ជាតិ
ទ័ព​ខ្មែរ​ពលី​ជីវិត​នៅ​បរទេស​ដែលមាន​សង្គ្រាម​!
10, May 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប ដែលជា​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ប្រចាំ​អាហ្វ្រិក​កណ្តាល បាន​បាត់​បង់ជីវិត ដោយសារ​ការវាយប្រហា​រ​ពី​ពួក​ឧទ្ទាម Anti-Balaka  ។

​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប​ខាងលើ ដែល​ត្រូវ​ពួក​ឧទ្ទាម Anti-Balaka នៅ​អាហ្វ្រិក​កណ្តាល សម្លាប់ គឺ​លោក​អនុសេនីយ៍ទោ អ៊ឹម សំ លោក​អនុ​សេនីយ៍​ឯង ម៉ៅ អេង លោក​ព្រឹន្ទបាលទោ មុំ តុលា និង​លោក​ព្រឹន្ទបាលទោ ស៊ា​ង នរិន្ទ​។ 

​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ពួក​ឧទ្ទាម បាន​ពួនស្ទាក់ ហើយ​វាយប្រហារ​ទៅលើ​ក្បួន​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ នៅ​អាហ្វ្រិក​កណ្តាល​។ សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​បញ្ជាក់ថា ការវាយប្រហារ​របស់​ពួក​ឧទ្ទាម​នេះ បណ្តាល​ឲ្យ​ទាហាន​មួក​ខៀវ​កម្ពុជា​មួយរូប គឺ​លោក អ៊ឹម សំ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​តែម្តង ហើយ​មួយរូប​ទៀត រងរបួស​។

​ចំណែកឯ ទាហាន​មួក​ខៀវ​កម្ពុជា​បី​រូប​ទៀត គឺ​លោក មុំ តុលា លោក ស៊ា​ង នរិន្ទ និង​លោក ម៉ៅ អេង បាន​បាត់​ខ្លួន ក្រោយ​ការវាយប្រហារ​ពី​ពួក​ឧទ្ទាម​។ ប៉ុន្តែ​ពេលនេះ អ្នក​ទាំងបី​រូប បាន​ស្លាប់​ហើយ​។ សាកសព​របស់​អ្នក​ទាំងបី ត្រូវបាន​រកឃើញ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧ ដោយ​ស្ថិតនៅ​ចម្ងាយ​ប្រហែលជា ២​គីឡូម៉ែត្រ ពី​កន្លែង ដែល​ពួក​ឧទ្ទាម​វាយប្រហារ​។ ទាំងនេះ គឺជា​ការរៀប​រាប់រប​ស់​ក្រសួងការពារជាតិ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។ 



​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការពារជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​កងកម្លាំង​កម្ពុជា​ទាំង​៤​រូប​ខាងលើ​។ សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការ​ពលី​ជីវិត​ប្រកបដោយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បាត់បង់​ជីវិត​ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​នៃ​អង្គការសហប្រជាជាតិ នៅ​អា​ហ្រិ្វ​ក​កណ្តាល​»​។​

​នៅក្នុង​ការវាយប្រហារ​នោះ​ផងដែរ កងទ័ព​មួក​ខៀវ​ខ្មែរ​ម្នាក់ទៀត គឺ លោក ធុច ធី​ម តួនាទី​អនុសេនីយ៍ឯក រងរបួស​ដៃ​ឆ្វេង (​អ្នកបើកបរ​)​។ ចំណែក​កងទ័ព​ម៉ា​រ៉ុ​ក មាន​១​នាក់​កំពុង​បន្ត​បាត់​ខ្លួន ហើយ​៦​នាក់​រងរបួស​៕


Tag:
 ទាហាន​មួក​ខៀវ​ខ្មែរ​
  ស្លាប់​
  ពួក​ឧទ្ទាម​
  អាហ្វ្រិក​កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com