សៀមរាប៖ មិនខុសអ្វីពីអ្នកសិក្សាស្រឡាញ់ប៊ិច និងសៀវភៅ ឯអ្នកថតរូបស្រឡាញ់កាមេរ៉ានោះដែរ។ កាមេរ៉ា ជាចំណែកមួយយ៉ាងសំខាន់ ដែលធ្វើឲ្យពួកគេសប្បាយរីករាយ បំបាត់ភាពធុញទ្រាន់ នៅពេលបានចាប់កាន់វា ពិសេសពេលបានផ្តិតរូបភាពស្អាតៗ។ ដូចគ្នានេះដែរ លោក នួន រតន៍ ដែលជាអ្នកស្រឡាញ់ និងចាប់អាជីពជាអ្នកថតមួយរូប បានចាត់ទុកកាមេរ៉ាដូចប្រពន្ធទី២ និងតែងឱបស្ពាយវាជាប់ខ្លួនជានិច្ច។
គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យថតរូបមានការវិវត្តគួរឲ្យកត់សម្គាល់។ ទន្ទឹមការវិវត្តនូវសម្ភារម៉ាស៊ីនថត និងទូរសព្ទស្មាតហ្វូត ដែលមានតម្លៃសមរម្យ ធ្វើឲ្យវិស័យនេះមានអ្នកស្រឡាញ់ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ អ្នកថតរូបខ្លះក៏ចាប់ជាអាជីព ខ្លះទៀត ថតគ្រាន់តែភាពសប្បាយរីករាយផ្ទាល់ខ្លួន។
សម្បុរស្រអែម មាឌធំ រាងខ្ពស់ លោក នួន រតន៍ គឺជាមនុស្សម្នាក់ដែលស្រឡាញ់ការងារជាអ្នកថតរូបជាខ្លាំង។ ការថតរូបរបស់លោក នួន រតន៍ ជាការងារឯករាជ្យ ហើយវាជាចំណែកមួយដ៏សំខាន់សម្រាប់ជីវិតលោក។
ផ្តើមពីការចាប់អារម្មណ៍នឹងរូបភាពមួយសន្លឹក ដែលបង្ហាញពីសរសៃពន្លឺភ្លើងដ៏ចម្លែករបស់ជន បរទេសម្នាក់ ធ្វើឲ្យលោក រតន៍ មានចិត្តចង់ដឹងពីវិស័យថតរូប។ នៅឆ្នាំ២០០២ លោកបានចាប់ផ្តើមប្រឡូកការងារថតរូប ក្នុងបំណងចង់ដឹងពីរបៀបថតជាប់សរសៃភ្លើងឆ្មាៗ ដូចដែលជនបរទេសម្នាក់នោះថតបាន។ ក្រោយប្រឡូកក្នុងអាជីពនេះរយៈពេល៣ឆ្នាំ ទើបលោក រតន៍ រកឃើញពីគន្លឹះនៃការថតរូបដូចបរទេសនោះបាន។
ជាអ្នកថតរូបឯករាជ្យម្នាក់ លោក រតន៍ ចូលចិត្តថតរូបជាការកម្សាន្តច្រើន ដូចជាជីវិតប្រចាំថ្ងៃ ទេសភាព រូបសត្វល្អិតជាដើម។ លោកចាប់អារម្មណ៍នឹងការថតរូបនេះ ដោយចាត់ទុកថាជាការងារមួយជួយបំបាត់ការធុញថប់ និងជួយក្នុងការហាត់ប្រាណរបស់លោកផងដែរ។ ក្នុងថ្ងៃខ្លះ លោក រតន៍ប្រើពេលស្ទើរពេញមួយថ្ងៃ ដើម្បីថតទិដ្ឋភាពអ្វីមួយដែលលោកចង់បាន គឺចាប់ផ្តើមពីម៉ោង ៤ភ្លឺ រហូតដល់ពេលយប់ក៏មាន។
«យើងបានរូបភាពអាចម៍ផ្កាយមួយ យើងត្រូវការពេលវេលាសមរម្យ។ ហ្វូងផ្កាយដ៏ស្រស់ស្អាត នឹងបញ្ចេញពន្លឺមុនពេលភ្លឺ ហើយទាល់តែមេឃស្រឡះល្អ ដូច្នេះការថតអាចម៍ផ្កាយនេះ គឺទាមទារឲ្យយើងអត់ធ្មត់ខ្ពស់»។ នេះជាការរៀបរាប់របស់លោក រតន៍ ក្នុងផ្នែកមួយនៃការថតរូបរបស់លោក។ លោកចាត់ទុកការងារថតរូបជារឿងសំខាន់ ដោយសារថា ការផ្តិតរូបមួយៗគឺសម្រាប់លោក វាពិតជាពិបាកណាស់ ដើម្បីឲ្យបានរូបភាពដ៏ស្រស់ស្អាត និងបង្កប់ន័យក្នុងនោះ។
លោកបន្ថែមថា៖« រូបភាពមួយៗ គឺពិបាក។ មុនយើងចង់ថតអ្វីមួយ យើងត្រូវដេកគិតពីយប់ឲ្យហើយ តើយើងចង់ថតស្អី នៅកន្លែងណា ព្រោះរូបមួយៗវាមាននិយមន័យរបស់វា ដូចជាជីវិតរាល់ថ្ងៃ សកម្មភាពទូទៅរបស់មនុស្ស រួមនឹងមជ្ឈដ្ឋានទូទៅរបស់គេ»។
