ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ស្នើ​លោក ប្រាក់ សុខុន ជួយ​អន្តរាគមន៍​ឲ្យ​ពលករ​ខ្មែរ​នៅ​ថៃ អាច​ចូលរួម​បោះឆ្នោត​បាន​
10, May 2017 , 7:45 pm        
រូបភាព
ដោយ:
​ក្រុម​សភាតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិតស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សុំ​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ អាចមាន​ឱកាស​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។


 
​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​បានទទួល​ដំណឹង​ពី​ពលករ​ខ្មែរ​ថា ពួកគេ​ពិបាក​សុំ​អនុញ្ញាត​ច្បាប់​ពី​ថៅកែ​ថៃ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ហើយ​អាជ្ញាធរ​តាម​ច្រកព្រំដែន​ក៏បង្ក​ការលំបាក​យឺតយ៉ាវ​ដល់​ពលករ​ឲ្យ​ខកខាន​ក្នុងការ​ចូលរួម​បោះឆ្នោត​ផងដែរ​។ 
 
​នៅក្នុង​លិខិត​អន្តរាគមន៍​តាមរយៈ​ប្រធានរដ្ឋសភា ដែល​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង បានស្នើ​ទៅ​លោក ប្រាក់ សុខុន  កាលពី​ថ្ងៃទី​០២ ខែ​ឩ​សភា បាន​រៀបរាប់​ដូច្នេះ​ថា​៖« យើងខ្ញុំ​បានទទួល​សេចក្ដីរាយការណ៍​ពី​ពលករ​ខ្មែរ​ចំណាកស្រុក​ជាច្រើន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ពួកគាត់​បាននិងកំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ដែល​នឹងមិន​អាចធ្វើ​ឲ្យ​ពួកគាត់​អាច​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​បានទេ​»​។​
 
​ម្យ៉ាងទៀត​ទិដ្ឋាការ​របស់​ពលករ​ខ្មែរ​មានតម្លៃ​ខ្ពស់​រហូតដល់ ៣,៩០០​បាត​(​បី​ពាន់​ប្រាំបួន​រយ​បាត​) (​ជា​ប្រភេទ​ទិដ្ឋាការ​អាច​ចេញចូល​ច្រើនដង​បាន​) ដែល​បង្ក​ការលំបាក​ចំពោះ​ពលករ​ក្នុងការ​ធ្វើដំណើរ​ទៅមក ដើម្បី​មក​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ហើយ​និង​ពលករ​ខ្មែរ​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ គឺមាន​ការលំបាក​ក្នុងការ​ចេញពី​ក្នុង​ខេត្ត​ប្រទេស​ថៃ​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​ណាស់ ព្រោះ​ពួកគាត់​ជា​ពលករ​ពុំមាន​លក្ខណៈ​ស្របច្បាប់​ឡើយ​។ ដូច្នេះ​ពលករ​ខ្មែរ​ដែល​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ ពុំមាន​សិទ្ធិ​ធ្វើដំណើរ​មក​ដើម្បី​បោះឆ្នោត​នៅ​កម្ពុជា​បានទេ​។ ទាំងនេះ​ជាការ​លើកឡើង​របស់​គ​ណ​បក្សប្រឆាំង ដែល​បាន​បន្ថែមថា បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ខាងលើ ប្រសិនបើ​គ្មាន​ការជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជួយ​ពួកគាត់​ទាន់ពេលវេលា​នោះទេ ពួកគាត់​និង​ត្រូវ​បាត់បង់​ឱកាស​ចូលរួម​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​ជាមិនខាន​។​
 
​គណបក្សប្រឆាំង ស្នើ​លោក ប្រាក់ សុខុន ជួបពិភាក្សា​ជាមួយ​ក្រសួងការបរទេស​ថៃ ដើ​ម្បើ​ស្នើសុំ​ការអនុញ្ញាត​ច្បាប់ សម្រាប់​ពលករ​ខ្មែរ​ចំនួន​៣​ថ្ងៃ ដើម្បី​ឲ្យ​ពួកគាត់​អាចមក​ចូលរួម​បោះឆ្នោត ។ ជាពិសេស​ណែនាំ​មន្ត្រី​ច្រកព្រំដែន​ជួយ​សម្រួល​ឲ្យ​ពលករ​ខ្មែរ អាច​ចូលមក​កម្ពុជា​ឲ្យ​បាន​ងាយស្រួល​ផងដែរ​៕
 
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com