ជាតិ
នយោបាយជាតិ
អតីតប្រធានគ.ជ.ប លោក អ៊ឹម សួស្តី ត្រូវបានសភា បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្
× លោក អ៊ឹម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសាន ដែលទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ។ លោក អ៊ឹម សួស្ដី ទទួលបានសំឡេងគាំទ្រ៦៦ លើ១៦ តាមរយៈការបោះឆ្នោត ក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២0១៧នេះ។
បើតាមលោក ឡេង ប៉េងឡុង បេក្ខជន ដែលបានដាក់ពាក្យទៅកាន់រដ្ឋសភា មានចំនួន៣រូប។ ប៉ុន្តែ លោក អះអាងថា ក្នុងចំណោមបេក្ខជនទាំង៣រូបនោះ គឺមានតែលោក អ៊ឹម សួស្តី តែម្នាក់ប៉ុណ្ណោះ ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកនាំពាក្យរដ្ឋសភារូបនេះ និយាយដូច្នេះថា៖«មានតែឯកឧត្តម អ៊ឹម សួស្តីទេ ដែលបានបំពេញគ្រប់លក្ខខណ្ឌ។ បេក្ខជន២នាក់ទៀត មិនគ្រប់លក្ខខណ្ឌទេ»។
ដំបូង បេក្ខជន ត្រូវទទួលការគាំទ្រពីតំណាងរាស្ត្រយ៉ាងតិច ចំនួន១៣រូប មុននឹងដាក់ពាក្យទៅកាន់រដ្ឋសភា ដើម្បីសុំធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ លក្ខខណ្ឌផ្សេងទៀត គឺបេក្ខជន ត្រូវមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងមានបទពិសោធការងារយ៉ាងតិច១៥ ឆ្នាំ។ ម្យ៉ាងវិញទៀត បេក្ខជន ក៏ត្រូវមានសញ្ញាបត្រ ចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅផងដែរ ដើម្បីអាចសុំឈរឈ្មោះធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ទាំងនេះ គឺជាការលើកឡើងរបស់លោក ឡេង ប៉េងឡុង ដដែល។
មាត្រា ១៣៨ ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានចែងថា៖«សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ដែលមានសញ្ញាបត្រចាប់ពីឧត្ដមសិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយពិសោធន៍ច្រើនក្នុងការងារ»។
សូមបញ្ជាក់ថា លោក អ៊ឹម សួស្តី ធ្លាប់ធ្វើជាប្រធានគ.ជ.ប ចំនួន២អាណត្តិ។ ក្រោយពីអស់តំណែងជាប្រធានគ.ជ.ប កាលពីដើមឆ្នាំ២០១៥ លោក អ៊ឹម សួស្តី ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។ ក្រោយមកទៀត រដ្ឋាភិបាល ក៏ដំឡើងលោក អ៊ឹម សួស្តី ទៅជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការពិសេស៕ © រក្សាសិទ្ធិដោយ thmeythmey.com