ជាតិ
តុលាការ​បញ្ជា​នគរបាល​យុត្តិធម៌​ប្រើ​កម្លាំង​បង្ខំ​លោក ជុន ច័ន្ទ​បុត្រ ឲ្យ​ចូល​បង្ហាញខ្លួន​
02, May 2017 , 4:32 pm        
រូបភាព
លោក ឌុន វិបុល មេធាវីរបស់លោក ជុន ច័ន្ទបុត្រ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ជុំវិញករណី ដែលលោក ជុន ច័ន្ទបុត្រ មិនចូលបំភ្លឺតាមដីកាកោះ។
លោក ឌុន វិបុល មេធាវីរបស់លោក ជុន ច័ន្ទបុត្រ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ជុំវិញករណី ដែលលោក ជុន ច័ន្ទបុត្រ មិនចូលបំភ្លឺតាមដីកាកោះ។
​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  បានចេញ​ដីកា​បញ្ជា​ឲ្យ លោក ជុន ច័ន្ទ​បុត្រ ចូលខ្លួន​ដើម្បី​យកទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ លោក ជុន ច័ន្ទ​បុត្រ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅដល់​សហរដ្ឋអាមេរិក​ហើយ​។



​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​ឲ្យ លោក ជុន ច័ន្ទ​បុត្រ ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ហួត វុទ្ធី នាយករង​នៃ​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​។ ដីកា​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​លោក ជុន ច័ន្ទ​បុត្រ មក​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ដំណើររឿង ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ព​ន្ធា​នាគា​»​។

​ការចេញ​ដីកា​ខាងលើ គឺធ្វើឡើង​ក្រោយពី​លោក ជុន ច័ន្ទ​បុត្រ មិន​ព្រម​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា តាម​កាលកំណត់​។ តាម​អំណាច​នៃ​ដីកា​នេះ មន្ត្រីនគរបាល​យុត្តិធម៌​អាច​ប្រើប្រាស់​កម្លាំង​សាធារណ​ដើម្បី​បង្ខំ​បុគ្គល​ឲ្យ​ចូល​បង្ហាញខ្លួន​។​

​ក្រោយ​ព្រះរាជអាជ្ញា ចេញ​ដីកា​កោះហៅ លោក ជុន ច័ន្ទ​បុត្រ ក៏បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ លោក ឌុល វិបុល មេធាវី​របស់លោក ជុន ច័ន្ទ​បុត្រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន លោក ជុន ច័ន្ទ​បុត្រ កំពុងតែ​ស្ថិតនៅ​សហរដ្ឋអាមេរិក​។

​ព្រះរាជអាជ្ញា មិន​ត្រឹមតែ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​លោក ជុន ច័ន្ទ​បុត្រ ប៉ុណ្ណោះ​ទេ តែ​ក៏​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ផ្សេងទៀត​ផងដែរ ជុំវិញ​ដំណើរ​រឿងក្តី​នេះ​។ ព្រះរាជអាជ្ញា បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​លោក ជុន ច័ន្ទ​បុត្រ បាន​ជូនដំណឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​ការចាកចេញ​ទៅ​បរទេស ហើយនឹង​ត្រឡប់មកវិញ ដើម្បី​បង្ហាញខ្លួន​តាម​កាលបរិច្ឆេទ​។ ប៉ុន្តែ ជនសង្ស័យ​រូបនេះ មិនបាន​បង្ហាញខ្លួន​តា​ម​កាលកំណត់ ដែល​បាន​សន្យា​ឡើយ​»​។​

​វិទ្យុ​អាស៊ីសេរី ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់លោក ជុន ច័ន្ទ​បុត្រ ទើប​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​គេចចេញ​ពី​ចំណាត់ការ​របស់​តុលាការ​។ វិទ្យុ​អាស៊ីសេរី អះអាង​ដូច្នេះ នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​នេះ​។

​ហេតុផល​មួយទៀត ដែល​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល គឺ​វិទ្យុ​អាស៊ីសេរី យល់ថា អាជ្ញាធរ ហាក់​ចង់យក​ករណី​លោក ជុន ច័ន្ទ​បុត្រ ធ្វើជា​រឿង​នយោបាយ ខណៈ​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ កាន់តែ​ខិតជិត​មកដល់​។ លើសពីនេះ សេចក្តីថ្លែងការណ៍​នោះ ក៏បាន​បញ្ជាក់ទៀតថា វិទ្យុ​អាស៊ីសេរី មិន​ជឿ​លើ​តុលាការ​កម្ពុជា ដែល​នឹង​ដោះស្រាយ​ករណី​លោក ជុន ច័ន្ទ​បុត្រ ដោយ​យុត្តិធម៌ នោះទេ​។

​ការ​ក្លាយជា​ជនសង្ស័យ​នៅក្នុង​ដំណើររឿង​ខាងលើ គឺ​ដោយសារតែ​លោក ជុន ច័ន្ទ​បុត្រ ចូលទៅ​ជួប​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ព​ន្ធា​នាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​។ សកម្មភាព​របស់លោក ជុន ច័ន្ទ​បុត្រ ត្រូវបាន​សមត្ថកិច្ច និង​តុលាការ ចាត់ទុកថា ជាការ​បន្លំ​ខ្លួន​ទាំង​បំពាន​ច្បាប់ ក្នុងការ​ចូលទៅ​ជួប​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។

​អ្នក ដែល​នាំ​លោក ជុន ច័ន្ទ​បុត្រ ទៅជា​មួយ ពេល​ចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ក្នុង​ព​ន្ធា​គារ​ព្រៃ​ស គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាងរាស្ត្រ​ទាំងពីរ​រូបនេះ បាន​ចូលទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​រួចហើយ ជុំវិញ​ដំណើររឿង​ខាងលើ​។ យ៉ាងណា ពួកគាត់​ទាំងពីរ​រូប មិនបាន​រង​បទ​ចោទ​អ្វី​ឡើយ​៕ 


Tag:
 ជុន ច័ន្ទ​បុត្រ​
  តុលាការ​
  ចាប់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com