ជាតិ
ការចូល​បំភ្លឺ​របស់​តំណាងរាស្ត្រ តាម​ដីកាកោះ នឹងមិន​ធ្វើ​ឲ្យ​រឿង​វែងឆ្ងាយ​ដូច​ប្រធាន​ខ្លួន​ឡើយ​
29, Apr 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប គឺ​លោកស្រី មូរ សុខ​ហួរ និង លោក ឡុង រី បាន​រួច​ផុតពី​ក្តីក្តាំ​នៅ​តុលាការ មួយគ្រា​ហើយ បន្ទាប់ពី​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា ជុំវិញ​សំណុំរឿង​របស់លោក ជុន ច័ន្ទ​បុត្រ​។ តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង​២ មិន​ត្រូវបាន​ចោទប្រកាន់​អ្វី​ឡើយ នៅក្នុង​សំណុំ​រឿងនេះ​។​


 
​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ រួមទាំង​លោក ឡុង រី ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នោះ ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហៅ​ទៅ​សាកសួរ ក្នុងនាម​ជា​សាក្សី ជុំវិញ​សំណុំរឿង​របស់លោក ហួត ឃី​ន​វុទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា​។ ការ ដែល​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី ក្លាយជា​សាក្សី​ក្នុង​សំណុំ​រឿងនេះ គឺ​ដោយសារតែ​ពួកគាត់ បាន​នាំ​លោក ជុន ច័ន្ទ​បុត្រ ទៅជា​មួយ ពេល​ចូលជួប​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​។

លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី មិនបាន​ជំទាស់​នឹង​ដីកាកោះ​របស់​ព្រះរាជអាជ្ញា នោះទេ​។ លោក ឡុង រី បាន​ចូលទៅ​បំភ្លឺ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​។ ចំណែកឯ លោកស្រី មូរ សុខ​ហួរ បាន​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧​នេះ​។​

ក្រោយ​ចាក​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី មូរ សុខ​ហួរ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការចូល​បំភ្លឺ​នេះ គឺជា​កាតព្វកិច្ច​របស់​លោកស្រី ដែល​ត្រូវ​ធ្វើតាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​។ លោកស្រី និយាយ​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​ចម្លើយ​របស់ខ្ញុំ​ទាំង​ប៉ុន្មាន គឺ​ខ្ញុំ​និយាយ​ការពិត​»​។

ចំណែកឯ លោក ឡុង រី មិនបាន​ផ្តល់​បទ​សម្ភា​ស​ដល់​ក្រុម​អ្នកសារព័ត៌មាន​ឡើយ ទាក់ទង​ការចូល​បំភ្លឺ​របស់លោក​។

លោក សំ សុ​គង់ ដែលជា​មេធាវី​ប្រឹក្សា​ផ្លូវច្បាប់​របស់លោក​ស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី ត្រូវបាន​ព្រះរាជអាជ្ញា សួរនាំ​ក្នុងនាម​ជា​សាក្សី ជុំវិញ​រឿងក្តី​របស់លោក ជុន ច័ន្ទ​បុត្រ ដែល​បាន​ចូលទៅ​ជួប​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។ លោក​មេធាវី បន្តថា កាតព្វកិច្ច​របស់លោក​ស្រី មូរ សុខ​ហួរ និង​លោក ឡុង រី ក្នុងនាម​ជា​សាក្សី គឺ​ឆ្លើយ​នូវ​អ្វី ដែល​បានឮ បាន​ជួប និង​បានឃើញ ចំពោះ​ហេតុការណ៍​ខាងលើ​។

យ៉ាងណា លោក សំ សុ​គង់ មិនអាច​បញ្ជាក់​បានទេ​ថា សំនួរ​អ្វីខ្លះ ដែល​ព្រះរាជអាជ្ញា តាំង​ឡើង ហើយ​ចម្លើយ​ដូចម្តេច ដែល​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បានផ្តល់​ឲ្យ​។ លោក​មេធាវី​រូបនេះ បាន​លើក​ហេតុផល​ដូច្នេះ​ថា​៖«​ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ស៊ើបអង្កេត​បឋម​។ បើកាលណា​យើង យក​ចម្លើយ យក​អង្គហេតុ មក​និយាយ​នៅពេលនេះ គឺ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេតរ​បស់​ព្រះរាជអាជ្ញា​។ អ៊ីចឹង ខ្ញុំ​សុំ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​ទេ​»​។

