ជាតិ
ការដាំ​កូនឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​យុទ្ធនាការ​ស្តារឡើងវិញ​នូវ​ព្រៃឈើ​លើ​ភ្នំ​គូលែន​
08, May 2017 , 10:19 pm        
រូបភាព
​សៀមរាប​៖ ដើម្បី​ស្រោចស្រង់​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន ដែល​រង​ការកាប់បំផ្លាញ​ស្ទើរ​ទាំងស្រុង​នោះ ក្រសួងបរិស្ថាន និង​សាលា​ខេត្តសៀមរាប បានរៀបចំ​ឲ្យ​មាន​ការដាំ​កូនឈើ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​។ នេះ​ជា​យុទ្ធនាការ​ដ៏​ធំ​សម្រាប់​ឆ្នាំ​២០១៧​នេះ ហើយ​តាម​គម្រោង​ដើមឈើ​ដែល​ត្រូវ​យកមក​ដាំ​មាន​ចំនួន​ជាង​៧​ម៉ឺន​ដើម​។​



​ក្រសួងបរិស្ថាន និង​សាលាខេត្ត​សៀមរាប​បានបង្ហាញ​ជំហរ​ដ៏​ច្បាស់លាស់​មួយ ក្នុងការ​ស្តារឡើងវិញ​ចំពោះ​ព្រៃឈើ​ដែល​បាន​បាត់បង់​នៅលើ​ខ្នងភ្នំ​គូលែន​។ តាម​ការប៉ាន់ស្មាន​ពី​អង្គការ​មួយ ព្រៃឈើ​នៅលើ​ភ្នំ​គូលែន នៅសល់​មិន​ដល់​២០%​ផង​។ យុទ្ធនា​ការដាំ​កូនឈើ​ជា​ទ្រង់ទ្រាយ​ធំ​របស់​ក្រសួងបរិស្ថាន និង​សាលា​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ការស្តារ​ឡើងវិញ​ព្រៃឈើ​នៅ​ភ្នំ​គូលែន​» ហើយ​មានការ​ចូលរួម​យ៉ាង​ផុសផុល ពី​សំណាក់​ប្រជាពលរដ្ឋ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​។​



​តាម​មន្ត្រី​នៃ​អង្គការ ADF ដែល​ធ្វើការ​ជាមួយ​ក្រសួងបរិស្ថាន​នៅលើ​ភ្នំ​គូលែន គម្រោង​ដាំ​កូនឈើ​ខ្នាត​ធំ​នេះ ធ្វើឡើង​នៅលើ​ផ្ទៃដី​ជាង ១៦​ហិកតា (១៦.៣​ហិកតា​) ហើយ​កូនឈើ​ដែល​ត្រូវ​ដាំ​មាន​ចំនួន ៧៥,០០០​ដើម​។ លោក សា​ឃឿន សក្កា កូនឈើ​ទាំងនោះ ១៥,០០០​ដើម​ជា​ប្រភេទ​ឈើ​ហូប​ផ្លែ និង​៦​ម៉ឺន​ដើម​ទៀត ជា​ឈើ​ព្រៃ មាន​គ្រញូង​ជាដើម​។

​តាម​ការបញ្ជាក់​របស់​លោក សក្កា នៅ​ថ្ងៃទី​៨ ខែឧសភា យុទ្ធនាការ​ខាងលើ​ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ជា​បណ្តើរៗ ដោយ​ក្នុងនោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គ្រូបង្រៀន និង​សិស្សានុសិស្ស បាន​ចុះ​ដាំ​កូនឈើ​ទាំងនោះ បាន​ជាង​មួយ​ម៉ឺន​ដើម​ហើយ​ដែរ​។ លោក​ពន្យល់ថា​៖« ដោយសារ​កូនឈើ​មាន​ច្រើន ណាមួយ​ភ្លៀង​ចាប់​ធ្លាក់​ជា​បណ្តើ​រហើយ​ដែរ ដូច្នេះ​យើង​ប្រញាប់​ដាំ​»​។



​តាម​គម្រោង ក្រសួងបរិស្ថាន និង​សាលា​ខេត្តសៀមរាប បានកំណត់​យក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​ដាំ​ជា​ទ្រង់ទ្រាយ​ធំ និង​ជា​ថ្ងៃ​សម្រាប់​ការដាំ​បញ្ចប់​នៃ​គម្រោង​មួយ​នេះ​។ បែបនេះ​ក្តី ដោយសារ​កូនឈើ​មាន​ចំនួន​ច្រើន ហើយ​ផ្ទៃដី​ធំ​ល្វឹងល្វើយ​នោះ ឧ​ទ្យា​នុ​រក្ស​បាននិងកំពុង​ចុះ​ដាំ​ជា​បណ្តើរៗ​។​

​គម្រោង​ស្តារឡើងវិញ​ព្រៃឈើ​ភ្នំ​គូលែន ជា​គម្រោង​ដ៏​ធំ​របស់​ក្រសួងបរិស្ថាន និង​សាលា​ខេត្តសៀមរាប ក្រោយ​រមណី​ដ្ឋា​ន​ភ្នំ​គូលែន បាន​ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​ហូត​ពី​ក្រុមហ៊ុន​ឯកជន មក​គ្រប់គ្រង​ជំនួស​វិញ កាលពី​ចុងឆ្នាំ​២០១៥​។ បែបនេះ​ក្តី រហូតមកដល់​បច្ចុប្បន្ន​នេះ ការដោះស្រាយ និង​ការផ្តល់​សំណង​នានា ហាក់​នៅ​ត្រឹង​ថ្កល់​នៅឡើយ​។​



​អង្គការ ADF ដែល​ធ្វើការ​ស្រាវជ្រាវ​លើក​បុរាណ​ដ្ឋា​ន​នៅលើ​ភ្នំ​គូលែន ធ្លាប់បាន​បញ្ជាក់ថា ការងារ​បុរាណ​ដ្ឋា​ន​របស់ខ្លួន​ជួបនឹង​បញ្ហា​ដោយសារ​ការ​ទ​ន្ទ្រា​ញ​ព្រៃ​ខុសច្បាប់​។ អង្គការ​មួយ​នេះ​ពន្យល់ថា ខ្លួន​ធ្លាប់​ផ្តល់​គម្រោង​ស្តារ​ជីវភាព​ប្រជាជន​នៅលើ​ខ្នងភ្នំ​មួយ​នេះ ដូចជា​ការ​ទុន​សម្រាប់​ចិញ្ចឹម​ត្រី មាន់ ទា និង​បណ្តុះ​ផ្សិត​ជាដើម តែ​ពួកគេ​ទទួលស្គាល់ថា ពលរដ្ឋ​ខ្លះ​នៅតែ​ងាក​ទៅ​ទ​ន្ទ្រា​ញ​ព្រៃ រាន​ធ្វើ​ចំការ​ដដែល​។​



​គួរ​បញ្ជាក់ថា គម្រោង​ស្តារ​ព្រៃឈើ​នេះដែរ ក្នុងនោះ​ក៏មាន​គម្រោង​មួយ រវាង​ក្រសួងបរិស្ថាន និង​មូលនិធិ Adaptation ដោយមាន​កិច្ច​សហប្រតិបត្តិ​ពី​អង្គការ ADF, UNEP និង​សាលាបឋមសិក្សា​អន្លង់​ធំ​។ ការងារ​នេះ​មានការ​ចូលរួម​យ៉ាង​ផុសផុល​ពី​នាយក​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​អន្លង់​ធំ​៕


Tag:
 ​ព្រៃឈើ​
  គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com