ជាតិ
មេធាវី ប្តឹងទៅ​ឧទ្ធរណ៍ ដើម្បី​ជំទាស់​សាលាដំបូង ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ៦​ខែ​ទៀត​
01, May 2017 , 5:14 pm        
រូបភាព
​ភ្នំពេញ​៖ ដោយ​មិន​សុខ​ចិត្តនឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​ទៀត ក្រុម​មេធាវី ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​។ មេធាវី​របស់​មន្ត្រី​អាដហុក បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​រួចហើយ ដើម្បី​សុំ​ជំ​ទស់​នឹង​រឿងនេះ​។ ដោយឡែក មេធាវី​របស់​មន្ត្រី​គ​.​ជ​.​ប នៅ​មិនទាន់​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ នោះទេ​។



​ក្រុម​មេធាវី ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​៤​រូប បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​រួចហើយ ដើម្បី​ប្រឆាំងនឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជ​ភ្នំពេញ ដែល​បន្ត​ឃុំ​កូនក្តី​របស់​ពួកគេ​ចំនួន​៦​ខែ​បន្ថែមទៀត ទាក់ទង​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​របស់​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​កំពុង​ជាប់ឃុំ ក្នុង​សំណុំរឿង​តែមួយ ជាមួយនឹង​មន្ត្រី​អាដហុក​។

​ប៉ុន្តែ លោក សំ សុ​គង់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​លោក​ផ្ទាល់ ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​គ​.​ជ​.​ប មិនទាន់​បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។ លោក គ្រាន់តែ​បញ្ជាក់ថា លោក នឹងធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន​។

​កន្លងមក លោក សំ សុ​គង់ ធ្លាប់​និយាយថា ការបន្ត​ឃុំខ្លួន​ដ៏​យូរ​បែបនេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​។ លោក ធ្លាប់​លើកឡើង​ទៀតថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា រួមទាំង​ស​ទ្ធិ​សញ្ញា​អន្តរជាតិ​នានា បានចែង​អំពី​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ ដែល​ត្រូវ​ទទួលបាន​ការជំនុំជម្រះ​ដោយ​ឆាប់រហ័ស​។​

​បើ​គិត​រហូតមក​ដល់ពេលនេះ មន្ត្រី​អាដហុក​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​ង​នៃ​គ​.​ជ​.​ប គឺ​លោក នី ចរិយា បាន​ជាប់ឃុំ​អស់​រយៈពេល​១​ឆ្នាំ​ហើយ​។ ក្រោយ​ជាប់ឃុំ​អស់​រយៈពេល​១​ឆ្នាំ ចៅក្រម​ស៊ើបសួរ មិនបាន​លើកលែង​ការចោទប្រកាន់ ឬ​បញ្ជូន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទៅ​ជំនុំជម្រះ នោះទេ​។ ផ្ទុយទៅវិញ ចៅក្រម​ស៊ើបសួរ បានកំណត់​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ជាប់ឃុំ​ជា​បណ្តោះអាសន្ន​ចំនួន ៦​ខែ​បន្ថែមទៀត ដោយ​លើក​ហេតុផល​ថា ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿងនេះ នៅ​មិនទាន់មាន​លក្ខណៈ​ពេញលេញ​។ 

​សូមបញ្ជាក់ថា មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចៅក្រម​ស៊ើបសួរ យកទៅ​ឃុំ​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​។ មន្ត្រី​អាដហុក រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕


Tag:
 អាដហុក​
  គជប​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com