អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ម៉ាក្រុង ផ្តួលលោកស្រី ឡឺប៉ែន ក្លាយជាប្រធានាធិបតី​បារាំង​ទី​ ២៥
08, May 2017 , 1:03 am        
រូបភាព
ដោយ: ថ្មីៗ
 បេក្ខជន​កណ្តាលនិយម​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានផ្តួលបេក្ខជនស្តាំនិយម​ជ្រុលលោកស្រី  ម៉ារីន ឡឺប៉ែន (Marine Le Pen) ក្នុងការ​បោះឆ្នោត​ជុំទី២ ថ្ងៃអាទិត្យ។ លោកទទួលបាន​សំឡេងគាំទ្រ​ចន្លោះពី ៦៥,៥ ទៅ ៦៦,១ភាគរយ បើតាមការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ AFP។ ក្នុងវ័យ​ត្រឹម ៣៩ឆ្នាំ បេក្ខជន​កណ្តាលនិយម​រូបនេះនឹងក្លាយជាប្រធានាធិបតីបារាំងទី២៥​ ដែលនឹង​ស្នងតំណែង​លោក ហ្វ្រង់​ស្វ័រ ហូឡង់។



ចុងក្រោយ​ លទ្ធផល​បោះឆ្នោត​ជុំទី២ ថ្ងៃអាទិត្យ​បង្ហាញ​ថា បេក្ខជន​កណ្តាលនិយម​និងជា​អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង ឈ្នះ​ឆ្នោត​ជាប្រធានាធិបតីដោយបាន​សំឡេង​គាំទ្រ​ច្រើនជាង​៦០ ភាគរយឯណោះ។ លោកក្លាយជា​ប្រធានាធិបតី​ទី ២៥​ (ទី៨ ក្នុងរបបសាធារណរដ្ឋទីប្រាំ) របស់បារាំង ដែលមានវ័យក្មេង​បំផុត​ត្រឹមតែ​ ៣៩ ឆ្នាំប៉ុណ្ណោះ។ 

យោងតាមទីភ្នាក់ងារព័ត៌មាន  AFP ក្រោយ​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន​ លោក ម៉ាក្រុង បាន​ថ្លែងថា ទំព័រថ្មីនៃក្តីសង្ឃឹមរបស់បារាំងចាប់ផ្តើម​ហើយ។ លោកបាន​បញ្ជាក់ដូច្នេះ« ទំព័រ​ថ្មី​នៃប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ​របស់យើង​ចាប់ផ្តើមនៅ​យប់​នេះ។ ខ្ញុំ​ចង់ឲ្យវា​ក្លាយជា​ផ្នែកមួយនៃ​ក្តីសង្ឃឹម និងជាទំនុកចិត្ត​ថ្មីមួយទៀត»។ 

គេឃើញ​មានការអប​អរសាទរពីសំណាក់ប្រជាជន​បារាំងគ្រប់ស្រទាប់វណ្ណៈនៅក្រៅសារៈមន្ទីរ Louvre កណ្តាលក្រុងប៉ារីស​ ដើម្បី​ស្វាគមន៍ប្រធានាធិបតី​ក្មេងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។ ចំណែករដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោក Sigma Gabriel ការសាទរ ក្រោយ​លឺ​ពី​ជ័យ​ជម្នះរបស់​លោក​ ម៉ាក្រុង ​ដែល​ជា​អ្នក​គាំទ្រ​សហភាព​អឺរ៉ុប​ និងពាណិជ្ជកម្មសេរីនេះ។





ចំណែកប្រធានាធិបតីអាមេរិកលោក ​ដូណាល់ ត្រាំ​ ដែល​​កោតសរសើរលោកស្រី ឡឺប៉ែន​ ក៏បាន​ផ្ញើសារអបអរ​សាទរតាមគណនី Twitter ផ្លូវការ ចំពោះជ័យជម្នះរបស់លោក​ អេម៉ានុយអែល ​ម៉ាក្រុង ដូចគ្នា។ លោក​ត្រៀមធ្វើការងារ​ជាមួយលោក ម៉ា ក្រុង​ នៅពេលខាងមុខ។ 

«សូមអបអរសាទរលោក អេម៉ានុយអែល​ ម៉ាក្រុង ចំពោះការ​ទទួល​ជ័យជម្នះដ៏ធំធេងថ្ងៃនេះ ដោយលោកក្លាយជាប្រធានាធីបតី​បារាំង។ ខ្ញុំរង់ចាំធ្វើការជាមួយលោកនៅ​​ពេលខាងមុខនេះ»។ នេះជាសម្តី​របស់លោក ដូណាល់ ត្រាំ។  




ថ្មីៗ សូមរម្លឹកឡើងវិញ ពាក់ព័ន្ធជីវប្រវត្តិរបស់​ប្រធានាធិបតី​ថ្មីរបស់បារាំងលោក ម៉ាក្រុង ដូចខាងក្រោម៖
 
