ជាតិ
តុលាការបន្តឃុំ លោក នី ចរិយា និងមន្ត្រីអាដហុក៦ខែទៀត ក្រោយជាប់ឃុំ១ឆ្នាំ
× ភ្នំពេញ៖ ចៅក្រមស៊ើបសួរ បានសម្រេចឲ្យមន្ត្រីអាដហុក៤រូប និង មន្ត្រីគ.ជ.ប ១រូប ដែលពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ជាប់ឃុំចំនួន៦ខែបន្តទៀត ក្រោយពីពួកគេ បានជាប់ឃុំអស់រយៈពេល១ឆ្នាំ មក។ មេធាវី ចាត់ទុកការពន្យារពេលក្នុងការឃុំខ្លួនដ៏យូរបែបនេះ ថាជារំលោភសិទ្ធិរបស់មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យមន្ត្រីអាដហុក៤រូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ មកហើយនោះ ជាប់ឃុំចំនួន៦ខែ បន្តទៀត។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
លោកមេធាវី សំ សុគង់ បានប្រាប់សារព័ត៌មានថ្មីៗថា ការពន្យារពេលនេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិរបស់ជនត្រូវចោទ (មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប) ។ លោក សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងសន្ធិសញ្ញាអន្តរជាតិនានា បានចែងអំពីសិទ្ធិរបស់ជនត្រូវចោទ ដែលត្រូវទទួលបានការជំនុំជម្រះដោយឆាប់រហ័ស។
តាមការយល់របស់លោកមេធាវី សំ សុគង់ ចៅក្រមស៊ើបសួរ ពុំគួរណាបង្អង់ពេលយូរយ៉ាងនេះ ក្នុងការឃុំខ្លួនមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប នោះទេ ព្រោះសំណុំរឿងរបស់ពួកគេ ហាក់មិនសូវស្មុគស្មាញប៉ុន្មាន ឡើយ។ លោកមេធាវីរូបនេះ បញ្ជាក់ដូច្នេះថា៖«តាំងពីខ្ញុំ ធ្វើជាមេធាវីមក ខ្ញុំមិនដែលជួបទេ ដែលកូនក្តីរបស់ខ្ញុំ ត្រូវបានឃុំខ្លួនយូរបែបនេះ។ រឿងនេះ ចៅក្រមស៊ើបសួរ ដូចជាមិនត្រូវបន្តឃុំពួកគាត់ (មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប) ទៀតទេ ព្រោះភស្តុតាង ដូចជាមានអស់ហើយ ហើយជនត្រូវចោទ និងសាក្សីផ្សេងៗ ក៏សួរអស់ហើយដែរ»។
យ៉ាងណា ចៅក្រមស៊ើបសួរ បានលើកហេតុផលថា ត្រូវសាកសួរសាក្សីមួយចំនួនទៀត ជុំវិញសំណុំរឿងនេះ ហេតុដូច្នេះហើយ ទើបសម្រេចបន្តឃុំខ្លួនមន្ត្រីអាដហុក និង មន្ត្រី គ.ជ.ប ចំនួន៦ខែទៀត។ នេះជាការអះអាងរបស់លោក សំ សុគង់ដដែល។
មន្ត្រីអាដហុក៤រូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានឃាត់ខ្លួនតាំងពី ចុងខែមេសា ឆ្នាំ២០១៦ មក។ ការឃាត់ខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ធ្វើឡើងក្រោយពីរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា បានផ្ទុះឡើងនាកាលនោះ។ បើគិតរហូតមកដល់ពេលនេះ ពួកគេទាំង៥រូប បានជាប់ពន្ធនាគាររយៈពេល១ឆ្នាំហើយ៕
Tag:
អាដហុក
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com