ជាតិ
ក្រសួងមហាផ្ទៃ កំពុង​ពិចារណា ពី​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​
28, Apr 2017 , 2:44 pm        
រូបភាព
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កំពុងតែ​ពិនិត្យ នូវ​ខ្លឹមសារ​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបតែ​ត្រូវបានធ្វើ​វិសោធនកម្ម​។ ប្រសិនបើ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ជ្រើសរើស​អនុប្រធាន​របស់ខ្លួន ឡើងវិញ​។



​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួងមហាផ្ទៃ មិនទាន់​សម្រេច​យ៉ាងណា​នោះទេ ចំពោះ​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អាស្រ័យ​លើ​ការត្រួតពិនិត្យ​របស់​ស​ម្តេច ស ខេង ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​អ្វីៗ គឺ​សម្តេច ស ខេង ជា​អ្នកសម្រេច​។ ឥឡូវ​ហ្នឹង ប្រហែលជា​គាត់ កំពុងតែ​ពិនិត្យ​ហើយ​»​។

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​គិតគូរ​ឡើងវិញ ចំពោះ​អនុប្រធាន​គណបក្ស​ទាំង​៣ ដែល​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​កន្លងមក​។ បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ការជ្រើសរើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​រៀបចំ​ទៅបាន​លុះត្រាតែ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី ជាមុនសិន​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​យើង​មិនទាន់​គិតគូរ​ទេ រឿង​អនុប្រធាន​។ យើង រង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​សិន ថា​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី ឬ​យ៉ាងម៉េច​»​។ 

​ប្រសិនបើ​លក្ខន្តិកៈ​ថ្មី​នេះ ត្រូវបាន​ទទួលស្គាល់ វា​ជាស​ញ្ញាណ​វិជ្ជមាន សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ ដែល​មិន​ព្រម​ទទួលស្គាល់​អនុប្រធានរ​បស់​ខ្លួន​។ ក្រសួងមហាផ្ទៃ លើក​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​លក្ខន្តិកៈ​ក្នុងការ​ជ្រើសរើស​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ឲ្យ​ធ្វើជា​អនុប្រធាន​។

​ដើម្បី​បញ្ចៀស​កំហុសឆ្គង ដែល​ក្រសួងមហាផ្ទៃ បានលើកឡើង គណបក្ស​ស​ង្ក្រោះ​ជាតិ បាន​កែប្រែ​លក្ខន្តិកៈ​ឡើងវិញ តាមរយៈ​សមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ។

​លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់​និយាយថា ប្រសិនបើ​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ចប្រជុំ​នាពេលខាងមុខ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស​ឡើងវិញ លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ អាច​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធាន​គណបក្ស ដដែល​៕


Tag:
 CNRP
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com