ជាតិ
ក្រោយ​ក្រសួង​សម្រេច​ពិន័យ​១​ឆ្នាំ ឈ្មោះ ដេ​នី ក្វាន់ ល្បី​ពេញ​បណ្តា​ព័ត៌មាន​អន្តរជាតិ
30, Apr 2017 , 12:04 pm        
រូបភាព
ដោយ: រួបរួម
​កន្លងមក រូបថត​ស៊ិ​ច​ស៊ី​របស់​តារា​សម្តែង ដេ​នី ក្វាន់ ល្បីល្បាញ​តែ​តាម​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក ឬ​ទាក់ទាញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន ឈ្មោះ​របស់​តារា​ស៊ី​ច​ស៊ី​រូបនេះ កំពុង​ខ្ទរខ្ទា​ពេញ​បណ្តា​ព័ត៌មាន​អន្តរជាតិ ជាពិសេស​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​និយម​អាន​ព័ត៌មាន​តារា​។



​គ្រាន់តែ​ចូលទៅ​កាន់ Google ហើយ​សរសេរ​ឈ្មោះ «Denny Kwan» និង​ចុច Search លោក​អ្នកនឹង​បានឃើញ​ព័ត៌មាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទាក់ទង​នឹង​តារា​ស៊ិ​ច​ស៊ី​កម្ពុជា ដេ​នី ក្វាន់​។ ព័ត៌មាន​ដែលមាន​សរសេរ​ជាច្រើន​ភាសា រៀបរាប់​ពី​បម្រាម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិន​ឲ្យ​តារា​វ័យ​២៤​ឆ្នាំ​រូបនេះ សម្តែង​គ្រប់​ទម្រង់​សិល្បៈ​រយៈពេល​ពេញ​១​ឆ្នាំ​។​



​ដេ​នី ក្វាន់ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិនិត្យឃើញថា ស្លៀកពាក់​ស៊ិ​ច​ស៊ី​ហួសហេតុ និង​ធ្លាប់បាន​ណែនាំ​ម្តង​រួចទៅហើយ​។ ប៉ុន្តែ​តារា​ស្រស់ស្អាត​រូបនេះ នៅតែ​បន្តសកម្មភាព​របស់ខ្លួន ជាពិសេស​តាមរយៈ​ការ Live Video នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​គណនី​ផ្លូវការ​របស់ខ្លួន​។​

​នា​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​២៥ ខែមេសា លោក ចំរើន វ៉ាន់ដា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​ជា​អនុប្រធាន​លេខាធិការ​ក្រុមប្រឹក្សាវិន័យ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើង​ពី​ចំណុច​សំខាន់ៗ រួមមាន ការសម្រេច​ដាក់ពិន័យ ដេ​នី ក្វាន់ ១​ឆ្នាំ​មិន​ឲ្យ​សម្តែង​គ្រប់​សកម្មភាព​សិល្បៈ​ទាំងអស់​។​



​បន្ថែម​ពីលើ​នេះ ទីប្រឹក្សា​ក្រសួង​វប្បធម៌ បាន​ក្រើនរំលឹក​ដល់​សមាគម​សិ​ល្បៈ​ទាំងអស់​រៀបចំ​ឲ្យ​មាន​ឯកសារ​ច្បាស់លាស់​ដើម្បី​បញ្ជា​ក់មក​ក្រសួង​ពី​សមាជិក​របស់ខ្លួន ដើម្បី​ជៀសវាង​ករណី​ដូច ដេ​នី ក្វាន់ ហើយ​ការជ្រើសរើស​តារា​សម្តែង​គួរ​ជ្រើសរើស​តាម​សមាគម​សិល្បៈ​នីមួយៗ​ដែលមាន​ស្រាប់​។ ជាមួយគ្នានេះ​ផងដែរ ក្រុមប្រឹក្សាវិន័យ​សំណូមពរ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​គោរព​តាម​ការសម្រេច​របស់ខ្លួន ដោយ​បដិសេធ​ផ្តល់​ទិដ្ឋាការ​ក្នុង​ការថត​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​សិល្បៈ​ដែល​ទាក់ទង​នឹង​ដេ​នី ក្វាន់​។​



​កាសែត The Sun និង Daily Mail ដ៏​ល្បីល្បាញ បានសរសេរថា តារា​សម្តែង​ម្នាក់​របស់​កម្ពុជា ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ថត​ភាពយន្ត​ពេញ​១​ឆ្នាំ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ផ្នែក​វប្បធម៌​មើលឃើញថា នាង​មាន​ភាព​ស៊ិ​ច​ស៊ី​ខ្លាំងពេក​។

​សារព័ត៌មាន indy100 ដែលជា​ផ្នែក​របស់ The Independent បានដាក់​រូប​ធំៗ​ពីរ​សន្លឹក​របស់ ដេ​នី ក្វាន់ ដោយ​សរសេរ​ចំណងជើង​ថា «​តារា​កម្ពុជា​រូបនេះ ត្រូវបាន​ហាមឃាត់​ថត​ភាពយន្ត ដោយសារតែ​ស៊ិ​ច​ស៊ី​ជ្រុល​ពេក​»​។ អត្ថបទ​មួយ​នេះ ស្ថិតនៅ​លំដាប់​ទី​៤១​ក្នុងចំណោម​អត្ថបទ​ចំនួន​១០០​របស់ indy100​។​



​សារព័ត៌មាន RT របស់​រុស្ស៊ី ក៏​ចាប់អារម្មណ៍​លើ​ប្រធានបទ​មួយ​នេះ​ផងដែរ​។ ក្រៅពីនោះ មាន​វែបសាយ​ជាច្រើន​ទៀត ដែល​សរសេរ​ជា​ភាសា​ផ្សេងគ្នា​នាំគ្នា​ផ្តោតលើ​ព័ត៌មាន​ដែល​ទាក់ទង​នឹង Denny Kwan ដោយ​ដកស្រង់​ប្រភពពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​ខាំ​បូ​ឌៀ​ដេលី​។ វែបសាយ​ទាំងនោះ​មានដូចជា Daily Bhaskar, Daily Star, Information Nigeria, NextShark, Samayam Telugu, CNN Greece, Meydyanhaber, Vatan, Haber Veli, AS Chile, Diario de Noticias, Huffington Post, VnExpress, Tempo ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com