ជាតិ
កម្មករគ្រោះថ្នាក់ការងារក្នុងមួយឆ្នាំៗមានជាង៣០០លាននាក់នៅលើពិភពលោក
× សៀមរាប៖ ទិវាពលកម្មអន្តរជាតិតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែឧសភា។ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ ក្រោមប្រធានបទ «ដើម្បីសន្តិភាពការងារ មុខរបរ និងអភិវឌ្ឍន៍»។ តាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ ឬហៅថា ILO តាមការប៉ាន់ស្មានមានកម្មករនិយោជិតទទួលរងគ្រោះថ្នាក់ការងារចំនួន ៣១៣លាននាក់ក្នុងមួយឆ្នាំៗ នៅលើសាកលលោក។
យោងតាមរបាយការណ៍របស់អង្គការ ILO ដែលអានដោយរដ្ឋមន្ត្រីក្រសួងការងារ ក្នុងឳកាសប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែឧសភា ក្នុងគ្រោះថ្នាក់ការងារទាំង ៣១៣លាននាក់នោះ គឺរបួសធ្ងន់មានចំនួន ៣៥០ពាន់នាក់ ស្លាប់ ២.៣៥លាននាក់ និងជំងឺវិជ្ជាជីវៈ ចំនួន២លាននាក់។ បញ្ហានេះ បានធ្វើឲ្យបាត់បង់ថវិកាស្មើនឹង ៤%នៃផលទុនពិភពលោកសរុប (GDP) ទៅលើការព្យាបាលតាវកាលិកការងារ និងការស្តារនីតិសម្បទា។
តាមការបញ្ជាក់របស់លោក អ៊ិត សំហេង នៅកម្ពុជាតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមបានបង្ហាញថា គ្រោះថ្នាក់ការងារ ករណីស្លាប់ និងការចំណាយទៅលើសំណងហានិភ័យការងាក្នុងឆ្នាំ២០១៦ មានការកើនឡើង១៤% ធៀបនឹងឆ្នាំ២០១៥។ តួលេខបង្ហាញថា គ្រោះថ្នាក់ការងារមានចំនួន ៣៤,៥១៣ករណី ស្លាប់ ១៦៨នាក់ ថយចុះចំនួន ១៣នាក់ និងចំណាយថវិកាសរុប ចំនួន ១៥,៨១៤.១២លានរៀល។
ទាក់ទងនឹងករណីកម្មករដួលសន្លប់វិញ តួលេខបង្ហាញថា មានការថយចុះ ៤៣.៧៥% ធៀបនឹងឆ្នាំ២០១៥ ដែលបានកើតឡើងលើវិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ១៨សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតដួលសន្លប់សរុបចំនួន ១,១៦០នាក់។
គួរបញ្ជាក់ថា ទាក់ទងនឹងសុវត្ថិភាពការងារនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រជាអាទិភាពចំនួន៥ សម្រាប់ឆ្នាំ២០១៤-២០១៨។ យុទ្ធសាស្ត្រទាំងនោះរួមមាន ទី១ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារ ទី២ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស ទី៣ ការអភិវឌ្ឍមុខរបរ និងការងារ ទី៤ ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងទី៥ ការពង្រឹងសេវាសាធារណៈល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com