ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ លោក ឈាន ពិសិដ្ឋ ផ្លាស់ប្តូរទីតាំងលាក់ខ្លួន ក្រោយពីសមត្ថកិច្ចស៊ើបដឹង
×
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនលោក ឈាន ពិសិដ្ឋ មកដាក់ទោសតាមច្បាប់ឡើយ ដោយសារតែជនប្រព្រឹត្តកំហុសរូបនេះ បានផ្លាស់ប្តូរទីតាំងលាក់ខ្លួន។
សមត្ថកិច្ច ធ្លាប់អះអាងថា បានស្គាល់កន្លែងលាក់ខ្លួនលោក ឈាន ពិសិដ្ឋ ដែលបានបាញ់គំរាមទៅលើមន្ត្រីអន្តោប្រវេសន៍ក្នុងអង្គភាពជាមួយគ្នានោះម្ដងហើយ។ ប៉ុន្តែនៅពេលនេះសមត្ថកិច្ច នៅតែមិនទាន់អាចចាប់ខ្លួនលោក ឈាន ពិសិដ្ឋ បានទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា មូលហេតុដែលសមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនលោក ឈាន ពិសិដ្ឋ បាននោះ គឺដោយសារតែបុគ្គលរូបនេះ បានផ្លាស់ប្ដូរទីតាំងលាក់ខ្លួន ក្រោយពីសមត្ថកិច្ចស៊ើបដឹង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖«ជនល្មើសរត់គេចខ្លួនហើយ មិនមែននៅតែមួយកន្លែងទេ។ ឥឡូវសមត្ថកិច្ចយើងកំពុងប្រតិបត្តិការតាមរកជនល្មើសនេះ»។
តែយ៉ាងណា លោក ខៀវ សុភ័គ ពុំអាចបង្ហើបពីទីតាំងដែលលោក ឈាន ពិសិដ្ឋ កំពុងលាក់ខ្លួននោះទេ ដោយលោកបានលើកហេតុផលថា វាជារឿង ស៊ើបអង្កេតសម្ងាត់របស់សមត្ថកិច្ច។
គួរបញ្ជាក់ថា លោក ឈាន ពិសិដ្ឋ ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ដែលធ្លាប់មានជម្លោះជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៦ កន្លងមក នៅបុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ បានបង្កបញ្ហាផ្ទុះអាវុធមួយគ្រាប់ក្នុងអង្គភាព កាលពីថ្ងៃទី៩ ខែមេសា នេះ។ មួយថ្ងៃក្រោយករណីផ្ទុះអាវុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសម្រេចដកឋានន្តរស័ក្តិ និងបណ្តេញឈ្មោះ ឈាន ពិសិដ្ឋ ចេញពីក្របខ័ណ្ឌនគរបាលជាតិភ្លាមៗផងដែរ កាលពីថ្ងៃទី១០ មេសា តាមសំណើអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ៕
Tag:
ឈាន ពិសិដ្ឋ
ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com