English-Français
ជាតិ
ប្រធានមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖«ខ្ញុំសង្ឃឹមថាការរីកចម្រើននៅភ្នំពេញតំណាងឲ្យការអភិវឌ្ឍទូទាំងកម្ពុជា» លោកស្រី Arancha Gonzalez នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា( រូបភាព៖ World Economic Forum)
× ២០ឆ្នាំមុនលោកស្រី Arancha Gonzalez នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) មានទីស្នាក់ការនៅទីក្រុងហ្សឺណែវ បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាអ្នកទេសចរ ។ ក្រោយត្រឡប់មកកម្ពុជា ២០ ឆ្នាំក្រោយក្នុងនាមជាប្រតិភូចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា លោកស្រីបង្ហាញអារម្មណ៍ភ្ងាក់ផ្អើលខ្លាំង ព្រោះកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
សូមស្តាប់សម្ភាសន៍លម្អិតរវាងលោក សៅ ផលនិស្ស័យ ជាមួយលោកស្រី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) ៖
លោកស្រី Arancha Gonzalez មើលឃើញការអភិវឌ្ឍនៅកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធ សំណង់,សម្ភារៈប្រើប្រាស់ដូចជារថយន្តដែលគេប្រើប្រាស់ និងតាមរយៈការហូបចុក និងការស្លៀកពាក់របស់ប្រជាជនកម្ពុជាជាដើម។ ថ្វីមិនបានធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀតក៏ដោយ លោកស្រីជឿជាក់ថា អ្វីដែលលោកស្រីមើលឃើញនៅរាជធានីភ្នំពេញអាចជាតំណាងឲ្យការអភិវឌ្ឍទូទាំងកម្ពុជាទាំងមូល។
លោកស្រីArancha Gonzalez នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ
ទោះបីជាមានការលើកសរសើរពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៅកម្ពុជាដូច្នេះក្តី គេឃើញមានការរិះគន់ពាក់ព័ន្ធគម្លៀតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គមកម្ពុជា ក៏ដូចជាភាពក្រីក្រនៅតាមទីជនបទផងដែរ។
ត្រឡប់មកវិញ ក្នុងនាមជាតំណាងឲ្យស្ថាប័នដែគូរដ្ឋាភិបាលកម្ពុជា លោកស្រីបានចូលជួបពិភាក្សាទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ១២ ឧសភា។ លោកស្រីបានជជែកពីបញ្ហាសំខាន់ៗជាច្រើនក្នុងនោះ ពាណិជ្ជកម្ម ជួយដល់ការរីកចម្រើននៅកម្ពុជា, កិច្ចការងារបន្តដែលកម្ពុជាត្រូវធ្វើជាពិសេសជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាកាន់តែសកម្មក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ក្រៅពីនេះ លោកស្រី និងសម្តេចនាយករដ្ឋមន្ត្រីក៏ជជែកគ្នាផងដែរពីការជំរុញឲ្យស្ត្រីនិងផ្តល់អំណាចឲ្យពួកគាត់ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ លោកស្រីប្រាប់សម្តេចថា ការលើកស្ទួយស្ត្រីក្នុងវិស័យសេដ្ឋកិច្ចដូច្នេះហើយទើបបានជាកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះ។
លោកស្រី Arancha Gonzalez នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល
ពាណិជ្ជកម្មអន្តរជាតិក្នុងឱកាសជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន( រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ស្ថាប័នលោកស្រីក៏នឹងបន្តតួនាទីជួយជ្រោមជ្រែងកម្ពុជានៅពេលខាងមុខតាមរយៈការជំរុញការប្រកួតប្រជែង ចូលរួមក្នុងពាណិជ្ជកម្មសេរីនិងលើកកម្ពស់។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ហើយកិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តទៅមុខទៀត៕
Tag:
Arancha Gonzalez
WEF
ASEAN
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com