ជាតិ
លោក ផៃ ស៊ី​ផាន ថា ការបន្ត​ឃុំខ្លួន លោក នី ចរិយា គឺជា​សិទ្ធិ​របស់​តុលាការ​
04, May 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ ដែល​បន្ត​ឃុំ លោក នី ចរិយា ចំនួន​៦​ខែ​បន្ថែមទៀត​។ លោក យល់ថា ការបន្ត​ឃុំ​លោក នី ចរិយា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។ ប៉ុន្តែ​មេធាវី អះអាងថា ការបន្ត​ឃុំខ្លួន​ដ៏​យូរ​បែបនេះ គឺ​រំលោភសិទ្ធិ​របស់លោក នី ចរិយា​។


 
​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សម្តែង​មតិ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ជុំវិញ​ការបន្ត​ឃុំ​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​កំពុងតែ​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ តាមរយៈ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា ការបន្ត​ឃុំ​លោក នី ចរិយា ចំនួន​៦​ខែ​ទៀត គឺជា​នីតិវិធី​និង​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិនមាន​ស្ថាប័ន​ណាមួយ អាច​លូកដៃ​ចូល បានឡើយ​។  

​ម្យ៉ាងទៀត លោក ផៃ ស៊ី​ផាន សង្កេតឃើញថា ទោះជា​លោក នី ចរិយា ស្ថិតនៅក្នុង​ពន្ធនាគារ​ក៏ពិតមែន តែ​គ​.​ជ​.​ប នៅតែ​អាច​ដំណើរការ​និង​អាច​រៀបចំ​កិច្ចការ​បោះឆ្នោត បាន​ដដែល ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ​។

​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ សរសេរ​ដូច្នេះ​ថា​៖« (​ការបន្ត​ឃុំខ្លួន​នេះ​) ជា​នីតិវិធី និង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​គ្មាន​អ្នកណា​អាច​លូកដៃ​បានឡើយ​។ តាំងពី​អវត្តមាន លោក នី ចរិយា រាប់​ខែ​មក ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​គ​.​ជ​.​ប នៅតែ​ដំណើរការ​ជាធម្មតា ដែល​ផ្ទុយ​ពី​មតិ​ខ្លះ​សម្តែង​ការព្រួយបារម្ភ​ពី​ការប៉ះពាល់​ដល់​ការងារ​របស់​គ​.​ជ​.​ប​»​។

​ការលើកឡើង​របស់លោក ផៃ ស៊ី​ផាន ខាងលើ គឺ​ស្ទើរតែ​ផ្ទុយ​ទាំងស្រុង​ពី​ការលើកឡើង​របស់លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា​។ លោក​មេធាវី សំ សុ​គង់ ធ្លាប់​និយាយថា ការបន្ត​ឃុំខ្លួន​ដ៏​យូរ​បែបនេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់លោក នី ចរិយា ដែលជា​ជន​ត្រូវ​ចោទ​។ លោក​មេធាវី​រូបនេះ សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ស​ទ្ធិ​សញ្ញា​អន្តរជាតិ​នានា បានចែង​អំពី​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ ដែល​ត្រូវ​ទទួលបាន​ការជំនុំជម្រះ​ដោយ​ឆាប់រហ័ស​។

​កន្លងមក លោក សំ សុ​គង់ ក៏​ធ្លាប់​ស្នើ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ឲ្យ​បាន​ឆាប់រ​ហ័យ​ដែរ ដោយ​មិនគួរ​អូ​សប​ន្ថា​យ​ពេលវេលា​ដ៏​វែង ក្នុង​ការឃុំ​លោក នី ចរិយា នោះទេ​។ ប៉ុន្តែ សំណើ​របស់លោក​មេធាវី មិនបាន​ទទួលលទ្ធផល​វិជ្ជមាន ឡើយ​។

​មិនមែន​តែ​លោក នី ចរិយា នោះទេ  មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ បន្ត​ឃុំខ្លួន​ចំនួន​៦​ខែ​ទៀត ដែរ​។ រហូតមកដល់​ពេលនេះ មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ខាងលើ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ អស់​រយៈពេល​១​ឆ្នាំ​ហើយ​។

​មន្ត្រី​អាដហុក​ទាំង​៤​រូប បាន​រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប បាន​រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តាម​ការរក​ឃើ​របស់​តុលាការ អ្នក​ទាំង​៥​រូបនេះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 តុលាការ​
  នី ចរិយា​
  អាដហុក​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com