បទយកការណ៍ / បទសម្ភាសន៍
ស្ពាន​ទ័ពពីបុរាណ​ លាក់ខ្លួន​ក្បែរ​ព្រំប្រទល់​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​
06, May 2017 , 3:30 pm        
រូបភាព
 
 
​សៀមរាប​៖ ស្ពាន​ទ័ព គឺជា​ស្ពាន​បុរាណ​ខ្មែរ ហើយ​តាម​ការបញ្ជាក់​ពី​អ្នកស្រាវជ្រាវ ស្ពាន​នេះ​មាន​ប្រវែង​វែង​ជាងគេ ដែល​សង់​នៅ​សម័យ​នោះ​។ ទោះជា​មាន​អាយុ​រាប់រយឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ​ស្ពាន​នេះ​នៅមាន​ភាពរឹងមាំ​នៅឡើយ ពិសេស​ជើង​ក្រោម ដោយ​មិន​គិតពី​បង្កាន់ដៃ​ដែល​រង​ការបំផ្លាញ​ដោយ​ធម្មជាតិ និង​មនុស្ស​ឡើយ​។ ស្ពាន​បុរាណ ស្ពាន​ទ័ព បាន​លាក់ខ្លួន​នៅក្នុង​ព្រៃរបោះ​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមស្រុក​ស្រីស្នំ​ខេត្តសៀមរាប និង​ទីរួមស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 
​កាលពី​ថ្ងៃទី ៣ ខែឧសភា កន្លងទៅ ក្រុម​អ្នក​និស្សិត​ផ្នែក​បុរាណវិទ្យា​ជំនា​ន់ទី​២៥ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចុះ​ធ្វើ​កម្មសិក្សា​មួយ​ទៅកាន់​ស្ពាន​ទ័ព​។ ក្នុង​ដំណើរ​នេះ​មាន​អ្នកជំនាញ​ដែល​មកពី​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើជា​គ្រូ​ឧទ្ទេស​ផងដែរ​។ 
 
 
​នៅ​ម៉ោង​៧​កន្លះ​ព្រឹក រថយន្ត​របស់​ក្រុមនិស្សិត​បុរាណវិទ្យា​ដែលមាន​គ្នា​ត្រឹម​១៤​នាក់ ដោយ​មិន​រាប់ទាំង​គ្រូដឹកនាំ និង​អ្នកកាសែត​ផង​នោះ បានចេញ​ដំណើរ​ពី​ផ្ទះសំណាក់​មួយ​ក្នុង​ក្រុង​សៀមរាប ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ស្ពាន​ទ័ព​។ ក្នុង​ដំណើរ​នោះ អ្នកដឹកនាំ​បានជ្រើសរើស​ផ្លូវជាតិ​លេខ​៦ ដោយ​ឆ្លងកាត់​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់  មុននឹង​បត់​ស្តាំ​តាមផ្លូវ​ជាតិ​លេខ​៦៨ (​ផ្លូវ​ទៅ​ព្រំប្រទល់​អូរ​ស្មាច់​)​។ 
 
​ក្រោយ​ធ្វើដំណើរ​ជាង​មួយ​ម៉ោង ក្រុមនិស្សិត​បុរាណវិទ្យា​បាន​ទៅដល់​កន្លែង​មួយ​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​ខ្វាត់ខ្វែង តែ​វា​មិនមែនជា​គោលដៅ​ស្ពាន​ទ័ព​ទេ​។ លោកគ្រូ ខៀវ ចាន់ ជា​អ្នកស្រាវជ្រាវ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ពី​ចំណុច​ខ្លះ​នៃ​ប្រព័ន្ធ​ផ្លូវ​បុរាណ ហើយ​ឥឡូវ​ត្រូវគេ​លើក​ទំនប់ ពង្រីក​ផ្លូវ លើក​ប្រឡាយ​ពីលើ​ទៅហើយ​។ លោក​ក៏បាន​ចង្អុល​ប្រាប់​ពី​បុរាណ​ដ្ឋា​ន​ខ្លះៗ​ដែល​នៅ​សេសសល់ ដូចជា​ដុំថ្ម ហើយ​បច្ចុប្បន្ន​ក្លាយជា​អ្នកតា​សម្រាប់​អ្នកភូមិ​គោរពបូជា​ទៅហើយ​ដែរ​។​
 
