អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថា លោក​ត្រូវ​និយាយ​បារាំង ព្រោះ​ភាសា​អង់គ្លេស​កាន់តែ​លែង​សំខាន់​នៅ​អឺរ៉ុប​
06, May 2017 , 2:25 pm        
រូបភាព
 
​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្ស​ង់ ក្លូត​ចាំង​កឺ (Jean Claude Juncker) បាន​ថ្លែង​ផ្លែផ្កា​ដាក់​ឲ្យ​អង់គ្លេស​ដែល​កំពុង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ថា លោក​ត្រូវ​ថ្លែង​សុន្ទរកថា​ជា​ភាសា​បារាំង ដោយសារ​ភាសា​​អង់គ្លេស​កាន់តែ​អស់​សំខាន់​ហើយ​។ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូបនេះ​និយាយ​បែបនេះ ក្រោយពេល​សង្គ្រាមពាក្យសម្តី​រវាង​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ផ្ទុះឡើង​ខ្លាំង​ជុំវិញ​​ការចរចាចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​និង​ការបោះឆ្នោត​មុន​អាណត្តិ​ខាងមុខ​។


«​ភាសា​អង់គ្លេស​កំពុង​បាត់បង់​សារសំខាន់​ហើយ​»​។ នេះ​ជាស​ម្តី​របស់​ប្រមុខ​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់ ក្លូត​ចាំង​កឺ មុនពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​ជា​ភាសា​បារាំង​នៅ​ប្រទេស​អ៊ីតាលី​ពាក់ព័ន្ធ​បញ្ហា​សហភាព​អឺរ៉ុប​។ លោក​លើកឡើង​បែបនេះ បន្ទាប់ពី​មានការ​ទិតៀន​និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ពាក់ព័ន្ធ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​តែម្តង​។​
 
​យោងតាម​សារព័ត៌មាន BBC លោក ចាំង​កឺ បាន​ពន្យល់​ពី​មូល​ហេតុដែល​លោក​ត្រូវ​ជ្រើស​រើសយក​ភាសា​បារាំង​ពេល​ថ្លែង​សុន្ទរ​កដោយ​និ​យាយ​ដូច្នេះ​ថា​៖«​យឺតៗ​ប៉ុន្តែ​ប្រាកដ​ណាស់​ថា ភាសា​អង់គ្លេស​កំពុងតែ​បាត់បង់​សារសំខាន់​របស់ខ្លួន​នៅ​អឺរ៉ុប ហើយ​ណា​មួ​យ​វា​ក៏​ដោយសារ​បារាំង​កំពុង​ត្រៀម​បោះឆ្នោត​ផង​»​។​
 
​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​រូបនេះ​និយាយ​ឌឺដង​ឲ្យ​អង់គ្លេស​រឿង​ភាសា​អង់គ្លេស​នេះ អ្នកចូលរួម​បាន​សើច​ហ៊ោរ ហើយ​នាំគ្នា​ទះដៃ​គាំទ្រ​លោក​ខ្លាំង​ថែមទៀត​។ បន្ទាប់មក​លោក​បានបញ្ជាក់​ផងដែរ​ពី​ដំណើរការ​នៃ​ការចរចា​ជាមួយ​អង់គ្លេស ហើយ​លោក​សង្កត់ធ្ងន់​ជាថ្មី​ថា​អឺរ៉ុប​មិន​មែន​ជា​អ្នក​បោះបង់​អង់គ្លេស​ឡើយ​។​
 
«​យើង​នឹង​បន្ត​ចរចា​ជាមួយ​មិត្ត​អង់គ្លេស​របស់​យើង​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ប៉ុន្តែ​យើង​កុំ​ភ្លេច​ថា វា​មិនមែន​សហភាព​អឺរ៉ុប​កំពុង​បោះបង់​អង់គ្លេស​ចោល​ឡើយ​។​ អង់គ្លេស​ឯណោះ​ទេ​ដែល​កំពុង​បោះបង់​សហភាព​អឺ​រ៉ុ​ប។ វា​ធ្វើ​ឲ្យ​គ្រប់យ៉ាង​ខុសប្លែក​ពីគ្នា​»​។​
 
