ជាតិ
អ្នកនយោបាយ​ខ្មែរ និង​ទូត​បរទេស​នានា​សោកស្តាយ​ចំពោះ​ការបាត់បង់​វីរបុរស​ជាតិ​៤​រូប​
10, May 2017 , 10:45 pm        
រូបភាព
កងទ័ពមួកខៀវនាពេល​បំពេញ​បេសកកម្មនៅអាហ្វ្រិកកណ្តាល។ រូបថត Minusca
កងទ័ពមួកខៀវនាពេល​បំពេញ​បេសកកម្មនៅអាហ្វ្រិកកណ្តាល។ រូបថត Minusca
ភ្នំពេញ​៖ មេដឹកនាំ និង​អ្នកនយោបាយ​ខ្មែរ រួមទាំង​ស្ថានទូត​នានា និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត ដែលមាន​ទីតាំងនៅ​លើដី​កម្ពុជា បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការបាត់​បង់ជីវិត​ទាហាន​មួក​ខៀវ​កម្ពុជា​៤​រូប ដែល​បម្រើការ​ជា​កងកម្លាំង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​កណ្តាល ដោយសារ​ការវាយប្រហា​រ​របស់​ក្រុម​ឧទ្ទាម នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧​។ ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប ដែល​ត្រូវ​ពួក​ឧទ្ទាម នៅ​អាហ្វ្រិក​កណ្តាល សម្លាប់ គឺ​លោក​អនុសេនីយ៍ទោ អ៊ឹម សំ លោក​អនុ​សេនីយ៍​ឯង ម៉ៅ អេង លោក​ព្រឹន្ទបាលទោ មុំ តុលា និង​លោក​ព្រឹន្ទបាលទោ ស៊ា​ង នរិន្ទ​។ 



​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៖«​ជនជាតិ​កម្ពុជា ដែល​ធ្វើ​សកម្មភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ក្នុង​គោលដៅ​មនុស្សធម៌ បាន​ពលី​ជីវិត ដោយ​កិត្តិយស និង​សេចក្តីក្លាហាន នៅលើ​ទឹកដី​នៃ​អាហ្វ្រិក​កណ្តាល​។ […..] នេះ ជាការ​បាត់បង់​មួយ​សម្រាប់​កងទ័ព និង​ប្រជាជន​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល ក្នុងនាម​ប្រធាន​អតីតយុទ្ធជន ក៏ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ ចំពោះ​គ្រួសារ​នៃ​សព ហើយ​សូម​ឧទ្ទិស​ការងារ​នេះ ជា​កិត្តិយស សម្រាប់​ជាតិ​ទាំងមូល​»​។​

​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​៖«​ក្នុងនាម​ខ្ញុំ​ផ្ទាល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​ញាតិ​មិត្ត​ទាំងអស់​នៃ​សព និង​សូម​បួងសួង​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​បីបាច់រក្សា​ដួងវិញ្ញាណ​ក្ខ​ន្ត​នៃ​ទាហាន​កម្ពុជា ដែល​បាន​ពលី​ជីវិត ក្នុងការ​ចូលរួមចំណែក​ដោយ​ស្ម័គ្រចិត្ត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ឲ្យ​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ជា​និរន្តរ៍​តរៀង​ទៅ​»​។   

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​៖«(​ខ្ញុំ​) សូម​ចូលរួម​រំលែក​ទុក្ខ ដោយ​ក្តី​សោកសៅ និង​អាឡោះអាល័យ​ជាទីបំផុត ជូន​ចំពោះ​ក្រុមគ្រួសារ ញាតិមិត្ត​ទាំង​អស់នៃ​សព និង​សូម​សម្តែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​វីរភាព​អង់អាច​ក្លាហាន ហើយ​និង​ស្មារតី​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​កងក​ម្លាំ​ង​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប ដែល​បាន​ពលី​ជីវិត​។ (​ខ្ញុំ​) ក៏​សូម​សម្តែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​មាតាបិតា និង​ក្រុមគ្រួសារ​សាច់ញាតិ ដែល​បាន​លះបង់​កុលបុត្រ​របស់ខ្លួន ឲ្យ​ចូលរួម​បំពេញការងារ​ប្រកបដោយ​មោទនភាព កិត្តិយស និង​ការលើកកម្ពស់​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ ដោយ​ត្រូវបាន​ទទួលស្គាល់​យ៉ាងពិត​ប្រាកដថា​ជា វីរបុរស​»​។​

