ជាតិ
សង្គមជាតិ
​អ្នក​បឹងកក់ ជំទាស់​នឹង​អាជ្ញាធរ ដែល​ប្រកាស​ឈប់​ដោះស្រាយ​បញ្ហាដីធ្លី​
08, May 2017 , 6:29 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រុម​ស្ត្រី​បឹងកក់ បាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​សាលា​រាជធានី​ភ្នំពេញ ដែល​ប្រកាស​ឈប់​ដោះស្រាយ​បញ្ហាដីធ្លី​នៅក្នុង​តំបន់​បឹងកក់​។​



​ក្រុម​ស្ត្រី​ក្នុង​តំបន់​បឹងកក់​ប្រមាណ​២០​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងយុត្តិធម៌ ដើម្បី​សូម​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​លោកស្រី ទេព វ​ន្នី ជា​សកម្មជន​បឹង​មួយរូប ដែល​កំពុងតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។ ស្របពេលនោះ ក្រុម​ស្រី្ត​បឹង​ង​កក់​ខាងលើ ក៏​ឆ្លៀត​រិះគន់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ដែល​ប្រកាស​ឈប់​អើពើ​នឹង​ការតវ៉ា​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ក្នុង​តំបន់​បឹងកក់​

​លោកស្រី សុង ស្រី​លាភ ដែលជា​សកម្មជន​បឹងកក់​មួយរូប បាន​និយាយ​ដូច្នេះ​ថា​៖«​សួរ​គាត់​ជា​អ្នកណា ដែល​ហ៊ាន​បិទ​ការដោះស្រាយ​បញ្ហាដីធ្លី​ក្នុង​តំបន់​បឹងកក់​? ក្នុងនាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ពួក​ខ្ញុំ​ជឿជាក់ថា ថា្នក់​នាំ​នៃ​ប្រទេស​កម្ពុជា នឹង​ក្រឡេកមើល​មន្ត្រី​របស់គាត់ ដែល​រំលោភបំពាន​លើ​ហត្ថលេខា​របស់គាត់ ដែល​ព្យាយាម​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ឈប់​ជម្លោះដីធ្លី​ក្នុង​តំបន់​បឹងកក់​។ ប៉ុន្តែ ធាតុពិត មន្ត្រី​ថ្នាក់ក្រោម​របស់គាត់ ជាពិសេស​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​រំលោភបំពាន ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា ដោយសារតែ​អំពើពុករលួយ និង​តាំង​ខ្លួនឯង​ជា​អ្នក​បញ្ឈប់​ការដោះស្រាយ​នៅ​តំបន់​បឹងកក់​»​។​

​ក្រុម​ស្រី្ត​បឹងកក់   ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ យក​ច្បាប់​មក​អនុវត្ត ឲ្យ​មាន​ភាពស្មើគ្នា ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​នៅក្នុង​តំបន់​បឹងកក់​។ ពួកគេ និយាយទៀតថា ការដោះស្រាយ​បញ្ហា​ដោយ​ឥត​លម្អៀង នឹង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ និង​មាន​ជំនឿ​ទៅលើ​រដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា ថ្មីៗ លោក ឃួ​ង ស្រេង អ្នកនាំពាក្យ និង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ បានប្រកាសថា សាលា​រាជធានី​ភ្នំពេញ សម្រេច​ឈប់​ដោះស្រាយ​ទំ​ទាស់​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់​។ លោក ឃួ​ង ស្រេង លើក​ហេតុផល​ថា ដំណោះស្រាយ​លើ​ទំ​ទាស់​ដីធ្លី​កន្លងមក គឺ​សមរម្យ​ហើយ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​៕


Tag:
 បឹងកក់
© រក្សាសិទ្ធិដោយ thmeythmey.com