ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងទៅកាន់គណបក្សសង្គ្រោះជាតិវិញក្នុងន័យវិជ្ជមាន ក្រោយពិនិត្យចប់សព្វគ្រប់នូវលក្ខន្តិកៈថ្មីរបស់គណបក្សនេះ ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមហាផ្ទៃ បានឆ្លើយតបទៅកាន់គណបក្សសង្គ្រោះជាតិរួចហើយ នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ទាក់ទងនឹងលក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ។ លិខិតដែលសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែចុះហត្ថលេខាផ្ញើគណបក្សសង្គ្រោះជាតិនោះ បានឆ្លើយតបថា «ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ» ។ នេះបើតាមលោក ខៀវ សុភ័គ ។
តែយ៉ាងណាលោក ខៀវ សុភ័គ មិនទាន់អាចបកស្រាយថាឃ្លាខាងលើនេះ ក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខនិ្តកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ឬយ៉ាងណាឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ និយាយដូច្នេះថា៖«ខ្ញុំ មិនហ៊ាននិយាយថាទទួលស្គាល់ នោះទេ។ គ្រាន់តែថា បើកាលណាយើង ជួនដំណឹងវិញថា បានទទួលរួចហើយ គឺមានន័យថា លក្ខន្តិកៈហ្នឹង គឺមិនមានកំហុសឆ្គងអ្វីទេ»។
លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនទាន់ហ៊ានបកស្រាយអ្វីឡើយ ចំពោះបញ្ហាខាងលើ ដោយលោកអះអាងថា មិនទាន់បានទទួលលិខិតជូនដំណឹង ពីក្រសួងមហាផ្ទៃ នៅឡើយទេ ។ លោក បញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«ខ្ញុំ ឥតទាន់បានទទួលទេ មកដល់ពេលហ្នឹង។ ចាំមើលខ្ញុំ បានទទួល ហើយពិនិត្យមើលជាមុនសិន ទើបដឹងថា ក្រសួងមហាផ្ទៃ ទទួលស្គាល់ ឬយ៉ាងម៉េច»។
លិខិតក្រសួងមហាផ្ទៃ បានសរសេរផ្ញើទៅគណបក្សសង្គ្រោះជាតិ ដោយបញ្ជាក់ខ្លឹមសារដូច្នេះថា៖ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតរបស់គណបក្សសង្គ្រោះជាតិ ដូចមានចុះក្នុងយោងខាងលើ ពាក់ព័ន្ធនឹងសំណើសុំតម្កល់លក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ដែលសមាជវិសាមញ្ញ គណបក្សបានធ្វើវិសោធនកម្មលើប្រកា៤៧(ថ្មី) ទៅជាប្រកា៤៧ថ្មី (មួយ) និងបានអនុម័តកែតម្រូវលេខរៀងជំពូកទី១០ ទៅជាជំពូកទី៩វិញ»។ ប៉ុន្តែបើពិនិត្យលើន័យនេះ ក្រសួងមហាផ្ទៃទំនងចង់បង្ហាញន័យវិជ្ជមានប្រាប់ទៅគណបក្សសង្គ្រោះជាតិ ថាលក្ខន្តិកៈថ្មីនេះមិនមានបញ្ហាដូចមុនឡើយ។
ប្រសិនបើ ក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ នោះគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមគិតគូរម្តងទៀត ពីការជ្រើសរើសអនុប្រធានគណបក្ស។
លោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលនោះ ធ្លាប់និយាយថា លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សសង្គ្រោះជាតិ តែមិនទាន់មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ អាចនឹងឈរឈ្មោះជាបេក្ខជនអនុប្រធានគណបក្សសង្គ្រោះជាតិដដែល។
កន្លងមក ក្រសួងមហាផ្ទៃ អះអាងថា គណបក្សសង្គ្រោះជាតិ ធ្វើខុសលក្ខន្តិកៈរបស់ខ្លួន ក្នុងការជ្រើសរើសអនុប្រធានគណបក្ស។ មូលហេតុនេះហើយ ទើបក្រសួងមហាផ្ទៃ មិនព្រមទទួលស្គាល់អនុប្រធានគណបក្សសង្គ្រោះជាតិទាំងបីរូប។
ដើម្បីបញ្ចៀសបញ្ហានេះ គណបក្សសង្គ្រោះជាតិ ក៏រៀបចំសមាជវិសាមញ្ញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីធ្វើវិសោធនកម្មលើលក្ខន្តិកៈ។ ក្រោយមក គណបក្សសង្គ្រោះជាតិ ក៏បញ្ជូនលក្ខន្តិកៈថ្មី ដែលបានធ្វើវិសោធនកម្មនៅក្នុងអង្គសមាជវិសាញ្ញ ទៅឲ្យក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ឡើងវិញ៕