ជាតិ
លោក ទៀ បាញ់ ប្រាប់​អាជ្ញាធរ​ឲ្យ​ចូលរួម​សកម្ម​ក្នុង​ពិធី​បុណ្យសព​លោក អ៊ឹម សំ​
14, May 2017 , 9:59 pm        
រូបភាព
​សៀមរាប​៖ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​ទៅកាន់​មន្ត្រី​របស់ខ្លួន រួម​និង​អាជ្ញាធរ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​យ៉ាងសកម្ម ក្នុង​ពិធី​បុណ្យសព​អនុសេនីយ៍ទោ អ៊ឹម សំ ដែល​បាន​ស្លាប់​ពេល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១៧​។ លោក ទៀ បាញ់ ថ្លែងថា នេះ​ជាការ​ពលី​ជីវិត​ដ៏​ធំធេង​សម្រាប់​បុព្វហេតុ​សន្តិភាព​ពិភពលោក​។​



​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​មណ្ឌល​មន្ទីរ​រដ្ឋបាលខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា លោក​រដ្ឋមន្ត្រី ទៀ បាញ់ បាន​រម្លឹក​ពី​វីរភាព​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​ឈរជើង​នៅ​បរទេស​។ ហើយ​សម្រាប់​លោក អ៊ឹម សំ លោក ទៀ បាញ់ បាន​ប្រាប់​អាជ្ញាធរ​ទាំងអស់ ត្រូវ​ចូលរួម​យ៉ាងសកម្ម​បំផុត​ក្នុង​ពិធី​បុណ្យសព ដែល​គ្រួសារ​សព​គ្រោង​នឹង​រៀបចំ ពេលដែល​សាកសព​ត្រូវបាន​បញ្ជូនមក​ដល់ផ្ទះ ដែល​ស្ថិតនៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​លោក ទៀ បាញ់ បាន​រម្លឹក​ទៀតថា កម្ពុជា​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាង​១០​ឆ្នាំ​មកហើយ ហើយ​បេសកកម្ម​នេះ​បានរួម​ចំណែក​យ៉ាង​ខ្លាំងក្លា និង​បាន​នាំ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​ផង​។ លោក ទៀ បាញ់ ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​មា​នក​ង​កម្លាំង​រក្សា​សន្តិភាព ដែល​ស្ថិតក្រោម​សេនាធិការ​អង្គការសហប្រជាជាតិ នៅក្រៅ​ប្រទេស​មាន​ជិត​មួយ​ពាន់​នាក់ ក្នុងប្រទេស​ចំនួន​៥​។ សម្រាប់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​កងទ័ព​កម្ពុជា​ទើបនឹង​ជួប​គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ស្លាប់​៤​នាក់​នោះ មាន​កងទ័ព​ជិត​២០០​នាក់​។​

​គួររម្លឹកថា នៅ​ថ្ងៃ​ចន្ទ​ទី ៨ ខែ ឧសភា ក្រុម​ឧទ្ទាម Anti-Balaka បាន​វាយប្រហារ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព MINUSCA ដែល​បណ្តាល​ឲ្យ​កងទ័ព​មួក​ខៀវ​ខ្មែរ​៤​នាក់​ស្លាប់ របួស​១​នាក់ រីឯ​ទ័ព​ម៉ា​រ៉ុ​ក បាត់​ខ្លួន​១​នាក់ និង​របួស​៧​នាក់​។ ជាមួយគ្នានេះ ភាគី​ខាង​ឧទ្ទាម ត្រូវបាន​រាយការណ៍​ថា ស្លាប់​៨​នាក់​។ លោក អ៊ឹម សំ ជា​ជនរងគ្រោះ​ដែល​បានទទួល​មរណភាព​ភ្លា​មៗ​នៅ​កន្លែងកើតហេតុ​៕


Tag:
 អ៊ឹម សំ​
  UN
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com