ជាតិ
គ​.​ជ​.​ប ចំណាយ​ថវិកា​ជិត ៨​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ ដែល​បោះឆ្នោត​រួច​
09, May 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​៧.៩ ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ​ចំនួន ៤៦៥០០​ដប ពី​ក្រុមហ៊ុន​ក្នុងប្រទេស​ឥណ្ឌា ។ ទឹកខ្មៅ​នេះ គឺ​សម្រាប់​ជ្រលក់​ដៃ​អ្នក ដែល​បោះឆ្នោត​រួចហើយ កុំ​ឲ្យ​បន្លំ​ទៅ​បោះឆ្នោត​ម្តងទៀត​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។



​លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​សម្រាប់​ជ្រលក់​ដៃ​រួចហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​ក្នុងប្រទេស​ឥណ្ឌា មិនទាន់​បញ្ជូនមក​ក​ម្ពុ​ជា​នោះទេ​។ អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ដឹងថា គេ​បញ្ជូនមក​ពេលណា​ទេ​។ ប៉ុន្តែ យ៉ាងហោចណាស់ ត្រូវតែ​បញ្ជូនមក មុនពេល​បោះឆ្នោត​១៥​ថ្ងៃ​ដែរ​»​។

​បើតាម លោក ហង្ស ពុទ្ធា ដដែល គ​.​ជ​.​ប មិន​ហ៊ាន​ធានា​ឲ្យ​បាន ១០០​ភាគរយ​ឡើយ ថា ទឹកខ្មៅ​ជ្រលក់​ដៃ​នោះ នឹងមិន​អាច​លាង​ជ្រះ​។ លោក សង្កត់ធ្ងន់ថា ការលាង​ជ្រះ​ឬ​មិន​ជ្រះ គឺជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន មិនមែនជា​ការទទួល​ខុសត្រូវ​របស់​គ​.​ជ​.​ប ឡើយ​។

​លោក ហង្ស ពុទ្ធា បកស្រាយ​ថា អ្វីដែល​ជាការ​ទទួលខុសត្រូវ​រប​ស់គ​.​ជ​.​ប គឺ​ធ្វើយ៉ាងណា កុំ​ឲ្យ​មនុស្ស​ម្នាក់ អាច​បោះឆ្នោត លើសពី​ម្តង​។ លោក បន្ថែមទៀតថា ទោះបីជា​ទឹកខ្មៅ​នោះ អាច​លាង​ជ្រះ​ក៏ដោយ ក៏​គ​.​ជ​.​ប អាច​គ្រប់គ្រង​អ្នកបោះឆ្នោត ដោយ​មិន​ឲ្យ​បោះឆ្នោត​ជា​លើក​ទី​២​បានដែរ​។

​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដែលមាន​គណបក្សនយោបាយ​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង ក្នុង​អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។
គណបក្សនយោបាយ នឹង​ចាប់ផ្តើម ឃោសនា​ពី​គោលនយោបាយ ពីថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​។ ក្នុង​ថ្ងៃ​បោះឆ្នោត គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​គ្រោង​ដាក់​អ្នកសង្កេតការណ៍ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត ទូទាំងប្រទេស​៕


Tag:
 បោះឆ្នោត​
  ទឹកខ្មៅ​
  អ្នកនាំពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com