ជាតិ
នយោបាយជាតិ
ជិតបោះឆ្នោត ឯកឧត្តម កឹម សុខា ទៅស្វែងរកជំនួយផ្នែកថវិកា នៅសហរដ្ឋអាមេរិក
× ភ្នំពេញ៖ ថវិកា គឺជាផ្នែកមួយដ៏ចំបាច់ សម្រាប់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យកិច្ចការនានាទាក់ទងនឹងការបោះឆ្នោត ដំណើរទៅមុខ ដោយមិនមានបញ្ហាចោទកើតឡើង។ ប្រធានគណបក្សសង្គ្រោះជាតិ បានទៅបំពេញបេសកកម្ម នៅឯសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងរកការឧបត្ថម្ភផ្នែកថវិកា ដើម្បីយកមកចាយវាយក្នុងរដូវបោះឆ្នោត ក្នុងប្រទសកម្ពុជា នាពេលខាងមុខ។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងសហរដ្ឋអាមេរិកថា គណបក្សសង្គ្រោះជាតិ នឹងត្រូវចំណាយថវិការហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ទៅលើកិច្ចការងារបោះឆ្នោត។ អ្វីដែល ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់និងចង់សំដៅនោះ គឺការចំណាយទៅលើអ្នកសង្កេតការបោះឆ្នោត។
ក្នុងអំឡុងនៃបេសកកម្មនៅឯសហរដ្ឋអាមេរិក ឯកឧត្តម កឹម សុខា បានលើកឡើងនៅចំពោះមុខអ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ នឹងដាក់ពង្រាយអ្នកសង្កេតការបោះឆ្នោតប្រមាណជាង ៤ម៉ឺននាក់ នៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស ដើម្បីសង្កេតនិងឃ្លាំមើលដំណើរការនៃការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ឯកឧត្តម កឹម សុខា អះអាងថា គណបក្សសង្គ្រោះជាតិ នឹងចំណាយថវិកាជាង ២០ម៉ឺនដុល្លារ នៅលើអ្នកសង្កេតការបោះឆ្នោតជាង ៤ម៉ឺននាក់។
សម្រាប់ឯកឧត្តម កឹម សុខា ការដាក់ពង្រាយអ្នកសង្កេតបោះឆ្នោត គឺជាផ្នែកដ៏សំខាន់មួយ ដែលអាចការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ហាក់ចង់ស្នើឲ្យប្រជាពលរដ្ឋខ្មែរនិងអ្នកគាំទ្រ នៅឯសហរដ្ឋអាមេរិក ជួយគិតគូរពីបញ្ហានេះ តាមរយៈការគាំទ្រផ្នែកថវិកា ទោះជាមិនបាននិយាយចំៗក៏ពិតមែន។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បេសកកម្មរបស់ឯកឧត្តម កឹម សុខា នៅឯសហរដ្ឋអាមេរិក ក៏មានគោលបំណងស្វែងរកថវិកាខ្លះដែរ ដើម្បីយកមកគាំទ្រការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ជាពិសេសការផ្គត់ផ្គង់ដល់អ្នកសង្កេតការបោះឆ្នោត។ លោក និយាយដូច្នេះថា៖«បេសកកម្មរបស់គាត់ (ឯកឧត្តមកឹម សុខា) គឺដើម្បីជួបមន្ត្រីសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជា សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ជាដើម។ ក្រៅពីនេះ គាត់ ក៏បានជួបជាមួយនឹងសហគមន៍ខ្មែរយើងនៅទីនោះដែរ ដើម្បីស្វែងរកការគាំទ្រគំនិត គោលនយោបាយ រួមទាំងថវិកា។ នៅក្នុងប្រទេសកម្ពុជា យើងរកបានមួយចំនួនហើយ តែយើងនៅតែត្រូវមួយចំនួនបន្ថែបទៀត ពីប្រទេសក្រៅ»។
ឯកឧត្តម កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ឯកឧត្តម កឹម សុខា នឹងវិលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
ទាក់ទងការដាក់ពង្រាយអ្នកសង្កេតការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ក៏មានកញ្ចប់ថវិកាដែរ ដើម្បីចាយវាយលើបញ្ហានេះ។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់លើកឡើងកន្លងមក។
ប៉ុន្តែ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនទាន់កំណត់ឲ្យច្បាស់នោះទេ ថានឹងត្រូវចំណាយថវិកាប៉ុន្មាន លើអ្នកសង្កេតការបោះឆ្នោត។ លោក ធ្លាប់បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកសង្កេតការបោះឆ្នោតជាង ៤ម៉ឺននាក់ ពោលគឺស្មើនឹងគណបក្សសង្គ្រោះជាតិ ដែរ។
យ៉ាងណា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សដទៃទៀត មិនទាន់បានដាក់សំណើជាផ្លូវការ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំធ្វើជាអ្នកសង្កេតការបោះឆ្នោត នោះទេ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប អះអាងថា បច្ចុប្បន្ន គឺមានតែអង្គការជាតិចំនួន៨ និងអង្គការអន្តរជាតិចំនួន៤ប៉ុណ្ណោះ ដែលបានដាក់សំណើសុំធ្វើជាអ្នកសង្កេតការបោះឆ្នោត។ លោក អះអាងថា អង្គការជាតិ និង អង្គការអន្តរជាតិទាំងនោះ មានអ្នកសង្កេតការបោះឆ្នោតរបស់ខ្លួន ជាង២ម៉ឺននាក់៕
Tag:
កឹម សុខា
រកថវិកា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com