ជាតិ
គ​.​ជ​.​ប មិន​ជំទាស់​សំណើ​របស់​សាលាក្រុង ដែល​ហាម​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ឡើយ​
05, May 2017 , 5:21 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មិន​ជំទាស់​និង​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បានដាក់​បម្រាម​មិន​អនុញ្ញាត​ឲ្យ​មាន​ការហែក្បួន​ឃោសនាបោះឆ្នោត នៅតាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ ។ សង្គម​ស៊ីវិល ចាត់ទុក​ការហាមឃាត់​គណបក្សនយោបាយ ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ឃោសនា​រក​សន្លឹកឆ្នោតរ​បស់​គណបក្សនយោបាយ​។​



​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា យល់ឃើញថា សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ហាម​គណបក្សនយោបាយ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅតាម​ដងផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង​នេះ គឺ​វា​មិនមាន​អ្វីដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ឃោសនា​របស់​អ្នកនយោបាយ​ឡើយ​។ លោក ហង្ស ពុទ្ធា ដែល​បាន​តាមដាន​ព័ត៌មាន​នេះ អះអាងថា ការហាមឃាត់​របស់​អា​ជ្ញា​ធរ​រាជធានី ទំនងជា​ពួកគេ​ចង់​បញ្ចៀស​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរ​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​មើលឃើញថា បើ​នៅក្នុង​សង្កាត់​មួយ អាជ្ញាធរ មិន​ឲ្យ​ដង្ហែ​ក្បួន​គ្រប់​ផ្លូវ​តែម្តង វា ប្រាកដជា​ប៉ះពាល់​ហើយ​។ តែបើ​គ្រាន់តែ​ហាម​ផ្លូវ​ខ្លះ ហើយ​ផ្លូវ​ខ្លះទៀត អាច​ដង្ហែ​បាន គឺ​មិន​ប៉ះពាល់​អ្វី​ទេ​»​។

​សាលា​រាជធានី​ភ្នំពេញ បានដាក់​សំណើ​ទៅកាន់ «​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​» ដើម្បី​សុំ​មិន​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅតាម​កំណាត់​ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​។ 

​បើតាម​លោក ម៉េ​ត មាស​ភក្តី ការហាមឃាត់​នេះ គឺ​ដើម្បី​ធានា​សណ្តាប់​ធ្លាប់ និង​សម្រួល​ចរាចរ ក្នុងអំឡុង​នៃ​ការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា ៖ «​ការពិត ការហាមឃាត់​នេះ មិនមែន​ប៉ះពាល់​ដល់​ការឃោសនាបោះឆ្នោត​ទេ​។ យើង​គួរ​និយាយ​បញ្ច្រាស​មកវិញ​ថា យើង គិតគូរ​ពី​គណបក្សនយោបាយ បាន​ត្រឹមត្រូវ ពីព្រោះ បើ​យើង មិន​ហាមឃាត់​នៅតាម​កំណាត់​ផ្លូវ​ទាំង​នោះទេ ក្បួន​ដង្ហែ​របស់​គណបក្សនយោបាយ ក៏​យឺតយ៉ាវ ហើយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​យឺត​យ៉ាង​ដែរ ពេល​កកស្ទះ​ចរាចរ ដោយសារតែ​ការ​ដង្ហែ​ក្បួ​និង​ការធ្វើដំណើរ​ជួបគ្នា​។ ដូចនេះ​យើង​ចង់​ឲ្យ​ការឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូត បានជា​យើង ហាមឃាត់​មិន​ឲ្យ​ដង្ហែ​ក្បួន តាម​កំណាត់​ផ្លូវ​ទាំងនោះ​»​។

​កំណាត់​ផ្លូវ ដែល​នឹងត្រូវ​ហាមឃាត់​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត មានដូចជា កំណាត់​ផ្លូវ​នរោត្តម កំណាត់​ផ្លូវ​ម៉ៅ សេទុង និង​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម ជាដើម​។ ចំណែកឯ ផ្លូវ​សហព័ន្ធរុស្ស៊ី នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ទាំងស្រុង​តែម្តង​។ លើសពីនេះ នៅ​ទីប្រជុំជន ឬ​ទីផ្សារ​មួយចំនួនទៀត ក៏ត្រូវ​ហាម​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​ផងដែរ ដូចជា ផ្សារ​ថ្មី ផ្សារ​អូ​ឡាំ​ពិ​ច និង​ផ្សារ​ដើម​គ ជាដើម​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក ម៉េ​ត មាស​ភក្តី ដដែល​។

​ប៉ុន្តែ​សម្រាប់​លោក សំ គ​ន្ធា​មី  នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​(​និ​ច​ហ្វិ​ច​) មើលឃើញថា ការហាម​មិន​ឲ្យ​ដង្ហែ​ក្បួន ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​នៅ​ទីប្រជុំជន​បែបនេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​លទ្ធភាព​គណបក្សនយោបាយ​នីមួយៗ ដែល​តែងតែ​ចង់​ដង្ហែ​ក្បួន​ឃោសនា​ពី​គោលនយោបាយ នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ដើម្បី​សន្លឹកឆ្នោត​សម្រាប់​គណបក្ស​របស់​ពួកគេ​។​

​នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ចំពោះ​ខ្ញុំ​សូម​មិន​ឲ្យ​ហាមឃាត់​ទេ ព្រោះ​អាច​ប៉ះពាល់​ការឃោសនាបោះឆ្នោត​។ អាណត្តិ​នេះ គេ​ឲ្យ​ឃោសនា​តែ​១៤​ថ្ងៃ ហើយ​ក្នុង​១៤​ហ្នឹង គឺ​គណបក្ស​ន​យ​បោ​បាយ អាច​ដង្ហែ​ក្បួន​បានតែ​២​ថ្ងៃ​ទៀត​។ គណបក្សនយោបាយ មាន​រយៈពេល​តិច​ណាស់​។ ដូច្នេះ អាជ្ញាធរ គួរតែ​ផ្តល់​លទ្ធភាព​ដល់​គណបក្សនយោបាយ ដើម្បី​បាន​ឃោសនា​ដោយ​សេរី​។ អាជ្ញាធរ គួរតែ​សម្រួល​ឡើងវិញ ពី​បញ្ហា​នេះ​»​។

​បើតាម​លោក សំ គ​ន្ធា​មី អាជ្ញាធរ​គួរតែអនុញ្ញាត​ឲ្យ​គណបក្សនយោបាយ អាច​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​នៅតាម​ដងផ្លូវ និង​ទីប្រជុំជន​ជាធម្មតា​វិញ ។​ប៉ុន្តែ​ត្រូវមាន​កម្លាំង​សមត្ថកិច្ច​ចាំ​ជួយ​សម្រួល​ចរាចរ និង​សណ្តាប់ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​។​

​សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ តទៅ​។ គ​.​ជ​.​ប បានផ្តល់​រយៈពេល​ត្រឹមតែ​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយ ឃោសនា​ពី​គោលនយោបាយ​។ ហើយ ក្នុង​រយៈពេល​១៤​ថ្ងៃនោះ គណបក្សនយោបាយ មាន​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។ ម្យ៉ាងទៀត ក្បួន​ឃោសនាបោះឆ្នោត​ក្នុង​ឃុំ សង្កាត់​មួយ មិនអាច​ដង្ហែ​ឆ្លងទៅ​កាន់​ឃុំ សង្កាត់​មួយ​ផ្សេងទៀត នោះទេ​៕


Tag:
 ឃោសនាបោះឆ្នោត​
  គជប​
  អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com