ជាតិ
សង្គមជាតិ
កម្ពុជាពឹងលើកកសិកម្ម តែចំនួនកសិករកំពុងថយចុះ…
× ភ្នំពេញ៖ ការប្រកបមុខរបររបស់ពលរដ្ឋខ្មែរ តែងតែប្រែប្រួលពីសម័យមួយទៅសម័យមួយ ពីកន្លែងមួយទៅកន្លែងមួយ អាស្រ័យទៅលើតម្រូវការ ចំណង់ចំណូលចិត្ត លទ្ធភាព លក្ខខណ្ឌភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន ចំណេះដឹង បច្ចេកវិទ្យា ដើមទុន និង មូលដ្ឋានចាំបាច់មួយចំនួនទៀត។ ជាច្រើនសម័យកាលមកហើយ ពលរដ្ឋខ្មែរភាគច្រើន គឺជាកសិករ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិករបែរជាថយចុះជាលំដាប់។ តើមានមូលហេតុអ្វីខ្លះ បានជាចំនួនកសិករឬរបរកសិកម្មថយចុះដូច្នេះ?
បើយោងតាមទិន្នន័យជាប្រពៃណីដែលគេតែងតែនិយាយតពីមាត់មួយទៅមាត់មួយថា ៨៥%នៃពលរដ្ឋខ្មែរសរុប គឺជាកសិករ។ តាមពិត តួលេខពិតប្រាកដបែបវិទ្យាសាស្ត្រស្ដីពីចំនួនភាគរយនៃកសិករនោះ មិនទាន់មាននៅឡើយទេ បើទោះបីជាកម្ពុជាធ្លាប់បានធ្វើជំរឿនជាបន្តបន្ទាប់ក៏ដោយ ក៏តួលេខនោះហាក់ដូចជាដើរមិនទាន់ការប្រែប្រួលនៃមុខរបររបស់ពលរដ្ឋខ្មែរ និង មិនទាន់មានភាពច្បាស់លាស់នៅឡើយ។
ផ្ទុយទៅវិញ ក្នុងរយៈពេលថ្មីៗនេះ បើយោងទៅតាមការសង្កេតជាក់ស្ដែង គេបានមើលឃើញថា ប្រជាជនខ្មែរមួយចំនួនមិនសូវចង់ធ្វើស្រែ ចម្ការទេ។ ការផ្លាស់ប្ដូរទម្លាប់និងការសម្រេចចិត្តពាក់ព័ន្ធនឹងការថយចុះនូវមុខរបរកសិកម្មនេះ ត្រូវបានគេពិចារណាថា អាចបណ្ដាលមកពីមូលហេតុចម្បងៗមួយចំនួនដូចខាងក្រោម។
បច្ចុប្បន្ន សង្គមខ្មែរចាប់ផ្ដើមប្រែប្រួលរបត់ពីការប្រកបរបរកសិកម្មស្ទើរតែទាំងស្រុង ទៅរកការប្រកបរបរសិប្បកម្ម និង ឧស្សាហកម្មលាយឡំគ្នា។ លើសពីនេះទៀត វាក៏ឈានដល់ដំណាក់កាល ដែលសង្គមខ្មែរចាប់ផ្ដើមផ្លាស់ប្ដូរទៅរកការរស់នៅបែបទំនើបនិងបែបជឿនលឿនដែរ បើទោះបីជាជីវភាពរបស់ពួកគេមួយចំនួនមិនទាន់ធូរធារក៏ដោយ។ ជាទូទៅ ការរស់នៅបែបទំនើបនេះ បើទោះបីជាមនុស្សត្រូវការសម្ភារៈច្រើនក៏ដោយ ក៏មនុស្សមិនចង់ធ្វើការងារណាដែលប្រើកម្លាំងច្រើន ឬ ការងារធ្ងន់ទេ។
ម្យ៉ាងទៀត ដោយសារតែការស្រូបយកកម្លាំងពលកម្មពីតំបន់ទីក្រុងនៅក្នុងប្រទេសនិងក្រៅប្រទេស សម្រាប់ទៅបំពេញតម្រូវការខាងសិប្បកម្ម ឧស្សហកម្ម រោងច្រក...បានជំរុញឱកសិករខ្មែរមួយចំនួន ធ្វើចំណាកស្រុក ទៅកាន់តំបន់ទាំងនោះ ដើម្បីស្វែងរកកាងារធ្វើ ក្នុងបំណងលើកកម្ពស់ជីវភាពរបស់ខ្លួនឱ្យធូរធារ។
បើគេពិនិត្យឱ្យលម្អិតបន្តិច គេនឹងរកឃើញថា កសិករខ្មែរមួយចំនួន មានដីស្រែតិចតួចពេក ឯការធ្វើស្រែ ចម្ការ ក៏ចំណាយកម្លាំងច្រើន ពេលច្រើន ទុនច្រើន ឯផលដែលពួកគេទទួលបានវិញ មានចំនួនតិចពេកមិនសមាមាត្រនឹងការចំណាយដើមទុន កម្លាំងកាយ និង ពេលវេលា។ ចំណែកឯទីផ្សារកសិផលវិញ ក៏គ្មានលំនឹង និង គ្មានភាពច្បាស់លាស់ដែរ តម្លៃឡើងចុះ តាមទំនើងចិត្តរបស់ឈ្មួញ។