​តាមពិតទៅ​ការ​ឌឺដង​ផ្លែផ្កា​រឿង​ភាសា​អង់គ្លេស​នេះ​កើតឡើង​ស្រប​ពេលដែល​អឺរ៉ុប​និង​អង់គ្លេស​កំពុង​ជះ​កំហឹង​ដាក់គ្នា​ដោយ​ប្រើប្រាស់​សង្គ្រាមពាក្យសម្តី​រួចទៅហើយ​។ អង់គ្លេស​បាន​ចោទប្រកាន់​អឺរ៉ុប​ម្តង​ជា​ពីរដង​ថា មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​នេះ​កំពុង លូកលាន់​ចូលក្នុង​កិច្ចការ​អង់គ្លេស​ជាពិសេស​ការបោះឆ្នោត​មុន​អាណត្តិ​ដែល​នឹង​មកដល់​នៅ​ខែមិថុនា​ខាងមុខនេះ​។ លោកស្រី​នាយក​ដ្ឋ​មន្ត្រី Theresa May ចោទ​សហភាព​អឺរ៉ុប​ដោយសារតែ​កិច្ចសន្ទនា​ជា​លក្ខណៈ​ឯកជន​របស់​លោកស្រី​ជាមួយ​លោក ចាំ​ងកឺ ត្រូវបាន​គេ​ទម្លាយ​ចេញទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​លោកស្រី​កត់សម្គាល់ថា ​ការទម្លាយ​ព័ត៌មាន​នេះ ​ធ្វើ​ឲ្យ​គូបដិបក្ខ​នយោបាយ​ដែល​ត្រូវ​ប្រកួត​ជាមួយ​លោកស្រី​នៅខែមិថុនាកើនឡើង​ប្រជាប្រិយភាព​ថែមទៀត​។​
 
​បើតាម​ព័ត៌មាន​បែកធ្លាយ​ចេញផ្សាយ​ដោយទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Frankfurter Allgemeine កិច្ចសន្ទនា​រវាង​លោក ចាំង​កី និង​លោកស្រី May ផ្តោតលើ​បញ្ហា​ច្រើន​ប៉ុន្តែ​អ្វីដែល​សំខាន់​លោកស្រី​ May ចង់​ព​ន្លឿ​ន​ការសម្រេច​កិច្ចព្រមព្រៀងមួយស្តីពី​សិទ្ធិ​ប្រជាជន​នៅត្រឹម​ខែមិថុនានេះ​។ ប៉ុន្តែ​ទោះជា​បែបណា​ក្តី លោក​ចាំង​កឺ បាន​បដិសេធ​សំណើរ​នេះ​ដោយ​លោក​បាន​យកឯកសារ​ថតចម្លងនៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺ​រ៉ុ​បជា​មួយ​កាណាដា​និង កិច្ចព្រមព្រៀង​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​ប្រទេស​ក្រូ​អាស៊ី​ឲ្យ​លោកស្រី May មើល​ដើម្បី​ឲ្យ​លោកស្រី​ដឹងថា ការសម្រេចបាន​កិច្ចព្រមព្រៀង​មួយៗ​វា​លំបាក​យ៉ាងណា​។​
 
​ចំណែក ការចរចា​ផ្លូវការ​ពាក់ព័ន្ធ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​នេះ​នឹងត្រូវ​ចាប់​ផ្តើមឡើង​នៅក្រោយ​ការបោះឆ្នោត​អង់គ្លេស​ថ្ងៃ​៨ ខែមិថុនា​ខាងមុខ​។ លោកស្រី May សង្ឃឹមថា ការបោះឆ្នោត​មុន​អាណត្តិ​នេះ​នឹង​ជួយ​គណបក្ស​អភិ​រក្សរបស់លោកស្រី ឲ្យ​ទទួលបាន​អាសនៈ​បន្ថែម​នៅក្នុង​សភា។ នេះ ​វា​អាច​អំណោយផល​ដល់​ដំណើរការ​នៃ​ការចរចា​ចាក​ចេញពី​សហភាព​អឺរ៉ុប​ផងដែរ​៕
 

Tag:
 Jean Claude Juncker
  Theresa May
  Brexit
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com