ជាតិ
សិល្បះ
លោក ខៀវ កាញារីទ្ធ ចង់បាន​ភស្តុតាង​បន្ថែម​ជុំវិញ​ការពិន័យ ដេ​នី ក្វាន់
04, May 2017 , 3:11 pm        
រូបភាព
រូបថត កញ្ញា ដេនី ក្វាន់ ដែល​បង្ហោះលើ​ហ្វេសប៊ុក
រូបថត កញ្ញា ដេនី ក្វាន់ ដែល​បង្ហោះលើ​ហ្វេសប៊ុក
​លោក ខៀវ កាញារីទ្ធ ត្រូវការ​ភស្តុតាង​បន្ថែម ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជុំវិញ​ការហាមឃាត់​ឃាត់ តារា​សម្តែង  ដេ​នី ក្វាន់​។ ការឆ្លើយតប​បែបនេះ គឺ​បន្ទាប់ពី​ក្រសួង​វប្បធម៌ បាន​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ហាមឃាត់​ស្ថានីយ៍ទូរទស្សន៍ ឬ​អាជីវករ​ដែលមាន​មុខ​របរ​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ ផ្អាក​ទទួលយក កញ្ញា ដេ​នី ក្វាន់ ចូលរួម​សម្តែង​។



​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញ៉ា​រី​ទ្ធ  បានស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ថែម​ភស្តុតាង​ជុំវិញ​សំណើសុំ​កិច្ចសហការ​ពី​ក្រសួង​ព័ត៌មាន រឿង​ហាមឃាត់​ស្ថានីយ៍ទូរទស្សន៍ ឬ​អាជីវករ​ដែលមាន​មុខ​របរ​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ ផ្អាក​ទទួលយក កញ្ញា ដេ​នី ក្វាន់ ចូលរួម​សម្តែង​។

​លោក ខៀវ កា​ញ៉ា​រី​ទ្ធ បាន​បង្ហោះ​លិខិត​មួយច្បាប់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន អម​នឹង​សំណេរ​ដែលមាន​ខ្លឹមសារ​ដូច្នេះ ៖«​ខ្ញុំ​មិនដែល​ស្គាល់​នាង​ទេ ហើយក៏​មិន​ឈឺក្បាល រឿង​នាង​ស្លៀកពាក់​នៅក្រៅ​ឆាក​ដែរ តែ​ការហាមឃាត់​ការសំដែង​របស់​នាង ត្រូវមាន​ភស្តុតាង​ច្បាស់លាស់ (​ក្រោយ​ការណែនាំ​ហើយ​)»​។ 

​ដោយឡែក​នៅក្នុង​លិខិត​មួយច្បាប់​នោះ ក៏មាន​ចំណារ​របស់លោក រដ្ឋមន្ត្រី​ដែរ ដែល​បាន​ចោទសួរ​ទៅ​ក្រសួង​វប្បធម៌​ថា​៖ «​តើ​រឿង​ណាខ្លះ ឬ​ឆាក​ណាខ្លះ ដែល​នាង​បាន​រំលោភ​លើ​ការណែនាំ​របស់​ក្រសួង​វប្បធម៌​?»​។

​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​នៃ​ក្រមសីលធម៌​អ្នកសិល្បៈ កាលពី​ថ្ងៃទី​២៥ ខែមេសា បានសម្រេច​ពិន័យ​តារា​សម្តែង ដេ​នី ក្វាន់ មិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព​រាប់ទាំង​ការ       សម្តែង ថត​ភាពយន្ត ខារ៉ាអូខេ ស្ព៉​ត ការ​ច្រៀង​បង្ហាញមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាដើម រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា រហូតដល់​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៨ ។  ការហាមឃាត់​នេះ គឺ​ដោយសារ​ក្រសួង​វប្បធម៌ ចាត់ទុក​ការ​ស្លៀកពាក់ និង​ឥរិយាបថ នៅតាម​ព័ត៌មាន ឬ​ទីសាធារណៈ របស់​តារា​សម្តែង​រូបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ជាតិ​។​

​យ៉ាងណាក៏ដោយ​ការពិន័យ​របស់​ក្រសួង​វប្បធម៌ តារា​ស្រី​ស៊ិ​ច​ស៊ី​រូបនេះ មិន​ត្រឹមតែ​ចុះផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក ឬ​ទាក់ទាញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ ឈ្មោះ ដេ​នី ក្វាន់ ល្បី​ពេញបណ្តា​ព័ត៌មាន​អន្តរជាតិ ផង ជាពិសេស​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​និយម​អាន​ព័ត៌មាន​តារា​៕
 


Tag:
 ខៀវ កា​ញ៉ា​រី​ទ្ធ​
 ​ ដេ​នី ក្វាន់​
  ​ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com