ជាតិ
រឿងមន្ត្រីសិទ្ធិមនុស្សជាប់ឃុំ៖ ក្រសួងការបរទេស ប្រាប់សហភាពអឺរ៉ុប កុំឲ្យលូកដៃចូលផ្ទៃក្នុងកម្ពុជា
× ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចង់ឲ្យមានដំណោះស្រាយសមស្របចំពោះករណីមន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប ១រូប ដែលកំពុងជាប់ឃុំ ដោយសារតែរឿងស្រីមុំ។ ក្រសួងការបរទេសកម្ពុជា ប្រាប់សហភាពអឺរ៉ុបវិញថា កុំជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីប្រតិកម្មនឹងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ ជុំវិញមន្ត្រីអាដហុក៤រូប និង មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ។
សេចក្តីថ្លែងការណ៍របស់ប្រតិភូសភាពអឺរ៉ុប បានបង្ហាញការមិនគាំទ្រចំពោះតុលាការកម្ពុជា ដែលបន្តឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ចំនួន៦ខែទៀត។ តាមរយៈសេចក្តីថ្លែការណ៍ ប្រតិភូសភាពអឺរ៉ុប បានលើកឡើងថា «ការរំលោភបំពានសិទិ្ធរបស់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប»។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់សភាពអឺរ៉ុប ថា ជាការជ្រៀតជ្រែកចូលទៅក្នុងផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសកម្តុជា ក៏បានឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍វិញថា សេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុប គឺជាការបំពានយ៉ាងច្បាស់ លើអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត ដែលមានចែងថា រាល់បេសកកម្មការទូតទាំងអស់ មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋ ដែលខ្លួនតាំងនៅ ដោយមិនត្រូវជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសរសេរក្នុងសេចក្តីថ្លែងការណ៍ ដូច្នេះថា៖«អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើឲ្យប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា គោរពឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាខាងលើ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា ការឃុំមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ចំនួន៦ខែទៀត គឺធ្វើឡើងដោយត្រឹមត្រូវទៅតាមនីតិវិធីរបស់តុលាការ។
ថ្មីៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យមន្ត្រីអាដហុក៤រូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងអគ្គលេខាធិការរងគ.ជ.ប គឺលោក នី ចរិយា ឲ្យជាប់ពន្ធនាគារជាបណ្តោះអាសន្ន ចំនួន៦ខែបន្ថែតទៀត បន្ទាប់ពីពួកគាត់ បានជាប់ពន្ធនាគារ អស់រយៈពេល១ឆ្នាំមកហើយនោះ។ ការបន្តឃុំមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ចំនួន៦ខែទៀត គឺដោយសារតែការស៊ើបសួរក្នុងសំណុំរឿងនេះ នៅមិនទាន់មានលក្ខណៈពេញលេញ។
ក្រុមមេធាវី ដែលការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ក៏មិនសុខចិត្តដែរ ដែលចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបែបនេះ។ ក្រុមមេធាវី បានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេច ដែលឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ជាប់ឃុំជាបណ្តោះអាសន្ន ចំនួន៦ខែទៀត។
លោក សំ សុគង់ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ធ្លាប់និយាយថា ការឃុំខ្លួនដ៏យូរបែបនេះ គឺប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីលោក ដែលជាជនត្រូវចោទ។ លោកមេធាវីរូបនេះ ធ្លាប់អះអាងទៀតថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា រួមទាំងសទ្ធិសញ្ញាអន្តរជាតិនានា បានចែងអំពីសិទ្ធិរបស់ជនត្រូវចោទ ដែលត្រូវទទួលបានការជំនុំជម្រះដោយឆាប់រហ័ស។
សូមរម្លឹកថា មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប បានជាប់ឃុំតាំងពីដើមខែមេសា ឆ្នាំ២០១៦ មកម្ល៉េះ ។ មន្ត្រីអាដហុក រងពីបទចោទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប រងពីបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ បើតាមការរកឃើញរបស់តុលាការ អ្នកទាំង៥ខាងលើ សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ៕
Tag:
ក្រសួងការបទេស
សហភាពអឺរ៉ុប
តុលាការ
អាដហុក
គជប
© រក្សាសិទ្ធិដោយ thmeythmey.com