លោក យឹម សុវណ្ណ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៖«​ខ្ញុំ មាន​សេចក្តី​សង្វេគ និង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​មរណភាព​របស់​ទាហាន​មួក​ខៀវ​កម្ពុជា ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​បាន​ពលី​ជីវិត​ក្នុង​ហេតុការណ៍​នៃ​ការ​ពួនស្ទាក់​វាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​មួយក្រុម កាលពី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧​។ ខ្ញុំ សូម​លំឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​របស់​ទាហាន​មួក​ខៀវ​កម្ពុជា និង​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ និង​ញាតិសន្តាន​ទាំងអស់​នៃ​សព​។ សូម​ឧទ្ទិស​បួងសួង​ជូន​ដួង​វិញ្ញាណក្ខន្ធ​ទាហាន​មូ​ក​ខៀវ​កម្ពុជា បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៖«​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប និង​ក្រុមគ្រួសារ ខ្ញុំ​សូម​សម្តែង​នូវ​ការសោកស្តាយ ក្ដុកក្ដួល​ក្រៀមក្រំ​បំផុត ចំពោះ​ការបាត់បង់ ទាហាន​មួក​ខៀវ​របស់​កម្ពុជា​យើង​ចំនួន​៤​នាក់ ដែល​បាន​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្នុងពេល​បំពេញបេសកកម្ម​មនុស្ស​ធម៌​អន្តរជាតិ ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ប្រកបដោយ​កិត្តិយស​ថ្លៃថ្នូរ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន នៃ​កុលបុត្រ​កម្ពុជា​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ជាមួយ​ក្រុមគ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​ឱ្យ​វិញ្ញាណក្ខន្ធ​សព បាន​ទៅកាន់​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា​៖«​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សូម​សម្តែង​មរណទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព និង​អាជ្ញាធរ​កម្ពុជា បន្ទាប់ពី​មានការ​វាយប្រហារ កាលពី​ថ្ងៃទី​៨ ខែឧសភា នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​បាន​បណ្តាលឱ្យ​ទាហាន​មួក​ខៀវ​កម្ពុជា​៤​រូប បាត់បង់​ជីវិត​។ វា ជាការ​ចាំបាច់ ដែល​ត្រូវ​ស្វែងរក​អ្នកទទួលខុសត្រូវ ក្នុងការ​វាយប្រហារ​នេះ ដើម្បី​នាំខ្លួន​ពួកគេ​ទៅ​កាត់ទោស​តាមច្បាប់​។ ប្រទេស​បារាំង សូម​សម្តែង​ការគាំទ្រ​សាជាថ្មី ដល់​បេសកកម្ម​របស់​កងទ័ព​មួក​ខៀវ​អង្គការសហប្រជាជាតិ ក្នុងការ​រក្សា​ស្ថិរភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ការពារ​ប្រជាជន​ស៊ីវិល​»​។​

ស្ថាន​ទូក​អាមេរិក ប្រចាំ​កម្ពុជា​៖«​ស្ថានទូត​អាមេរិក កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ព័ត៌មាន​ដែលថា ទាហាន​កម្ពុជា​ឈ្មោះ អ៊ឹម សំ ម៉ៅ អេង ស៊ា​ង នរិន្ទ និង​មុំ តុលា ត្រូវបាន​សម្លាប់ ក្នុងពេល​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ យើង សូម​សម្តែង​ជាថ្មី​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​គ្រួសារ​របស់​ទាហាន និង​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

កម្មវិធី​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា​៖« UNDP សូម​សម្តែង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ការបាត់​បង់ជីវិត​ដ៏​គួរ​ឲ្យ​សង្វេគ នៃ​វីរជន​ការពារ​សន្តិភាព​ខ្មែរ​ទាំង​៤​រូប ដែល​ត្រូវបាន​សម្លាប់ កាលពី​យប់​ម្សិលមិញ ក្នុង​បេសកកម្ម នៅ​ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​អា​ហ្រិ្វ​ក​កណ្តាល​។ យើង សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ ជាមួយនឹង​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​សហការី មិត្តភក្តិ និង​ក្រុមគ្រួសារ​នៃ​សព​»។

រដ្ឋាភិបាលអេស្ប៉ាញ ក៏បាន​ចេញ​សារថ្កោលទោសពួកឧទ្ទាមផងដែរ៕





Tag:
 ទាហាន​ខ្មែរ​ស្លាប់​
  ពួក​ឧទ្ទាម​
  អាហ្វ្រិក​កណ្តាល
  កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com