ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សង្គ្រោះ​ជាតិ ធូរចិត្ត ក្រោយ​ដោះស្រាយ​បញ្ហា​រួចរាល់​ជាមួយ​មហាផ្ទៃ​
03, May 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានចាត់ទុក​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ត្រឹមត្រូវ​។ ក្រោយ​អស់​កង្វល់​រឿង​លក្ខន្តិកៈ​របស់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​បំពេញការងា​រ​ផ្នែក​នយោបាយ  ជាពិសេស​ការងារ ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​។



​នៅ​ទីបំផុត ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧​។ ការទទួលស្គាល់​នូវ​លក្ខន្តិកៈ​ថ្មី​នេះ គឺ​មានន័យថា បញ្ហា​រវាង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ​កន្លងមក ត្រូវបាន​បញ្ចប់​នៅក្នុង​ពេលនេះ​។​

​មួយរយៈ​ចុងក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មាន​កង្វល់​ច្រើន ដោយសារ​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់ លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ហេតុផល​តែមួយគត់ ដែល​ក្រសួងមហាផ្ទៃ លើកឡើង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​លក្ខន្តិកៈ ក្នុងការ​ជ្រើសរើស​អនុប្រធាន​។​

​លោក ប៉ុល ហំ​ម ប្រធាន​គណៈ​ក​ម្មា​ធិការ​នាយក និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទោះជា​កន្លងមក ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​អនុប្រធាន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ក៏ពិតមែន ប៉ុន្តែ​កិច្ចការ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ជាប់គាំង​នោះទេ​។ យ៉ាងណា លោក នៅតែ​យល់ថា ការទទួលស្គាល់​នូវ​លក្ខន្តិកៈ​ថ្មី​នេះ គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ដែល​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​កិច្ចការ​នយោបាយ បាន​ពេញលេញ ដោយ​មិនសូវខ្វល់ខ្វាយ​ដូច​មុន​។

​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​រឿង​ស្បើយ​ចិត្ត គឺ​ស្បើយ​ចិត្ត​ហើយ ពេល​យើង​អស់​បញ្ហា​បែបនេះ​។ កន្លងមក យើង ក៏​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​មាន​បញ្ហា ជាមួយ​ក្រសួងមហាផ្ទៃ​ដែរ​។ អ៊ីចឹងហើយ បានជា​យើង ប្រឹង​កែប្រែ​លក្ខន្តិកៈ ឲ្យ​ច្បាស់លាស់​តែម្តង​»​។

​លើ​ល​ពីនេះ លោក ប៉ុល ហំ​ម មើលឃើញ​ទៀតថា ការទទួលស្គាល់​នូវ​លក្ខន្តិកៈ​ថ្មី នឹង​ផ្តល់​ភាពងាយស្រួល​ដល់​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ជ្រើសរើស​អនុប្រធាន​គណបក្ស ឡើយ​វិញ​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់​បានទេ​ថា គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស នៅពេលណា​​។

​បើតាម​លោក ប៉ុល ហំ​ម ដដែល  បេក្ខជន​ឈរឈ្មោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែលជា មិន​ផ្លាស់ប្តូរ​ឡើយ នៅពេល​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​អនុប្រធាន នាពេលខាងមុខ​។ 

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំណាយ​ពេលវេលា​ច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​ក្រសួងមហាផ្ទៃ​។ លោក ធ្លាប់​លើកឡើង​ទៀតថា បញ្ហា​ដែល​កើតឡើង​ជាមួយនឹង​ក្រសួងមហាផ្ទៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ផ្នែក​ការបោះឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​គិតគូរ​។

​យ៉ាងណា ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ពិបាក​ទៀតឡើយ ក្នុងការ​ជ្រើសរើស​អនុប្រធាន​គណបក្ស ក្រោយពី​ក្រសួងមហាផ្ទៃ ទ​ទូល​ស្គាល់​លក្ខន្តិកៈ​ថ្មី​។ ម្យ៉ាងទៀត គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​ពេលវេលា​គ្រប់គ្រាន់​ដែរ ដើម្បី​គិតគូរ​ពី​កិច្ចការ​បោះឆ្នោត​៕


Tag:
 CNRP
  លក្ខន្តិកៈ​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com