ជាតិ
អ្នកកាសែត​អាមេរិក នឹង​បង្ហាញ​រូបថត​សំខាន់ៗ មួយឆ្នាំ​ក្រោយ​ដួលរលំ​របប ប៉ុល ពត
01, May 2017 , 12:25 pm        
រូបភាព
ដោយ:
​អតីត​អ្នកកាសែត Washington Post លោក John Burgess បាន​សហការ​ជាមួយ អង្គការ Anjali House រៀបចំ​ការតាំង​ពិ​ព័រណ៌​រូបភាព មួយឆ្នាំ​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ដើម្បី​រម្លឹក​ឡើងវិញ​។



«​ការធ្វើ​ឲ្យ​នឹកឃើញ​កម្ពុជា​ឡើងវិញ មួយឆ្នាំ​ក្រោយ​របប ប៉ុល ពត​» គឺជា​ប្រធានបទ​នៃ​ការតាំង​ពិ​ព័រណ៌​រូបថត របស់​អតីត​អ្នកកាសែត​ជនជាតិ​អាមេរិក លោក John Burgess ។ ការតាំង​ពិ​ព័រណ៌​រូបថត ដែល​សហការ​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា  នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ១៧ ខែឧសភា នៅ​ភោជនីយដ្ឋាន Footprint Café  ខេត្តសៀមរាប​។



​ផ្ទាំង​រូបថត​ជាច្រើន ដែល​នឹងត្រូវ​ដាក់តាំង​ពិ​ព័រណ៌​នោះ បង្ហាញ​អំពី​របៀប​រស់នៅ និង​ការរៀបចំ​នូវ​ជីវិត​ឡើងវិញ​របស់​ប្រជាជន​ខ្មែរ ក្រោយពី​ឆ្លងកាត់​ភ្លើងសង្គ្រាម​ក្នុង​របប​ខ្មែរក្រហម​រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ​។​



​លោក John Burgess អតីត​អ្នកកាសែត Washington Post បាន​មកដល់​ភ្នំពេញ នៅ​ខែមេសា ឆ្នាំ ១៩៨០ ពោលគឺ​មួយឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួលរលំ នៅ​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។ បើតាម​សេចក្តីជូនដំណឹង​របស់​អង្គការ Anjali House និង​ស្ថានទូត​អាមេរិក លោក John Burgess គឺជា​អ្នកកាសែត​អាមេរិក​ទី ១ ដែល​ទទួលបាន​ទិដ្ឋាការ​ផ្នែក​យក​ព័ត៌មាន​នៅ​កម្ពុជា ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ថ្មី​(​រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​) ក្រោយ​របប ប៉ុល ពត បាន​ដួលរលំ​។ ក្នុង​រយៈពេល​ជាង ២ សប្តាហ៍​នៅ​កម្ពុជា​កាលនោះ លោក John Burgess បាន​យក​ព័ត៌មាន​នៅ​រាជធានី និង​បានធ្វើ​ដំណើរ​តាម​រថយន្ត​ជុំវិញ​បឹង​ទន្លេសាប ដោយ​ឈប់​ស្នាក់នៅ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។



                                                 លោក John Burgess 

​ពិធី​សម្ពោធ​ពិ​ព័រណ៌​រូបថត នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៣ ខែឧសភា នៅ​ខេត្តសៀមរាប ដោយ​អ្នកចូលរួម​ត្រូវ​បង់ថ្លៃ ១០ ដុល្លារ​។ អ្នកស្រី Nancy Barrett អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ  Anjali House បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថវិកា ១០ ដុល្លារ​នេះ សម្រាប់​ជួយ​ដល់​អង្គការ Anjali House ដែលជា​អង្គការ​ផ្តល់​ការអប់រំ​ដល់​ប្រជាជន​កម្ពុជា​។ ចំណែក​អំឡុងពេល​តាំង​ពិរ​ព័រណ៌​រូបថត​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ១៧ ខែឧសភា មិន​តម្រូវ​ឲ្យ​អ្នកចូលរួម​ទស្សនា​បង់ថ្លៃ​នោះទេ​។






Tag:
 ខ្មែរក្រហម​
  ពិ​ពណ៌​រូបថត​
  អង្គការ Anjali House
© រក្សាសិទ្ធិដោយ thmeythmey.com