ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ កំពុង​ពិនិត្យ​ករណី​ភាពយន្ត​ថៃ​មួយ យក​រូប​អង្គរវត្ត​ដាក់​Background
04, May 2017 , 9:39 pm        
រូបភាព
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​សិក្សា និង​ត្រួតពិនិត្យ​លើ​ការផ្សាយ​ភាពយន្ត​ថៃ​មួយ​មាន​ចំណងជើង​ថា​«​បារមី​នាគរាជ​» ដែលមាន​ភ្ជាប់​រូប​អម​ជា​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​។
​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ កំពុង​សិក្សា និង​ពិនិត្យ​លើ​ករណីនេះ​»​។



​ការឆ្លើយតប​នេះ គឺ​បន្ទាប់ពី​មានប្រតិកម្ម​ពី​សាធារណជន ដែល​បានលើកឡើង​នូវ​ក្តីបារម្ភ​ថា ការយក​រូប​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ទៅ​អម​នៅ​ផ្នែក​ខាងក្រោយ​(Background)​នៃ​តួ​សម្តែង​ក្នុង​ភាពយន្ត​បែបនេះ អាចធ្វើ​ឲ្យ​ពិភពលោក​យល់ច្រឡំ​។​

​ដ្បិត​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត ប៉ុន្តែ លោក ថៃ នរៈ​សត្យា បាន​អះអាងថា ខាង​ផលិតកម្ម​របស់​ថៃ​នោះ ចាំបាច់​ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​ជាមុនសិន មុននឹង​ផ្សព្វផ្សាយ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖« បើ​គេ​សុំច្បាប់​ហើយ គឺ​អត់​អី​ទេ ប៉ុន្តែ​បើ​អត់​ទេ គឺ​យើង​ទាមទារ​ឲ្យ​សុំ​ការអនុញ្ញាត​ជាមុនសិន ហើយ​យើង​ចង់​ឲ្យ​មានការ​បញ្ជាក់ថា​ហេតុអ្វី​បាន​ជាមាន​ករណីនេះ​? ហើយ​បើ​ការឆ្លើយតប​យ៉ាងណា​ទៀត យើង​ចាំមើល​ទៀត​»​។​

​បើ​ផ្អែ​តាម​ផ្ទាំង​ផ្សព្វផ្សាយ​ដដែល ភាពយន្ត នឹង​ចាក់​បញ្ចាំង​បញ្ចាំង​ឆាប់ៗ​នេះ នៅ​ទូរទស្សន៍​ថៃ ប៉ុស្ដិ៍​លេខ​៥  រៀងរាល់ថ្ងៃ​អង្គារ វេលា​ម៉ោង ២០:២០​នាទី ដល់​ម៉ោង ២១:២០ នាទី​យប់​៕


Tag:
 អង្គរវត្ត​
 ​ ភាពយន្ត​
 ​ ថៃ នរៈ​សត្យា​
© រក្សាសិទ្ធិដោយ thmeythmey.com