អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​ឌឺ​អ្នកកាសែត​៖ «​ជាប់ឆ្នោត​ប្រាំ​អាណត្តិ​ដូច​ខ្ញុំ ប្រាកដជា​មេដឹកនាំ​ផ្តាច់ការ​អស្ចារ្យ​ម្នាក់​ហើយ​»
07, May 2017 , 4:03 pm        
រូបភាព
 
 
​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ដែល​កាន់អំណាច​ជាង ៣០​ឆ្នាំ បាន​អួត ប្រាប់​អ្នកសារព័ត៌មាន មេដឹកនាំ​ដែល​ឈ្នះ​ឆ្នោត​ប្រាំ​អាណត្តិ​ជាប់ៗ​គ្នា​ដូច​លោក បើសិន​ផ្តាច់ការ ក៏​គេ​ហៅថា​ជា​មេដឹកនាំ​ផ្តាច់ការ​អស្ចារ្យ​ម្នាក់​ដែរ​។

 
​វា​ជា​រឿង​ចម្លែក​នៅពេលដែល​គេ​ប្រើប្រាស់​ពាក្យ «​អស្ចារ្យ​»​ជាមួយ​ពាក្យ «​ផ្តាច់ការ​»​ព្រោះ​ផ្តាច់ការ​វា​មានន័យ​អវិជ្ជមាន​រួចទៅហើយ​។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ហ៊ាន​ភ្ជាប់ពាក្យ​ទាំងពីរ​នេះ​ដើម្បី​អត្ថាធិប្បាយ​ពី​ខ្លួន​លោក និង​មរតក​នយោបាយ​របស់​ខ្លូន​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន Al Jazeera នៅ​ចុងខែ​មេសា​។​
 
 ពេល​អ្នកសារព័ត៌មាន​ចោទសួរ​ក្នុងពេល​សម្ភាស​ថា «​តើ​លោក​ធ្វើ​ដូចម្តេច​ដើម្បី​ធានាថា​លោក​មិនត្រូវ​ប្រជាជន​ចាត់ទុកជា​ជន​ផ្តាច់ការ តែ​ជា​មេដឹកនាំ​ជាប់ឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​?  ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ស្រាប់តែ​តប​វិញ​ថា «​មេដឹកនាំ​ផ្តាច់​ការដែល​ត្រូវគេ​បោះឆ្នោត​ឲ្យ​ប្រាំ​ដង​។ នោះ​ប្រាកដជា​មេដឹកនាំ​ផ្តាច់ការ​អស្ចារ្យ​ម្នាក់​ហើយ ហើយក៏​ពិសេស​ខ្លាំង​ដែរ​។ ជាប់ឆ្នោត​៥​អាណត្តិ​ជាប់​គ្នា​ដោយបាន​សំឡេងគាំទ្រ​ភាគច្រើន ប្រាកដជា​មេដឹកនាំ​ផ្តាច់ការ​ដ៏​អស្ចារ្យ​ម្នាក់​មិនអាច​ប្រកែក​បានឡើយ​»​។​
 
​មេដឹកនាំ​អ៊ូ​ហ្ក​ង់​ដា​រូបនេះ​ចង់​ប្រាប់​គេឯង​ថា លោក​ជាប់ឆ្នោត​ជាប់ៗ​គ្នា​កន្លងមកនេះ បញ្ជាក់​ច្បាស់​ហើយ​ថា លោក​មិនមែនជា​ជន​ផ្តាច់ការ​ដូច​គេ​ចោទ ហើយ​លោក​ឡើងកាន់តំណែង​ត្រឹមត្រូវ​តាម​ការបោះឆ្នោត​ផង​។​
 
​លោក Museveni ជា​មេដឹកនាំ​អាហ្វ្រិក​មួយរូប​ដែល​កាន់តំណែង​យូរ​ជាង​។ ក្នុង​វ័យ ៧២​ឆ្នាំ លោក​ឡើងកាន់​អំណាច​ដោ​យ​ចលនា​ប្រដាប់អាវុធ​ឆ្នាំ ១៩៨៦ ហើយ​បន្តម​កលោក​ឈ្នះឆ្នោត​រហូត​ប្រាំ​អាណត្តិ​បន្តបន្ទាប់​គ្នា​ដោយមាន​បញ្ហា​មិន​ប្រក្រតី​និង​មាន​ហិង្សា​ថែមទៀត​។ មេដឹកនាំ​រូបនេះ​តែងតែ​អះអាងថា លោក​ជា​មេដឹកនាំ​នៃ​រដ្ឋ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជា​មេដឹកនាំ​ល្អប្រសើរ​ដែល​ដឹកនាំ​ប្រទេស​ពី​ក្រីក្រ​ទៅរក​ភាពប្រសើរឡើង​ថែម​ទ​ផង​។ ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​និង​អង្គការ​សង្គម​ស៊ីវិល​បាន​បន្ត​រិះគន់ និង​ចោល​ប្រកាន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បញ្ហា​ចម្រូងចម្រាស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​ខ្លួន​ជាដើម​នោះ​។​
 
​ម្យ៉ាង​លោក​ក៏​រង​ការចោទប្រកាន់​រឿង ប្រើប្រាស់​បក្សពួកនិយម​និង​គ្រួសារនិយម​ដើម្បី​កេង​ប្រយោជន៍​រដ្ឋ​ដែរ​។ ក្រោយ​ជាប់ឆ្នោត​ជាថ្មី​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៦ លោក បានសម្រេច​តែ​តាំង​ភរិយា​ខ្លួនឯង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែលជា​តំណែង​សំខាន់បំផុត​មួយ​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​ខ្លួន​ថែមទៀត​។​
 
​មកដល់​ពេលបច្ចុប្បន្ន​លោក​មាន​វ័យ ៧២ ឆ្នាំ ពោលគឺ​នៅសល់​ពេល​តែ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​លោក​ត្រូវ​បញ្ចប់ជីវិត​និ​យោ​បាយ​ព្រោះតែ​រដ្ឋធម្មនុញ្ញ​កំណត់​។ នៅ​អ៊ូ​ហ្ក​ង់​ដា រដ្ឋធម្មនុញ្ញ​កំណត់​ឲ្យ​អ្នកនយោបាយ​ឈប់ឈរ​ឈ្មោះ​ដើម្បី​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅ​អាយុ​៧៥​ឆ្នាំ​។ ប៉ុន្តែ​គេ​រំពឹងថា លោក​ប្រធានាធិបតី​ដែល​កាន់តំណែង​ជាង ៣០​ឆ្នាំនេះ​នឹង​ព្យាយាម​រក​ឱកាស​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោក​កាន់តំណែង​ទៅមុខទៀត​៕
 

Tag:
 Yoweri Museveni
  អ៊ូ​ហ្ក​ង់​ដា
© រក្សាសិទ្ធិដោយ thmeythmey.com