អន្តរជាតិ
នយោបាយអន្តរជាតិ
ត្រាំ ធ្លាប់គិតថា ធ្វើប្រធានាធិបតីស្រួលជាងធ្វើជំនួញ តែតាមពិតខុសស្រឡះ
× ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សារភាពក្នុងបទសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មាន Reutersថា លោកធ្លាប់គិតថា ធ្វើជាប្រធានាធិបតីជារឿងងាយស្រួល។ ប៉ុន្តែវាខុសពីការគិតរបស់លោកទាំងស្រុង ព្រោះការងារជាមេដឹកនាំកំពូលអាមេរិកលំបាកបំផុត ហើយលោកនឹករលឹកជីវិតអតីតកាលជាអ្នកជំនួញអចលនទ្រព្យនោះ។ តើលោក ដូណាល់ ត្រាំ ពិតជាមិនបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាប្រធានាធិបតីមែនទេ?
ស្របពេលដែល គម្រប់ពេល ១០០ ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីមកដល់ លោក ដូណាល់ ត្រាំ ដែលមានប្រវត្តិជាអ្នកជំនួញនោះបានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារព័ត៌មាន Reuters ដោយរម្លឹកពីការប្រែប្រួលនៃជីវិតរបស់លោកក្រោយឈានជើងចូលឆាកនយោបាយ។ អ្វីដែលគួរឲ្យភ្ងាក់ផ្អែកនោះគឺ លោកសារភាពថា លោកនឹកជិវិតនិងសកម្មភាពលោកធ្លាប់ធ្វើកាលពីមុន។
សេដ្ឋីអចលនទ្រព្យក្លាយជាប្រធានាធិបតីអាមេរិកនេះហាក់ជាបង្ហាញឲ្យគ្រប់គ្នាឃើញថា លោកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ធ្វើជាបុរសរដ្ឋដែលដឹកនាំមហាអំណាចទីមួយរបស់ពិភពលោកនោះឡើយ។
ក្នុងបទសម្ភាសនោះ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹករលឹកពេលបើកឡានខ្លួនឯង ហើយបច្ចុប្បន្នលោកមានអារម្មណ៍ដូចជាខ្លួនស្ថិតក្រោមការឃុំឃាំង ថែមទាំងមានអារម្មណ៍ថា ការងារថ្មីជាប្រធានាធិបតីនេះលំបាកខ្លាំងខុសពីការគិតរបស់លោកកាលមុន។
«ខ្ញុំស្រលាញ់ជីវិតពីមុន។ ខ្ញុំមានការងារច្រើនដែលត្រូវធ្វើ។ ឥឡូវនេះការងារមានច្រើនជាងជីវិតពីមុនទៅទៀត។ ខ្ញុំធ្លាប់គិតថា ធ្វើជាប្រធានាធិបតីដូចជាស្រួលជាង»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ។
លោក ដូណាល់ ត្រាំ បានសារភាពប្រាប់ថា លោកហាក់មិនទាន់ទម្លាប់នឹងជីវិតជាប្រធានាធិបតីដែលត្រូវទទួលបានការការពារយ៉ាងតឹងតែងក្នុងពេល ២៤ម៉ោង ដោយវាមិនខុសពីនៅក្នុងសំបុកឡើយ។
«ខ្ញុំចូលចិត្តបើកឡាន។ ប៉ុន្តែខ្ញុំមិនអាចបើកឡានដោយខ្លួនឯងបានទៀតឡើយ។ អ្នកប្រៀបដូចជាកំពុងស្ថិតនៅក្នុងសំបុក្រតូចមួយ ព្រោះអ្នកទទួលបានការងារតឹងរ៉ឹងបំផុតរហូតដល់អ្នកមិនអាចទៅណាបានទាំងអស់»។
ដូណាល់ ត្រាំ មិនធ្លាប់កាន់កាប់តំណែងសាធារណៈកាលពីមុនមកឡើយ។ តួនាទីជាប្រធានាធិបតីជាតំណែងសាធារណៈដំបូងបំផុតដែលលោកកាន់កាប់ក្រោយឈ្នះឆ្នោតកាលពីថ្ងៃ ៨វិច្ឆិកាឆ្នាំ ២០១៦កន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com