​លោក អេម៉ានុយអែល ម៉ាក្រុង មានឈ្មោះ​ល្បីល្បាញ​ក្នុង​រដូវ​កាល​បោះឆ្នោត​ប្រធានាធិបតី​បារាំង បន្ទាប់ពី​លោក​ជាប់ឆ្នោត​ជុំទីមួយ​ដើម្បី​ឈានទៅ​ដណ្តើម​កៅអី​ប្រធានាធិបតី​។ ពេលនេះលោកបានក្លាយជាប្រធានាធិបតី​បារាំងពិតហើយ។  ជា​អ្នកនយោបាយ​កណ្តាល​និយម​លោក ម៉ាក្រុង  ស្ថិតក្នុង​វ័យ ៣៩​ឆ្នាំ និង​អ្នកនយោបាយ​មាន​ទេពកោសល្យ​និង​មានបទពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ផង​។​
 
​តាមពិតទៅ លោក ម៉ាក្រុង បានកើត​នៅក្នុង​ឆ្នាំ ១៩៧៧ ហើយ​លោក​បានបញ្ចប់​ការសិក្សា​ពីសា​លា​ជាតិ​រដ្ឋបាល​ដែលជា​គ្រឹះស្ថានសិក្សា​ដែល​បណ្តុះបណ្តាល​មន្ត្រី​រដ្ឋ​ការ​កំពូលៗ ហើយ​ក្នុងនោះ​មាន​ប្រធានាធិបតី​បារាំង​ចំនួន​បីនាក់​ផងដែរ​។ 
 
​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ហើយ លោក ម៉ាក្រុង មិន​បង្អង់​យូរ​ឡើយ ដោយ​លោក​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​តែម្តង​។ លោក​ផ្តើម​ការងារ​ជា​មន្ត្រីអធិការកិច្ច​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច ហើយ​បន្ទាប់មក​លោក​បាន​ចូលរួម​ធ្វើកា​ងារ​ក្នុង​ធនាគារ Rothschild & Cie​។ 
 
​ក្នុង​វិស័យ​នយោបាយ​លោក ម៉ាក្រុង បាន​បំពេញការងារ​ជា​ប្រធាន​នាយកដ្ឋាន សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៤ ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ​លោក​ទទួលខុស​ត្រូវជា​អគ្គលេខាធិការរង​នៃ​ប្រធានាធិបតី (Deputy Secretary General of Presidency)​។ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ លោក​ត្រូវបាន​ជ្រើសរើស​តាំង​ដោយ​រដ្ឋបាល​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់​ឲ្យ​បំពេញការងារ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​។ 
 
​ក្នុង​ខែមេសា​ឆ្នាំ ២០១៦ លោក ម៉ាក្រុង បានសម្រេច​លាលែង​ពី​តំណែង​និង ចេញមុខ​បង្កើត​ចលនានយោបាយ​ខ្លួនឯង​ដែលមាន​ឈ្មោះថា En March ឬ On the move ជា​ភាសា​អង់គ្លេស​ដើម្បី​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​។​ រឿងដែល​គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺជាជីវិត​ស្នេហារបស់លោក តែម្តង។ លោ​ក​មានភរិយា​ដែលមាន​អាយុ​ច្រើនជាងលោក ២៤​ឆ្នាំនិង​ជាអតីត​គ្រូបង្រៀនរបស់លោកទៀតផង។​
 
​ត្រឡប់មកវិញ គោលនយោបាយ​សំខាន់​របស់លោក គឺ គាំទ្រ​សហភាព​អឺរ៉ុប​, បន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​បារាំង​ជាមួយ​ពិភពលោក និង បង្កើន​ទុនវិនិយោគ​ក្នុង​វិស័យ​សាធារណៈ​ផងដែរ​។​លោក​ជា​អ្នកនយោបាយ​មាន​លក្ខណៈ​ប្រសើរ​ជាងគេ​ដោយសារ​លោក​មិនដែល​លើក​គោលនយោបាយ​ទាំងឡាយណា​ដែល​ប៉ះពាល់​រឿង​សាសនា​ដូច​អ្នកនយោបាយ​ផ្សេងទៀត​ទេ​។ 
 
គេ​មើលឃើញថា អ្នកនយោបាយ​ម្នាក់នេះ​ជា​ក្តីសង្ឃឹម​របស់​បារាំង​និង​របស់​អឺរ៉ុប​ផងដែរ ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ចលនា​ប្រជា​ឧបាយ​និង​ចរន្ត​ប្រឆាំង​សាកលភាវូបនីយកម្ម​កើនឡើង​នោះ​។ ដូច្នេះ ​វា​ជា​ដំណឹង​ល្អ​សម្រាប់​បារាំង​ផង​និង​សម្រាប់​អឺរ៉ុប​ទាំងមូល​ផង​នៅពេល​ដែលលោក​ជាប់ឆ្នោត​ជា​ប្រធានា​ធិបតី​បារាំងនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com