជ​វិសាមញ្ញ ទៅ​ឲ្យ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​នេះ​។

​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អាច​បើក​កិច្ចប្រជុំ​ក្នុង​គណៈកម្មាធិកា​នាយក ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស​នោះទេ ដរាបណា​ក្រសួងមហាផ្ទៃ មិនទាន់​ប្រកាស​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​។ លោក និយាយ​ត្រឡប់មកវិញ​ថា បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​រួចហើយ គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស​។

​បច្ចុប្បន្ននេះ លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ គឺជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់មាន​ការទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​។ អ្នក​ទាំង​៣​រូប នៅតែ​មានបំណង​ឈរឈ្មោះ ជា​បេក្ខជន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល នៅពេល​គណៈ​ក​ម្មា​ធិ​នាយក បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស ម្តងទៀត នាពេលខាងមុខ​។ នេះ​ជាការ​អះអាង​របស់លោក យ៉ែម បុញ្ញឫទ្ធិ ដដែល​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ប្រហែលជា​មិនមាន​ការផ្លាស់ប្តូរ​ទេ ចំពោះ​អនុប្រធាន​ទាំង​៣​។ តែ​ខ្ញុំ មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ទេ ថា​យ៉ាងម៉េច​។ អ្វីៗ គឺ​រង់ចាំ​ការសម្រេច​ក្នុង​គណៈកម្មាធិការ​នាយ​ក​»​។

​កន្លងមក ក្រសួងមហាផ្ទៃ ធ្លាប់​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បានជ្រើសរើស​អនុប្រធាន ដោយ​ហួស​ពី​រយៈពេល​៣០​ថ្ងៃ​។ ការជ្រើសរើស​អនុប្រធាន​ដោយ​ហួស​ពី​រយៈពេល​៣០​ថ្ងៃនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ ចាត់ទុកថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​ទៅនឹង​លក្ខន្តិកៈ ត្រង់​ប្រការ ៤៧ (​ថ្មី​)​។

​ដើម្បី​គេចចេញ​ពី​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ត្រង់​ប្រការ ៤៧ (​ថ្មី​) ឲ្យ​ទៅជា ប្រការ ៤៧ (​ថ្មី​១) ដោយ​លុបចោល «​រយៈពេល​៣០​ថ្ងៃ​» ចេញ​តែម្តង​។ ក្នុងន័យនេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជ្រើសរើស​អនុប្រធាន​គណបក្ស ពេលណា​ក៏បាន ដោយ​មិន​គិតពី «​រយៈពេល​៣០​ថ្ងៃ​» ដូច​មុន នោះទេ​។

​ប្រការ ៤៧ (​ថ្មី​១) ក្នុង​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរថា ក្នុងករណី ដែល​មិនមាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​ជ្រើសរើស​អនុប្រធាន​គណបក្ស​យ៉ាងតិច​១​រូប ដើម្បី​ជួយ​ការងារ​ប្រធាន​គណបក្ស​៕




Tag:
 យ៉ែម បុញ្ញឫទ្ធិ​
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com