​ដោយសារ​ពេល​តិច និង​ចំណុច​ដែល​ត្រូវ​មើល​មាន​ច្រើន​ទៀត យើង​ក៏​ប្រញាប់​ឡើង​រថយន្ត និង​បន្តទៅ​គោលដៅ​បន្ទាប់​។ ក្រោយពី​ឆ្លងកាត់​ទីប្រជុំជន​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ទីរួមស្រុក​ស្រីស្នំ​ប្រមាណ​១០​ទៅ​១៥​នាទី​រួម​មក យើង​ក៏បាន​ឃើញ​ស្នាក​សញ្ញា​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​សរសេរថា សំណង់​ប្រវត្តិសាស្ត្រ​៖ ស្ពាន​ទ័ព (​ទិព្វ​) និង​ប្រាសាទព្រហ្មកិល​។​
 
 
​ចុះ​តាម​ស្នាក​សញ្ញា​ដែល​គេ​ចង្អុល រថយន្ត​ក៏បាន​បើក​តាម​ផ្លូវលំ​មួយ ដោយ​ធ្វើដំណើរ​យឺតៗ និង​បាន​រំកិល​ខ្លួន​ទៅដល់​ស្ពាន​ទ័ព​។ នៅ​ទីនោះ គេ​បានឃើញ​ដំបូង​គឺ​រោងតង់​កៅស៊ូ​របស់​កម្មករ ដែល​កំពុង​ជួសជុល​ក្នុង​ការដ្ឋាន​។ ក្រុមនិស្សិត​បុរាណវិទ្យា ព្រមទាំង​ខ្ញុំ​ផង​នោះ បាន​រួសរាន់​ចុះ​ពី​រថយន្ត ដើម្បី​ផ្តិត​រូបភាព និង​ចុះ​ទស្សនា​ដល់​ជើង​ក្រោម​ស្ពាន ដែល​កម្មករ​កំពុង​ជីកដី​ធ្វើ​កំណាយ​ផង​។ ជាមួយនឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ ផ្ទាំង​ថ្មបាយក្រៀម​រៀប​បន្តុប​គ្នា ព្រមជាមួយ​ព្រៃ​ប្រឹក្សា​ព័ន្ធ​ជុំវិញ​ស្ពាន​នោះ ធ្វើ​ឲ្យ​ក្រុមនិស្សិត រួម​និង​ខ្ញុំ​ផង​នោះ ទាញ​ម៉ាស៊ីនថតរូប ស្ទើរតែ​គ្រប់​ច្រកល្ហក និង​មិន​ចង់​ទៅណា​ឆ្ងាយ​ពី​ស្ពាន​នេះឡើយ​។​
 
​ក្រោយពី​ដើរ​មើល​មួយសន្ទុះ​រួចមក លោកគ្រូ ខៀវ ចាន់ ក៏បាន​បង្ហាញ​ពី​ផែន​ទីមួយ​ទាក់ទង​នឹង​ផ្លូវ​បុរាណ និង​សំណង់​ស្ពាន​នានា ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ស្ពាន​ទ័ព​ជា​ស្ពាន​មួយ​ដែល​សង់​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ ស្ពាន​នេះ​សង់​លើផ្លូវ​បុរាណ​ពី​រាជធានី​អង្គរ​ភ្ជាប់​ទៅ​ប្រាសាទ​ភី​ម៉ៃ​ប្រទេស​ថៃ​។ 
 
​លោកគ្រូ ខៀវ ចាន់ ចាប់ផ្តើម​ពន្យល់​លម្អិត​ទាក់ទង​ទៅនឹង​ស្ពាន​ទ័ព​។ ស្ពាន​ទ័ព​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប (​ស្រុក​ស្រីស្នំ​) និង​មាន​ចម្ងាយ​ប្រហែល​៨០០​ម ពី​ប្រាសាទព្រហ្មកិល ហើយ​មាន​ចំងាយ ៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ 
 
​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ១៥០​ម កម្ពស់​១០​ម៉ែត្រ និង​ទទឹង ១៦,៤០​ម៉ែត្រ ដែល​សង់​ឡើង​ពី​ថ្មភក់ និង​លាយ​ថ្មបាយក្រៀម​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​ប្រហោង​ទ្វារ​ស្ពាន​) ចំនួន​២៨​។ រហូតមកដល់​បច្ចុប្បន្ន​ស្ថានភាព​នៃ​ស្ពាន​នេះ​គឺ​នៅមាន​សភាព​រឹងមាំ​ល្អ​នៅឡើយ​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការស្រាវជ្រាវ​។ ភ្ញៀវទេសចរ​អាច​ចុះទៅ​ទស្សនា​ដល់​ជើង​ក្រោម​នៃ​ស្ពាន​បាន​ក្នុង​រដូវប្រាំង​។​
 