ស្ថិតក្នុងវ័យ៣២ឆ្នាំ លោក រតន៍ សារភាពថា ការងារថតរូបរបស់លោកដំបូងឡើយ គឺមានការរាំងស្ទះពីគ្រួសារខ្លាំង។ គ្រួសារមិនយល់ពីអ្វីដែលលោកកំពុងធ្វើ និងគិតថា លោកចំណាយពេលធ្វើការឥតប្រយោជន៍។ យ៉ាងណា ដោយសេចក្តីស្រឡាញ់ លោក រតន៍ខំប្រឹងតស៊ូ រហូតអាចរកចំណូលខ្លះៗពីវិស័យថតរូបនេះ។
បច្ចុប្បន្នលោក រតន៍ មានភាពមមាញឹកខ្លាំងទៅនឹងការទទួលថតរូប ហើយមានការគាំទ្រពីក្រុមគ្រួសារផងដែរ។ លោកទទួលថតរូបជាការកម្សាន្ត ថតកម្មវិធី សណ្ឋាគារ Pre-wedding ។ល។
លោក រតន៍ មានបងប្អូនចំនួន២នាក់ ហើយលោកជាកូនទី២។ លោកមានឪពុកជាមន្ត្រីរាជការ និងមា្តយជាស្ត្រីមេផ្ទះ។ នៅកុមារភាពលោកបានចូលរៀននៅសាលាបឋមសិក្សាវត្តបូព៌ ថ្នាក់អនុវិទ្យាល័យនៅ វិទ្យាល័យអង្គរ និងបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា១០មករា ឆ្នាំ១៩៧៩។ លោក រតន៍ រៀនត្រឹមថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ក្រោយទទួលបានការងារនៅមន្ទីរពេទ្យឯកជនមួយ។ ក្រៅពីការងារថតរូប លោកក៏ជាជំនួយការគ្រូពេទ្យផ្នែកម៉ាស៊ីនស្កែនផងដែរ។ លោកតែងយកភាពធុញថប់នឹងការងារជាច្រើន មកបោះបង់ជាមួយនឹងការថតរូបរបស់លោក។
ដោយការស្រឡាញ់ និងមានគោលដៅច្បាស់លាស់ចំពោះការងារថតរូប លោក រតន៍បញ្ជាក់ថា លោកនឹងបន្តអាជីពមួយនេះ ដោយមិនបោះបង់ឡើយ។ លោក រតន៍ ដែលមានមិត្តភក្តិមួយក្រុមជាអ្នកចូលចិត្តថតរូបដូចគ្នា មានបំណងបង្កើតក្រុមហ៊ុនថតរូបមួយទៅថ្ងៃអនាគត។ «ការថតរូប ចង់ថា៥០%ទៅហើយនៃជីវិតរបស់ខ្ញុំ។ វាធ្វើឲ្យចិត្តខ្ញុំសប្បាយ។ ចង់និយាយថា វាចង់ក្លាយជាប្រពន្ធទី២របស់ខ្ញុំទៅហើយ។ ខ្ញុំពិបាកនឹងបោះបង់វាចោលណាស់។ ខ្ញុំស្រឡាញ់វា»។ លោកបន្តថា៖« ពេលខ្ញុំគិតអ្វីមិនចេញ ធុញទ្រាន់ ទាញតែកាមេរ៉ា ជិះម៉ូតូចេញទៅក្រៅ។ ទៅណាក៏ទៅដែរ ឲ្យតែខ្ញុំបានថត គឺខ្ញុំសប្បាយចិត្ត»។
ជាដំបូន្មានសម្រាប់យុវជន លោក រតន៍ ចង់ឲ្យពួកគេងាកមកចាប់អារម្មណ៍ការថតរូប ដោយមិនត្រូវយកពេលទៅហូបគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀន ដែលលោកគិតថាជារឿងឥតប្រយោជន៍នោះទេ។ លោកបន្ថែថា៖« នៅស្រុកខ្មែរយើង មានរបស់អស្ចារ្យច្រើនណាស់ដែលយើងមិនទាន់រកឃើញ ហើយមិនទាន់មានរូបភាពបង្ហាញក្នុងប្រព័ន្ធអ៊ីនធឺណិតដែរ។ រូបភាព កន្លែងស្អាត អាថ៌កំបាំងនៅមានច្រើន»។ តែបញ្ហាមួយដែលលោក រតន៍ អះអាងថា នៅជាឧបសគ្គក្នុងការថតរូបនោះ គឺប្រជាជនខ្មែរមួយចំនួនធំ នៅមិនទាន់ឲ្យតម្លៃលើការថតរូបនៅឡើយ៕
ខាងក្រោមនេះជារូបភាពដែលថតដោយ លោក នួន រតន៍