ជាតិ
សង្គមជាតិ
គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុងការ​ពិសោធន៍​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​
12, May 2017 , 1:04 pm        
រូបភាព
​ភ្នំពេញ​៖ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​បើក​កិច្ចប្រជុំ​ជា​សាធារណៈ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​ពិសោធន៍​លើទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ ដើម្បី​ធានា​ភាពត្រឹមត្រូវ​នៃ​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅពេល​ខាងមុខនេះ​។ ការរៀបចំ​កិច្ចប្រជុំ​ជា​សាធារណៈ​នៅ​សប្ដាហ៍​ក្រោយនេះ គឺ គ​.​ជ​.​ប ចង់​ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល ដែល​ទទួលបាន​ព័ត៌មាន​ថា ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ក្នុងការ​បោះឆ្នោត នឹង​អាច​លុប​ជ្រះ​វិញ​។​


 
​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ព​ទ្ធា ទទួលស្គាល់ថា ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ ដែល គ​.​ជ​.​ប បាន​ពិសោធន៍​លើកដំបូង​នោះ គឺ​ពិតជា​អាច​លុប​ជ្រះ​បាន​មែន ។ នោះ​ក៏​ព្រោះតែ​វា គ្រាន់តែ​ជា​ទឹក​ថ្នាំ​គំរូ ដែល​ក្រុមហ៊ុន​ឥណ្ឌា​បាន​ផ្ញើមក​ឲ្យ គ​.​ជ​.​ប ពិសោធន៍​សាកល្បង​មើល​ប៉ុណ្ណោះ​។ លោក ហង្ស ពុទ្ធា បន្ថែមថា ក្រោយពី​ពិសោធន៍​ឃើញ​បញ្ហា​លុប​ជ្រះ​នេះ គ​.​ជ​.​ប ក៏បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ឥណ្ឌា​វិញ ហើយ​ក្រុមហ៊ុន​ផ្គត់​ផ្គង​ទឹក​ថ្នាំ​នេះ ក៏បាន​ផ្ញើ​ផលិតផល​មក​ម្ដងទៀត ។ ប៉ុន្តែ​ការពិសោធន៍​លើក​ទី​ពីរ គ​.​ជ​.​ប ឃើញថា ទឹក​ថ្នាំ​ជ្រលក់​ដៃ​ម្ដងនេះ គឺ​មិនអាច​លុប​ជ្រះ​ទៀត​ទេ​។​
 
​តែ​យ៉ាងណា គ​.​ជ​.​ប ក៏បាន​សម្រេច​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ពិសោធន៍​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ នៅ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​សាធារណជន​។
ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​បើក​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​គណបក្សនយោបាយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ម្ចាស់ជំនួយ​រៀបចំ​ការបោះឆ្នោត និង​អ្នកជំនាញ​ការបោះឆ្នោត​ឲ្យ​ជួយ​ពិសោធន៍​មើល​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ​។ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​យក​ទឹក​ប្រភេទ​អ្វី​ផ្សេង​មក​ពិសោធន៍ មក​លាង​ក៏បាន​ដែរ ដើម្បី​ចង់ដឹងថា​តើ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ អាច​លុប​ជ្រះ​វិញ​បាន ឫ​ក៏​អត់​។ ហើយ​បើ​វា​នៅតែ​លុប​ជ្រះ​នោះ យើង​នឹង​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​បន្តទៀត​»​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​គណកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (comfrel) លោក កង សាវង្ស យល់ឃើញថា កា​រៀបចំ​ឲ្យ​មានការ​ចូលរួម​ធ្វើតេស្ត​លើទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ គឺជា​រឿង​ល្អ ដែល​អាច​ឲ្យ​សា​ធារ​ជន​អស់​ក្តី​ព្រួយបារម្ភ​។ ប៉ុន្តែ​អ្វីដែល​លោក កង សាវង្ស នៅ​ព្រួយបារម្ភ​នោះ គឺ​ពេលវេលា​នៃ​ការបោះឆ្នោត​ជិត​ចូលមក​ដល់​ហើយ បើសិនជា​ទឹក​ថ្នាំ​មាន​បញ្ហា​នោះ វា​នឹង​អាច​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាក់​ជាមិនខាន​។ «​មកដល់ពេលនេះ​វា​គៀក​នឹង​ការបោះឆ្នោត ដូច្នេះ​គជប ត្រូវ​ជជែក​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ថ្នាំ​ជ្រលក់​ដៃ គួរ​ធ្វើ​បែបណា ដាក់​រូបមន្ត​បន្ថែមទៀត​យ៉ាងណា​ដើម្បី​ឲ្យ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​នេះ​ដុស​មិន​ជ្រះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កង សាវង្ស ដែល​បាន​បន្ថែមថា គជប ក៏ត្រូវ​ពង្រឹង​ឲ្យ​មន្ត្រី​កិច្ចការ​បោះឆ្នោត និង​អ្នកចូលរួម​សង្កេត​ការបោះឆ្នោត​ទាំងអស់ អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​តាមដាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​ឈ្មោះ​មនុស្ស​ម្នាក់ អាច​បោះឆ្នោត​បាន​ពីរ​ទៅ​បី​លើក ដោយសារតែ​បញ្ហា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ​។ 
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ធានាថា ការបោះឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខនេះ នឹងមិន​ឲ្យ​មាន​អ្នក​បន្លំ​ចូល​បោះឆ្នោត​លើក​ពីមួយ​ដង​ឡើយ​។​«​ខ្ញុំ​ចង់​ជម្រាប​ថា ទោះជា​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ​លុប​ជ្រះ ឬ​មិន​ជ្រះ ឫ​ក៏​គ្មាន​ប្រើ​ថ្នាំ​ទឹកខ្មៅ​ក្នុងការ​បោះឆ្នោត​ក៏ដោយ ក៏ គ​.​ជ​.​ប អាច​គ្រប់គ្រង​បាន និង​មាន​យន្តការ​ត្រួតពិនិត្យ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ធានា​មិន​ឲ្យ​មាន​ជនខិលខូច​អាច​បន្លំ​ចូល​បោះឆ្នោត​បាន​នោះទេ​»​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា ដែល​អំពាវនាវ​ឲ្យ​សាធារណជន ជឿជាក់​លើគ​.​ជ​.​ប ហើយ​មិនត្រូវ​ជឿ​លើ​ពាក្យសម្ដី​ញុះញង់​របស់​ក្រុម​ណាមួយ ដែល​មានបំណង​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នោះឡើយ​។​
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​៧.៩ ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ​ចំនួន ៤៦៥០០​ដប ពី​ក្រុមហ៊ុន​ក្នុងប្រទេស​ឥណ្ឌា ។ ទឹកខ្មៅ​នេះ គឺ​សម្រាប់​ជ្រលក់​ដៃ​អ្នក ដែល​បោះឆ្នោត​រួចហើយ កុំ​ឲ្យ​បន្លំ​ទៅ​បោះឆ្នោត​ម្តងទៀត​។ ទឹក​ថ្នាំ​ទាំងនេះ​បាន​បញ្ជូនមក​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហើយ​។ នេះ​បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប ។​
 
​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដែលមាន​គណបក្សនយោបាយ​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង ក្នុង​អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ គណបក្សនយោបាយ នឹង​ចាប់ផ្តើម ឃោសនា​ពី​គោលនយោបាយ ពីថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧៕

Tag:
 គជប​
 ​ទឹក​ថ្នាំ​ខ្មៅ​
 ​សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com