ការសម្រេចចិត្ត ក្នុងការ​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​បានផ្តល់​ផល​ល្អ​ចំពោះ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី​។ ក្រោយ​ការចូលទៅ​បំភ្លឺ អ្នក​ទាំងពីរ មិន​ត្រូវបាន​ព្រះរាជអាជ្ញា ធ្វើការ​ចោទប្រកាន់​អ្វី​នោះទេ​។

ក្នុងដំណាក់កាល​នេះ គេ អាច​និយាយបានថា លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​រួច​ផុតពី​សំណុំរឿង​របស់លោក ជុន ច័ន្ទ​បុត្រ មួយគ្រា​ហើយ​។ ប៉ុន្តែ ត្រង់​ដែលថា តុលាការ អាច​នឹង​កោះហៅ​ពួកគាត់ ឲ្យ​ចូលទៅ​ធ្វើជា​សាក្សី​នៅលើ​ក​ក្រោយ​ទៀត​នោះ នៅ​មិនទាន់​ដឹង​ទេ​។​

ផ្ទុយ​ទៅមក​វិញ ប្រសិនបើ លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី មិនបាន​ចូលទៅ​បំភ្លឺ​តាម​ដីកាកោះ ពួកគាត់ អាច​នឹង​ជួប​បញ្ហា​កាន់តែ​ស្មុគស្មាញ​ជាង​នេះ ក៏​ថា​បាន​។ ប្រសិនបើ​មិន​ចូល ព្រះរាជអាជ្ញា អាច​នឹង​ចោទ​ពួកគាត់ ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។

មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​រាល់​បុគ្គល​ណា​ដែល​ត្រូវបាន​កោះហៅ​ឲ្យ មក​ឆ្លើយ ជា​សាក្សី​នៅមុខ​អយ្យការ  ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន តាម​ដីកា​កោះហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​១​លាន​រៀល​»​។

បទពិសោធ​បែបនេះ ធ្លាប់​កើតឡើង​ម្តង​រួចទៅហើយ លើ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៦​។ កាលពី​នោះ ឯកឧត្តម កឹម សុខា នៅ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ ចាត់ទុកថា ជា​បទល្មើស​ជាក់ស្តែង​។ ការរង​បទល្មើស​នាកាល​នោះ គឺ​ដោយសារ​ឯកឧត្តម កឹម សុខា បាន​បដិសេធ​ដល់​ទៅ​២​ដង ក្នុងការ​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះ​រឿងក្តី​មួយ​។

ដូច្នេះ វា ជាការ​ល្អ ដែល​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី មិនបាន​ប្រឆាំងនឹង​ដីកាកោះ​របស់​ព្រះរាជអាជ្ញា នៅក្នុង​ដំណាក់កាល​នេះ​។ 

ដោយឡែក លោក ជុន ច័ន្ទ​បុត្រ ដែលជា​ជនសង្ស័យ នៅក្នុង​សំណុំ​រឿងនេះ ត្រូវបាន​ព្រះរាជអាជ្ញា ចេញ​ដីកា​ឲ្យ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​។ យ៉ាងណា រហូតមកដល់​ពេលនេះ លោក ជុន ច័ន្ទ​បុត្រ មិនទាន់​សម្រេចចិត្ត​ឲ្យ​ច្បាស់​នោះទេ ថា​នឹង​ចូលទៅ​បំភ្លឺ តាម​ដីកាកោះ ឬ​យ៉ាងណា​។

នៅក្នុង​ដីកាកោះ ព្រះរាជអាជ្ញា បានចាត់ទុក​លោក ជុន ច័ន្ទ​បុត្រ​ថា ជា​ជនសង្ស័យ ក្នុង​ដំណើររឿង «​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ព​ន្ធា​គារ​» បន្ទាប់ពី​លោក បានរួម​ដំណើរ​ជាមួយនឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ចូលទៅ​ជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។ សមត្ថកិច្ច និង​តុលាការ យល់ថា សកម្មភាព​របស់លោក ជុន ច័ន្ទ​បុត្រ គឺជា​ការបន្លំ​ខ្លួន ដោយ​ខុសច្បាប់ ដើម្បី​បាន​ចូលទៅ​ជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។​

មាត្រា​៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា​៖«​អំពើ​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក​ដល់​រាជការ​សាធារណៈ ដើម្បី​ទទួលបាន​វិភាជន៍ ការបើកប្រាក់ ឬ អត្ថ​ប្រ​យោ​ជម៍​ដោយ​ខុសច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ទ​នាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល​»៕


© រក្សាសិទ្ធិដោយ thmeythmey.com