ជាតិ
នយោបាយជាតិ
មេបក្សប្រឆាំង ប្រាប់ពីមូលហេតុ ដែលបក្សរៀបសមាជនៅទីស្នាក់ការដ៏ចង្អៀត
× កន្លងមក គណបក្សសង្គ្រោះជាតិ ក៏ចង់ធ្វើសមាជវិសាញ្ញនៅកន្លែងផ្សេង ក្រៅពីទីស្នាក់ការរបស់ខ្លួនដែរ តែ ឯកឧត្តម កឹម សុខា អះអាងថា ម្ចាស់ទីតាំងនានា មិនព្រមឲ្យគណបក្សសង្គ្រោះជាតិ ជួលទីតាំងរបស់ពួកគេ ឡើយ។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់មូលហេតុ ដែលគណបក្សសង្រ្គោះជាតិ ត្រូវបង្ខំចិត្តយកទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើសមាជវិសាមញ្ញកាលពីពេលថ្មីៗនេះ។ បើតាមឯកឧត្តម កឹម សុខា ការធ្វើសមាជវិសាមញ្ញនៅក្នុងទីស្នាក់ការកណ្តាល ដែលមានទីធ្លាមិនសូវទូលាយសម្រាប់អ្នកចូលរួម គឺដោយសារគណបក្សសង្គ្រោះជាតិ ស្វែងរកទីតាំងនានា ដើម្បីជួល មិនបាន។
ប្រធានបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«សូម្បីតែយើងសុំធ្វើសមាជវិសាមញ្ញ គឺយើង ធ្វើនៅមុខទីស្នាក់ការរបស់យើង។ យើង ទៅរកជួលកន្លែងណា ក៏គេមិនជួលឲ្យដែរ។ បងប្អូនដឹងហើយ មកដល់ស្ថានភាពនេះ ផ្លូវខ្លះ គេ ដើរបាន តែយើងដើរមិនបាន។ ពាក្យពេចន៍ខ្លះ គេ និយាយបាន តែយើង និយាយមិនបាន។ សកម្មភាពខ្លះ គេ ធ្វើបាន តែយើង ធ្វើអត់បាន។ នេះហើយ ជាអយុត្តិធម៌»។
ឯកឧត្តម កឹម សុខា និយាយដូច្នេះ នៅក្នុងពីធិជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅឯសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ទៅបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម កឹម សុខា បានចាត់ទុក រូបភាពនៃការរឹតត្បិតបែបនេះ ថាជាការដាក់សម្ពាធ លើបក្សប្រឆាំង ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។ ឯកឧត្តម កឹម សុខា យល់ថា ដោយសារតែអយុត្តិធម៌ទាំងនេះហើយ ទើបបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជា ចង់ផ្តាស់ប្តូរអ្នកដឹកនាំ។
សូមរម្លឹកថា ក្រោយការលាលែងរបស់លោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាញ្ញចំនួនពីរលើក ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំថ្មី។ សមាជវិសាមញ្ញទាំងពីរលើកនេះ សុទ្ធតែធ្វើឡើង នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com