 
«១៥០​ម៉ែត្រ​សម័យ​នោះ តើ​មានស្រុក​ណា​គេ​ធ្វើបាន​។ ហើយ​ខាង​វិស្វករ​គេ​គិត​ទៀត គេ​ដឹង​ទៀត ផ្ទៃដី​ចុះ​ពី​ភ្នំ​ដងរែក ចុះ​ពី​ផ្ទះ​តា​ម៉ុក​មក ទម្រាំ​មកដល់​កន្លែង​ហ្នឹង (​ស្ពាន​ទ័ព​) ផ្ទៃដី​ប៉ុន្មាន​គីឡូម៉ែត្រ ហើយ​រងទឹក​ភ្លៀង​ប៉ុន្មាន​ម៉ែត្រ​គីប ដែល​វា​ត្រូវ​ហូរ​ទៅ​ទន្លេសាប ដូច្នេះ​គេ​ត្រូវធ្វើ​ស្ពាន​ឲ្យ​ធំ ហើយ​ច្រើន​ទៀត​តាម​បណ្តោយ​ផ្លូវ​នេះ (​ផ្លូវ​បុរាណ​)»​។ លោក ខៀវ ចាន់ បន្ថែមថា នៅ​តំបន់​នេះ គេ​អាច​ពិនិត្យឃើញថា ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥​គីឡូម៉ែត្រ គឺមាន​ស្ពាន​រហូត​ចំនួន​៧ រួមមាន​ស្ពាន​មេម៉ាយ ស្ពាន​ព្រះ​ចង្អេរ ស្ពាន​ហាល​ជាដើម​។​
 
​លោកគ្រូ ខៀវ ចាន់ ពន្យល់​ទៀតថា ភាពរឹងមាំ​នៃ​ស្ពាន​សម័យ​នោះ គឺ​វិស្វករ​គិត​ខ្ពស់​ពី​គ្រឹះ​បាត​ស្ពាន​ក្រាស់ ឬ​ស្តើង ដែល​រៀបចំ​ទៅតាម​បរិមាណ​ទឹក និង​ល្បឿន​ទឹក​។ ក្បាលស្ពាន​ទាំងសងខាង​នៃ​ស្ពាន​ទ័ព ឬ​ស្ពាន​ទិព្វ គេ​រៀបចំ​ជា​ជម្រាល​ធ្វើ​ពី​ថ្មបាយក្រៀម ដើម្បី​ការពារ​ពី​ការហូរ​ច្រោះ​។​
 
​ក្រោយ​ផ្លូវ​វៀង (​ផ្លូវជាតិ​៦៨) ត្រូវបាន​ស្ថាបនា​រួច ផ្លូវ​កាត់​ស្ពាន​ទ័ព ត្រូវបាន​ផ្អាក​ចរាចរណ៍​ទាំងស្រុង​។ កន្លងមក ផ្លូវ​នេះ​ជា​គមនាគមន៍​មួយ​យ៉ាងសំខាន់ ហើយ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ​ឆ្លងកាត់​។ លោក ខៀវ ចាន់ ប៉ាន់​ស្មានថា អំឡុងពេល​ផ្លូវ​នេះ​នៅ​ដំណើរការ ស្ពាន​ទ័ព​រង​ទម្ងន់​មិន​ក្រោម​៧០​តោន​ទេ នេះ​និយាយ​ចំពោះ​ឡាន​ដឹក​ស៊ីម៉ងត៍​ធន​ធ្ងន់ និង​ត​កន្ទុយ​គ្នា​ផង​។​
 
