ជាតិ
សង្គមជាតិ
ក្រសួងហាមពលរដ្ឋយកស្នាដៃសិល្បៈ ដាក់បញ្ជូលលើបណ្ដាញសង្គមដោយគ្មានទិដ្ឋាការអនុញ្ញាត
× ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការលើជនទាំងឡាយណា ដែលយកកម្មសិទ្ធិបញ្ញា ឬស្នាដៃអ្នកដទៃទៅប្រើប្រាស់ និងផ្សព្វផ្សាយនៅបណ្ដាញសង្គមដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម និងគ្មានទិដ្ឋាការអនុញ្ញាតពីក្រសួង នឹងត្រូវប្រឈមចំពោះមុខច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យមជ្ឈដ្ឋានទូទៅបញ្ឈប់ជាបន្ទាន់រាល់ការដាក់បញ្ចូល (Upload) នូវស្នាដៃភាពយន្ត លើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ឬតាមប្រព័ន្ធយូធូប (YouTube) និងការផ្សព្វផ្សាយស្នាដៃជាសាធារណៈ ។
នៅក្នុងសេចក្ដីប្រកាសដែលចុះកាលពីថ្ងៃទី២៨ ខែមេសា ក្រសួងបានពិនិត្យឃើញដូច្នេះថា៖«សកម្មភាពនៃការដាក់បញ្ចូល (Upload) ស្នាដៃភាពយន្ត ចម្រៀងកាយវិការ លើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ឬតាមប្រព័ន្ធយូធូប (YouTube) និងធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ គ្មានទិដ្ឋាការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលករណីនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ម្ចាស់កម្មសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុក្រិត្យស្ដីពីការគ្រប់គ្រងឩស្សាហកម្មភាពយន្ដ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ថា ក្នុងករណីពិនិត្យឃើញមានការរំលោភ បំពានក្រសួងនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ក្រសួងរំពឹងថា នឹងមានការចូលរួមរក្សាកម្មសិទ្ធិបញ្ញាប្រកបដោយស្នាដៃទទួលខុសត្រូវខ្ពស់៕
Tag:
បណ្តាញសង្គម
សិល្បៈ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com