លើសពីនេះទៀត កង្វះប្រព័ន្ធធារាសាស្ត្រដែលចាប់បង្ខំឱ្យប្រជាកសិករខ្មែរធ្វើស្រែពឹងមេឃ បែបយថាផល, កង្វះបច្ចេកទេសកសិកម្មបែបទំនើប, កង្វះការយកចិត្តទុកដាក់ពីរដ្ឋ និង កង្វះការឱ្យតម្លៃពីសង្គម ក៏រួមចំណែកធ្វើឱ្យចំនួនកសិករ ឬ របរកសិកម្មរថយចុះដែរ។
របស់ថ្មីបំផុតដែលធ្វើឱ្យកសិករ ឬ របរកសិកម្មថយចុះដែរ គឺយុវជនជំនាន់ថ្មីដែលទទួលបានចំណេះដឹងខ្ពស់ ពួកគេមិនចង់វិលទៅធ្វើស្រែ ចម្ការនៅឯជនបទវិញដែរ។ ពួកគេតែងតែស្វែងរកការងារនៅទីក្រុង ដូចជា ការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន និង ការងារក្នុងស្ថាប័នសង្គមស៊ីវិល ជាដើម។ ក្រៅពីប្រាក់ចំណូលខ្ពស់ យុវជនជំនាន់ថ្មី មិនចង់ឃើញខោ និងអាវរបស់ខ្លួនជាប់ប្រឡាក់ទៅដោយភក់ជ្រាំទៀតឡើយ។ ពេលខ្លះ ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុន ស្ថាប័នរដ្ឋ ឬអង្គការអាចតិចជាងប្រាក់ចំណូលពីរបរកសិកម្មផង។ តែវាជាកន្លែងដែលអនុញ្ញាតឲ្យបុគ្គលិកអាចស្លៀកសំលៀកបំពាក់បានស្អាត។
តើវានឹងមានអ្វីកើតឡើង ប្រសិនបើចំនួនកសិករថយចុះ?
ប្រសិនបើចំនួនកសិករថយចុះមែននោះ វាមិនមែនជារឿងធម្មតាឡើយ។ មើលតួលេខភ្លាម គេអាចឃើញថា កម្ពុជាទាំងមូលនៅពឹងផ្អែកលើវិស័យកសិកម្មដើម្បីរស់ មានន័យថា ពលរដ្ឋខ្មែរ ភាគច្រើន ទោះបីស្ថិតនៅក្នុងស្ថានភាពក្រីក្រក៏ដោយ តែពួកគេអាចនៅរស់បានដោយសារផលពីកសិកម្ម។ ចុះបើវិស័យកសិកម្មចុះទន់ខ្សោយនៅពេលអនាគត ជាការពិត កម្ពុជាអាចនឹងប្រឈមនឹងបញ្ហាច្រើនជាក់ជាពុំខាន។ បញ្ហាទាំងនោះ អាចថា កម្ពុជានឹងនាំចូលទំនិញកសិកម្មពីប្រទេសដទៃកាន់តែច្រើនឡើង។ នេះ គឺជាការខាតបង់របស់កម្ពុជាបន្ថែមទៀត។
បើផ្អែកលើតថៈភាពជាក់ស្តែង គេពិតជាមិនអាចទប់ចរន្តចំណាកស្រុកពីជនបទបានឡើយ។ តែអ្វីដែលរដ្ឋាភិបាលគួរពិចារណានៅពេលនេះ គឺថា តើរដ្ឋាភិបាលគួរចាប់ផ្តើមគិតគូរកំណត់ចំនួនដីធ្លីសម្រាប់វិស័យកសិកម្មហើយឬនៅ? តើកម្លាំងពលកម្មនៅក្នុងវិស័យនេះគួរតែស្ថិតក្នុងចំនួនប៉ុន្មាន? លើសប៉ុន្មាន ខ្វះប៉ុន្មាន គួររុញទៅក្នុងវិស័យណាខ្លះ?។ និយាយជារួម រដ្ឋាភិបាលគួរមានយុទ្ធសាស្ត្របែងចែកកម្លាំងពលកម្មនៅក្នុងវិស័យនីមួយៗឲ្យបានប្រហាក់ប្រហែលគ្នា ពោល គឺចៀសវាងកុំឲ្យកម្លាំងពលកម្មទៅគរនៅក្នុងវិស័យណាមួយច្រើនពេក។
ងាកមកវិស័យកសិកម្មវិញ ប្រទេសណាក៏ដោយ រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងនោះ គិតគូរច្បាស់លាស់ពីការផលិតដើម្បីផ្គត់ផ្គង់ប្រទេសរបស់គេ ឬក៏អាចនាំចេញទៅក្រៅប្រទេសទៀតផង ពីព្រោះអាហារ គឺជារឿងស្លាប់រស់របស់ប្រទេសនីមួយៗ។ សុភាសិតខ្មែរ ក៏បានលើកឡើងដែរថា«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com