«​បើតាម​វិស្វករ ដែល​គេ​យក​បំណែក​ថ្មបាយក្រៀម​នៃ​ស្ពាន​នេះ ទៅ​គណនា​រក​ផ្ទៃ​រង ឬ​បន្ទុក​របស់​ស្ពាន ថ្ម​ដែល​យកទៅ​មិនល្អ​ពេក គឺ​មធ្យម នៅ​ឃើញថា ស្ពាន​នេះ​នៅ​អា​ចរង​ទម្ងន់​បាន ៤០​តោន​នៅឡើយ​។ ហើយ​បើ​យើង​មើល​ស្ពានបេតុង​ឥឡូវ តើ​នៅ​អាច​ទទួល​ទម្ងន់​បាន​៤០​តោន​ទេ​។ ជាទូទៅ ឃើញ​គេ​ដាក់ ២០ ទៅ​២៥​តោន​ហ្នឹង ប៉ុន្តែ​ស្ពាន​យើង​នោះ បើ​យើង​គិតពី​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​មកដល់​ឥឡូវ​វា​៨០០​ឆ្នាំ​នៅ​ទទួលបាន ៤០​តោន ចុះបើ​ពេលធ្វើ​ថ្មីៗ តើ​រង​ទម្ងន់​បាន​ប៉ុន្មាន​។ ហើយ​កាលនោះ គេ​អត់​មាន​ឡាន​អី​ទេ មានតែ​ដំរី ដែល​ដំរី​មួយ​ពី​៥ ទៅ​៧​តោន ហើយ​មួយ​ទ័ព​ដំរី តើ​ប៉ុន្មាន មិន​ក្រោម​៧០​តោន​ទេ បើ​ដំរី​១០​ក្រោម​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ខៀវ ចាន់ ទៅដល់​ក្រុមនិស្សិត​ដែល​កំពុង​យកចិត្តទុកដាក់​ស្តាប់​។​
 
 
​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នកជំនាញ ប្រភព​ថ្មបាយក្រៀម​ដែល​យកមក​សង់ស្ពាន​ទ័ព គឺ​យក​ពី​ភ្នំ​ស្រីស្នំ ដែលមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​។ នៅតាម​ជើងភ្នំ​នោះ មាន​ស្នាម​កាត់​ថ្មបាយក្រៀម ហើយ​អ្នកភូមិ​នៅ​ទីនោះ​ឲ្យ​ឈ្មោះថា ស្រះ​រោយ​។ ហើយ​នៅក្បែរនោះ​ក៏មាន​ភ្នំ​មួយទៀត​ដែលជា​ប្រភព​រ៉ែ​ដែក​ដ៏​សំខាន់ ហើយ​ក្បែរ​ជើងភ្នំ​នោះ​ទៀត ក៏មាន​កន្លែង​ស្លដែក​ពី​បុរាណ​ផងដែរ​។​
 
​មុននឹង​សម្រាក​ញាំបាយ លោកគ្រូ ខៀវ ចាន់ ក៏បាន​ដឹកនាំ​ក្រុមនិស្សិត​ទៅ​មើល​សាលាសំណាក់​មួយ​នៅ​ជិត​នោះ គឺ​ប្រាសាទព្រហ្មកិល​។ នេះ​ជា​សាលា​ដំណាក់ ដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​សង់​ឡើង​សម្រាប់​ទីស្នាក់អាស្រ័យ​ដល់​អ្នកធ្វើដំណើរ ដោយមាន​តម្កល់​ព្រះ​មួយអង្គ​ក្នុងនោះ​ផង ដើម្បី​ឲ្យ​ប្រជាជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បាន​គោរពបូជា​។ តាម​ឯកសារ និង​យោងតាម​ការស្រាវជ្រាវរ​បស់​អ្នក​បុរាណវិទ្យា ក្នុងសម័យ​សង្គ្រាម ទ័ព​សៀម​ក៏​ធ្លាប់​ឆ្លងកាត់​ស្ពាន​ទ័ព​ដែរ និង​បាន​បោះ​ទី​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ប្រាសាទព្រហ្មកិល​តែម្តង​។​
 
​នៅ​ប្រាសាទព្រហ្មកិល លោក ខៀវ ចាន់ បន្ត​ប្រាប់​ក្រុមនិស្សិត ដោយ​ពន្យល់​ពី​រចនាសម្ព័ន្ធរ​បស់​ប្រាសាទ​នេះ​។ ប្រាសាទព្រហ្មកិល សង់​ពី​ថ្មបាយក្រៀម រាង​៤​ជ្រុង និង​សង់​បែរមុខ​រក​ផ្លូវ (​ផ្លូវ​បុរាណ ដែល​បច្ចុប្បន្ន គ្រាន់​ជា​ផ្លូវ​តូច​សម្រាប់​មនុស្ស​ដើរ​)​។  តាម​ការស្រាវជ្រាវ គេ​ក៏បាន​កំណត់​បាន​ថា ផ្លូវ​នេះ​មាន​ហ្វូងមនុស្ស​ជាច្រើន​ឆ្លងកាត់ ក្នុងនោះ​ក៏មាន​ជនជាតិ​សៀមរាប ដែល​ធ្វើដំណើរ​ចុះ​ដើម្បី​មក​ធ្វើ​ប្រហុក​នៅ​ទន្លេសាប​ផងដែរ​។​
 
