ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចក្រុមព្រះ នឹង​យាង​ទៅ​កូរ៉េខាងជើង​នៅ​ខែកក្កដា ហើយ​គ្រោង​ជួយ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​
13, May 2017 , 1:20 pm        
រូបភាព
រូបសម្ដេចក្រុមព្រះក្នុងពិធីសំណេះសំណាល កាលពីឆ្នាំ២០១៤
រូបសម្ដេចក្រុមព្រះក្នុងពិធីសំណេះសំណាល កាលពីឆ្នាំ២០១៤
​ភ្នំពេញ​៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានបន្ទូល​ជាថ្មី​ថា ព្រះអង្គ​នឹង​យាង​ទៅ​កូរ៉េខាងជើង នៅក្រោយពេល​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ខាងមុខ​។ ព្រះអង្គ រណឫទ្ធិ បន្តថា ទ្រង់​យាង​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នេះ គឺ​ក្នុង​ក្របខណ្ឌ​គណបក្សនយោបាយ ដើម្បី​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ និង​ជាការ​រំ​ឮ​ក​ដល់​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កសាងឡើង​ដោយ​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច នរោត្តម សីហនុ និង​លោក គីម អ៊ី​ល​ស៊ុ​ង ដែល​ត្រូវជា​ជីតា​របស់លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ននេះ​។


 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​បញ្ហា​ឧបទ្វីប​កូរ៉េ​។ តប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​នៅមុខ​ព្រះបរមរាជវាំង​កាលពី​ថ្ងៃទី​១២ ឧសភា សម្តេចក្រុមព្រះ មានបន្ទូលថា បញ្ហា​នេះ​ទុក​ឲ្យ​ប្រទេស​មហាអំណាច ដូច​ចិន​ជា​អ្នកសម្របសម្រួល​ជាមួយ​កូរ៉េខាងជើង ដើម្បី​បន្ថយកម្ដៅ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ចុះ​។ «​ប្រសិនជា​ចិន​ដោះស្រាយ​មិនកើត គឺ​ខ្ញុំ ដែលជា​មិត្ត​ស្និទ្ធ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ក៏​និយាយ​ជាមួយ​គេ​ខ្លះ​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​»​។ នេះ​ជា​បន្ទូល​របស់​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
 
​សូម​ស្ដាប់​សំឡេង​៖


 
​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​បន្សល់ទុក​ពី​ស្នាម​ព្រះ​ហ​ស្ថ​របស់​សម្ដេច នរោត្តម សីហនុ  គឺមាន​ប្រវត្តិ​បង្កើតឡើង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​ផងដែរ​។ នេះ​បើតាម​សម្ដេចក្រុមព្រះ​។​
 
​គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងជើង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៦៥ ដែល​កាលណោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ជួប​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង នៅក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូណេស៊ី​។ ហើយ​នៅ​ឆ្នាំ​១៩៧០ ក្រោយពី​សម្ដេច​នរោត្តម សីហនុ ត្រូវបាន​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នោះ ព្រះអង្គ​ក៏បាន​និរទ្ទេស​ខ្លួន​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​រដ្ឋាភិបាល​កូរ៉េ បាន​កសាង​ព្រះរាជដំណាក់​មួយ​ជូន​ព្រះ​បរម​រតន​កោដ្ឋ ដែលមាន​ឈ្មោះថា Chansuwon នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕
 
 

Tag:
 ​រណឫទ្ធិ​
 ​កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com