ជាតិ
សង្គមជាតិ
លោក ម៉ក់ ជី​តូ​៖ «​ខ្ញុំ​ស្គា​ល់បង​ហ៊ុន សាន ៣០​ឆ្នាំ​ហើយ ខ្ញុំ​ឯណា ទៅ​មានរឿង​ដីធ្លី​ជាមួយ​គាត់​»
08, May 2017 , 4:11 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហ៊ុន សាន ដែលជា​បងប្រុស​របស់​សម្តេច ហ៊ុន សែន បាន​ចោទ​លោក ម៉ក់ ជី​តូ ថា​បាន​ប្រើ​អំណាច ក្នុងការ​រំលោភបំពាន​លើ​ដីធ្លី​របស់លោក​។ ប៉ុន្តែ លោក ម៉ក់ ជី​តូ បែរជា​អះអាងថា លោក មិនមាន​ជម្លោះ​ក្នុង​រឿង​ដីធ្លី​ជាមួយ​លោក ហ៊ុន សាន ឡើយ​។​


 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧​នេះ ថា លោក ពុំបាន​ប្រើ​អំណាច ដើម្បី​គំរាមកំហែង ឬ​រំលោភបំពាន​លើ​ដីធ្លី​របស់លោក ហ៊ុន សាន ដែលជា​បងប្រុស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ លោក ម៉ក់ ជី​តូ បញ្ជាក់ថា កន្លងមក លោក មិនដែល​ពាក់ព័ន្ធ ឬក៏​មាន​ជម្លោះ​ជាមួយ​លោក ហ៊ុន សាន ក្នុង​រឿង​ដីធ្លី ទាល់តែសោះ​។

​លោក និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើការ​នៅតែ​ភ្នំពេញ​។ ខ្ញុំ​មិន​ស្គាល់ មិនដែល​ទៅដល់​តំបន់​ដី​របស់គាត់ (​ហ៊ុន សាន​) ផង​ហ្នឹង​។ ខ្ញុំ​ស្គាល់​គាត់ រាប់អាន​ជាមួយ​គាត់ ៣០​ឆ្នាំ​ហើយ ខ្ញុំ​ឯណា ទៅធ្វើ​អ៊ីចឹង​ដាក់​គាត់​។ ហើយពី​ដើម​មក ក៏​យើង មិនដែល​មានរឿង​អ្វី​ជាមួយគ្នា​ដែរ​»​។

​ដោយ​យល់ថា​រឿង​ខាងលើ មិនមែនជា​ការពិត លោក ម៉ក់ ជី​តូ ក៏បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​លោក ហ៊ុន សាន ដើម្បី​សួរនាំ និង​ដោះស្រាយ​ជាមួយគ្នា​។ ពេល​និយាយ​ជាមួយគ្នា​តាម​ទូរ​សព្ទ លោក ហ៊ុន សាន បាន​ប្រា​ប់លោក ម៉ក់ ជី​តូថា «​អ្នកធ្វើការ​នៅ​លើដី​របស់លោក ហ៊ុន សាន ដែលមាន​ដី​ទំហំ​ជាង​១០០​ហិច​តា ស្ថិតនៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ទៅ​រាយការណ៍​ប្រាប់​លោក ហ៊ុន សាន ថា​ទទួលរង​ការគំរាមកំហែង​ពី​សំណាក់​លោក​ម៉ក់ ជី​តូ​»​។ ប៉ុន្តែ ការចោទប្រកាន់​នេះ ត្រូវបាន​លោក ម៉ក់ ជី​តូ ពន្យល់​ប្រាប់​លោក ហ៊ុន សាន ថា​មិនមែនជា​ការពិត នោះទេ​។ ក្រោយ​សន្ទនា​គ្នា​តាម​ទូរ​សព្ទ​​រួចហើយ បញ្ហា​នេះ ក៏ត្រូវ​បានបញ្ចប់​។ ទាំងនេះ គឺជា​ការរៀប​រាប់រប​ស់លោក ម៉ក់ ជី​តូ ដដែល​។ 

​លោក បកស្រាយ​បែបនេះ​ថា​៖«​ពេល​ខ្ញុំ ហៅ​ទូរ​សព្ទ​ទៅ​សួរ​គាត់ (​លោក ហ៊ុន សាន​) គាត់ ក៏​ប្រាប់​ខ្ញុំ​ថា មាន​សហការី​របស់គាត់ ប្រាប់ថា ខ្ញុំ​ហ្នឹង​ជា​អ្នក​គំរាមកំហែង​។ ហើយ​ខ្ញុំ​សួរ ថា តើ​សហការីរ​បស់បង​មួយណា ដែលថា​ខ្ញុំ គំរាមកំហែង​? ហើយ​ខ្ញុំ ឲ្យ​គាត់​នាំ​សហការី​នោះ​មកជួប​ខ្ញុំ ឲ្យ​ស្បថ​ជាមួយ​ខ្ញុំ​តែម្តង បើ​ខ្ញុំ​ពិតជា​គំរាមកំហែង​មែន​។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មិនដែល​ស្គាល់​សហការីរ​បស់បង​ទេ​។ ខ្ញុំ​នៅតែ​ភ្នំពេញ ខ្ញុំ​ណា ទៅ​ស្គាល់​សហការីរ​បស់បង​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ហ៊ុន សាន បាន​ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម ចំពោះ​ការលើកឡើង​របស់លោក ម៉ក់ ជី​តូ នោះទេ​។

​ថ្មីៗ​នេះ លោក ហ៊ុន សាន បានដាក់​លិខិត​ទៅកាន់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​អន្តរាគមន៍ រឿង​ដីធ្លី​របស់លោក​។ នៅក្នុង​លិខិត​នោះ លោក ហ៊ុន សាន បាន​ចោទ លោក ម៉ក់ ជី​តូ ថា​បាន​ប្រើ​អំណាច ដើម្បី​រំលោភបំពាន​លើ​ដីធ្លី​របស់លោក​។ 

​លោក ហ៊ុន សាន បាន​ប្រាប់​សម្តេច ស ខេង តាមរយៈ​លិខិត​នោះ​ថា​៖«​ដោយ​កន្លងមក​ថ្មីៗ​នេះ មន្ត្រី​របស់​សម្តេច ចេះតែ​មក​គំរាមកំហែង​លើ​រូបខ្ញុំ ក្រុមគ្រួសារ​របស់ខ្ញុំ និង​សហការី​របស់ខ្ញុំ ដែល​បាន​ចុះទៅ​រៀបចំ​អភិវឌ្ឍ​លើដី​ខ្ញុំ ដែលមាន​ទំហំ ១១៩​ហិច​តា នៅ​ចំណុច​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងស្ថានភាព​បែបនេះ សូម​សម្តេច  មេត្តា​ណែនាំ​ទៅ​ឯកឧត្តម ម៉ក់ ជី​តូ ដែល​តែងតែ​ការពារ​ជនល្មើស​ក្នុងការ​រំលោភ​យក​ដីរ​បស់​ខ្ញុំ និង​កូន​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​ភាពកក់ក្តៅ ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព បាត់បង់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស​»​។​

​សារព័ត៌មាន​ថ្មីៗ ក៏​មិនអាច​ទាក់ទង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានដែរ ដើម្បី​សាកសួរ​ពី​លិខិត​ដែល​លោក ហ៊ុន សាន ដាក់​ទៅកាន់​សម្តេច ស ខេង​៕


Tag:
 ហ៊ុន សាន​
  ម៉ក់ ជី​តូ
© រក្សាសិទ្ធិដោយ thmeythmey.com