​ចេញពី​ប្រាសាទព្រហ្មកិល យើង​ក៏បាន​សម្រាក​ញុំ​ា​បាយ​មួយ​ម៉ោង​។ បន្តិចក្រោយមក យើង​ឃើញ​មាន​បុរស​ម្នាក់ មាន​រាង​តូច​ល្មម សក់ល្បាយអាចម៍ខ្លា មក​អង្គុយ​លើ​តង់​កៅស៊ូ ដែល​យើង​ទើប​រួចរាល់​ក្នុងការ​ញុំ​ា​បាយ​។ លោកគ្រូ ខៀវ ចាន់​បាន​ឧទ្ទិស​នាម​បុរស​ម្នាក់​នោះ ហើយ​យើង​ក៏បាន​ដឹងថា គាត់​ជា​អ្នក​បុរាណវិទ្យា​ដែល​រៀន​ជំនា​ន់ទី​២ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ និង​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​បុរាណវិទ្យា​មកពី​ប្រទេស​ជប៉ុន​ផង​។ 
 
​យើង​ស្គាល់ឈ្មោះ​គាត់​ថា លោកគ្រូ គូ វ៉ិ​ត ជា​អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ជា​អ្នកមើលការខុសត្រូវ​លើ​គម្រោង​ជួសជុល​ស្ពាន​ទ័ព​នេះ​។ គាត់​ចាប់ផ្តើម​សន្ទនា​ជាមួយ​ក្រុមនិស្សិត ដោយ​រៀបរាប់​ពីមុខ​វិជ្ជា​បុរាណវិទ្យា ក៏ដូចជា​លើកទឹកចិត្ត​ដល់​និស្សិត​បុរាណវិទ្យា ខំប្រឹងប្រែង​សិក្សា​មុខវិជ្ជា​នេះ​ដោយ​យកចិត្តទុកដាក់​។​
​ចូល​មកដល់​ស្ពាន​ទ័ព លោកគ្រូ គូ វ៉ិ​ត បាន​រៀបរាប់​ការងារ​មួយចំនួន​ក្នុង​ការដ្ឋាន​។ លោក​ពន្យល់ថា ស្ពាន​ទ័ព​ចាប់ផ្តើម​ជួសជុល​កាលពី​ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន​ចូល​ដំណាក់កាល​ទី​៣ ដែលជា​គម្រោង​ជួសជុល​របស់​ក្រសួង​វប្បធម៌ ដោយ​ប្រើប្រាស់​ថវិការដ្ឋ​។​
 
 
​អ្វីដែល​យើង​ស្តាប់​ការរៀបរាប់​ពី​ខាង​អ្នកគ្រប់គ្រង​ជួសជុល​ស្ពាន​ទ័ព លំហូរ​ទឹក​ដែល​ហូរ​កាត់​ស្ពាន​នេះ មិន​ដូច​ពីមុន​ទេ​។ កាលពីមុន​ទឹក​ហូរ​ពី​កើ​តទៅ​លិច តែ​បច្ចុប្បន្ន​ហូរ​ពី​លិចទៅ​កើត​។ លោក គូ វ៉ិ​ត បាន​ពន្យល់​ពី​ហេតុផល​មួយ នោះ​ដោយសារ​ការជីក​ធ្វើ​ស្ពាន​មួយកន្លែង​ទៀត​នៅក្បែរនោះ ដែល​អ្នកស្រុក​ហៅថា​ស្ពាន​ជីក​។​
 
​លោក គូ វ៉ិ​ត ពន្យល់​ទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ពាន​នេះ​ខូចខាត គឺ​ដោយសារ​ទឹក ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទឹកបាន​ស៊ីដាច់​ថ្ម និង​ធ្វើ​ឲ្យ​ថ្ម​ពុកផុយ​។ ការជួសជុល​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៥​មក គឺ​បាន​ជួសជុល​ទិស​ខាងលិច (​បច្ចុប្បន្ន​បន្ត​ជួសជុល​ទិសខាងកើត​) ដោយបាន​ធ្វើ​កំណាយ រើ​ថ្ម​សម្អាត​ឡើងវិញ និង​រៀប​បង្កាន់ដៃស្ពាន ដែល​រលំ​ស្ទើរ​គ្មាន​សល់​។​
 
