ជាតិ
ទូត​អាមេរិក ផ្ញើ​សារ​រំលែក​ទុក្ខ​គ្រួសារ​សព​កងទ័ព​មួក​ខៀវ ដែល​ត្រូវបាន​ពួក​ឧទ្ទាម​វាយប្រហារ​នៅ​អាហ្វ្រិក​កណ្ដាល​
09, May 2017 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​គ្រួសារ​សព​កងទ័ព​ថែរក្សា​សន្តិភាព​កម្ពុជា ដែល​បាន​បាត់​បង់ជីវិត​នៅក្នុងពេល​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដោយសារ​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ពួក​ឧទ្ទាម កាលពី​ថ្ងៃ​៨ ឧសភា​។


​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សរសេរ​ដូច្នេះ​ថា​៖« យើង​ថែមទាំង​បាន​ឮថា ទាហាន​ថែរក្សា​សន្តិភាព​កម្ពុជា​មួយចំនួន​ទៀត​ប្រហែលជា​បាន​បាត់​ខ្លួន​។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ មិត្តភក្តិ និង​សហការី​នៃ​ទាហាន​ដ៏​ក្លាហាន​ទាំងនេះ​»​។​
 
​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​បាន​ចេញទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល បាន​រង​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម ដែល​បណ្ដាល​ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់​ស្លាប់ និង​បាត់​ខ្លួន​ចំនួន​៣​នាក់​។ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​បាត់បង់​ជីវិត​នេះ ជា​អនុសេនីយ៍ឯក អ៊ឹម សំ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​សម្ដេច ហ៊ុន សែន បន្ថែមថា កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាត់​ខ្លួន​នេះ ក៏​មិនទាន់​ដឹងថា​ស្លាប់ ឫ​ត្រូវ​ក្រុម​ពួក​ឧទ្ទាម​ចាប់ខ្លួន​ធ្វើជា​ចំណាប់ខ្មាំង​នោះទេ​។ តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ (UN) ជួយ​អន្តរាគមន៍​ធានា​ការពារ​អាយុជីវិត​កង​ទ័ព​កម្ពុជា ដែល​កំពុង​ជួបប្រទះ​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​នេះ​។ 
 
​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​ខាងលើនេះ បាន​ឲ្យ​ដឹងថា ក្រៅពី​កងទ័ព​កម្ពុជា ក៏មាន​កងទ័ព​ម៉ា​រុក​របួសធ្ងន់ ស្រាល​៥​នាក់ និង​បាត់​ខ្លួន​ម្នាក់​ផងដែរ​៕
 

Tag:
 ​អាមេរិក​
 ​កងទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com