​ចំណែក​ថ្មបាយក្រៀម​ដែល​យកមក​ជួសជុល​ក្នុង​ការដ្ឋាន​នេះ គឺ​ទិញ​ពី​ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ ៣៥០​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គូ វ៉ិ​ត​។ លោក​បញ្ជាក់ថា គេ​មិនអាច​ដឹងថា តើ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅពេលណា​នោះទេ ដោយហេតុថា ត្រូវការ​ថវិកា​ច្រើន ហើយ​ក្រសួង​មាន​ខ្ទង់​ថវិកា​តិចតួច​សម្រាប់​ការជួសជុល​នេះ ព្រោះ​មិនទាន់មាន​ដៃគូ​សហប្រតិបត្តិការ​នៅឡើយ​។​
 
​ក្រោយពី​បាន​ស្តាប់​ប្រសាសន៍​ដ៏​មានតម្លៃ​រួម​មក ក្រុមនិស្សិត​ក៏បាន​លា និង​ចាក​ចេញពី​ទីតាំង​ស្ពាន​ទ័ព​។ រថយន្ត​មកដល់​ទីរួមស្រុក​ស្រីស្នំ ហើយ​យើង​ក៏បាន​កាច់​ចូល​ផ្លូវលំ​ក្នុង​គោលដៅ​ទៅ​ទីរួមស្រុក​អង្គរជុំ​។ នៅ​ទីនោះ​មាន​បុរាណ​ដ្ឋា​ន​មួយចំនួន ដែល​លោកគ្រូ ខៀវ ចាន់​ចង់បង្ហាញ​ដល់​ក្រុមនិស្សិត មាន​ទាំង​ស្ពាន ផ្លូវ និង​ប្រាសាទ​ផង​។​
 
​ទៅដល់​អង្គរជុំ យើង​បាន​ចុះ​ពី​រថយន្ត និង​ដើរ​ថ្មើរជើង​លើ​ចំងាយ​ផ្លូវ​ហែល​២០០​ទៅ​៣០០​ម៉ែត្រ យើង​បាន​ទៅដល់​ប្រាសាទ​មួយ​ឈ្មោះថា «​ក្តី​តា​គាំ​» ឬ «​តា​គាំ​តូច​» ឬ​អ្នកស្រុក​ហៅថា ប្រាសាទតាគាំ​។ ប្រាសាទ​នេះ​ជា​មន្ទីរពេទ្យ​បុរាណ ហើយ​សង់​ឡើង​ពី​ថ្មភក់​ពណ៌​ក្រហម​ដូច​ប្រាសាទបន្ទាយស្រី​ដែរ​។ 
 
​យើង​បន្ត​ដោយ​ថ្មើរជើង ចូល​តាមផ្លូវ​បុរាណ​មួយ ដែល​បច្ចុប្បន្ន​លែងមាន​មនុស្ស​ដើរ និង​មាន​រូបរាង​ដូច​ទៅនឹង​ផ្លូវ​រទេះ​តូច​មួយ ចម្ងាយ​ប្រហែល​ជិត​មួយ​គីឡូ​ដី យើង​បាន​ទៅដល់​ប្រាសាទតាគាំ​ធំ ដែល​អ្នកស្រុក​ហៅ​ប្រាសាទ​គោល​។ ប្រាសាទតាគាំ និង​ប្រាសាទ​គោល គឺ​សង់​ពី​ថ្មភក់​ពណ៌​ក្រហម​ដូចគ្នា ហើយ​ដួលរលំ​ស្ទើរតែ​ទាំងស្រុង គឺ​នៅសល់តែ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​។​
 
​បញ្ចប់​ទស្សនៈ​របស់​ក្រុមនិស្សិត​ត្រឹម​ប្រាសាទ​គោល​។ រថយន្ត​បាន​ចាក​ចេញពី​ស្រុក​អង្គរជុំ សំដៅទៅ​ក្រុង​សៀមរាប ទី​ដែល​គម្រោង​ទស្សនៈកិច្ច​សិក្សា​របស់​ក្រុមនិស្សិត​ផ្នែក​បុរាណវិទ្យា​ជំនា​ន់ទី​២៥ បានបញ្ចប់​ជា​ស្ថាពរ​៕
 











Tag:
 ស្ពាន​ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com