ជាតិ
បទវិភាគ
តើមនុស្សយើងអាចប្រើប្រាស់សក្តានុពលឲ្យអស់លទ្ធភាព តាមរបៀបណា?
× មនុស្សម្នាក់ៗកើតមកមានទេពកោសល្យផ្សេងៗគ្នា ហើយទេពកោសល្យនេះហើយ បានបង្កើតជាសក្តានុពលក្នុងការធ្វើការងារ។ ដើម្បីប្រើប្រាស់សក្តានុពលទាំងនោះ ឲ្យមានប្រសិទ្ធភាព គឺវាទាមទាឲ្យមនុស្សស្វែងយល់ខ្លួនឯង ដោយរកទេពកោសល្យនោះ ឲ្យឃើញ ហើយប្រើប្រាស់ចំណុចខ្លាំងឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែបើទោះជាយើងមានទេពកោសល្យយ៉ាងណាក្តី ប៉ុន្តែបរិយាកាសធ្វើការងារមិនអំណោយផល ដែលជំរុញឲ្យមនុស្សប្រើប្រាស់សមត្ថភាពមិនបានពេញទី។ តើមនុស្សយើងអាចប្រើប្រាស់សក្តានុពលឲ្យអស់លទ្ធភាពតាមរបៀបណា?
ដើម្បីធ្វើការងារប្រកបដោយសក្តានុពល បុគ្គលម្នាក់ៗ គួរអនុវត្តនូវចំណុចដូចខាងក្រោម៖
ទី១ យល់ដឹងពីតួនាទី និងការទំនួលខុសត្រូវការងារ។ តួនាទីកំណត់ពីភារកិច្ច និងទំនួលខុសត្រូវកំណត់អំពីការងារដែលយើងត្រូវធ្វើឲ្យបានតាមតួនាទី ដោយទទួលយកទាំងខុស និងទទួលយកទាំងត្រូវ។
ទី២ ការគោរព ការផ្តល់តម្លៃ និងទំនាក់ទំនងគ្នាល្អ មានន័យថា មនុស្សយើងត្រូវការការផ្តល់តម្លៃ ការស្រលាញ់ពេញចិត្ត និងភាពជិតស្និតនឹងគ្នា ការមិនប្រកាន់គ្នា។
ទី៣ ការធ្វើការងារដោយក្តីស្រលាញ់ និងការធ្វើការងារគ្មានសំពាធ។ ជាការពិតគ្រប់ការងារទាំងអស់សុទ្ធតែមានសំពាធ ប៉ុន្តែសំពាធត្រូវបានកាត់បន្ថយ បន្ទាប់ពីយើងបានប្រើមនុស្សចំជំនាញ ស្របតាមទេពកោសល្យដែលខ្លួនមាន និងមិនគួរដាក់កំហិតឡើយ។
ទី៤ ទទួលស្គាល់កំហុស រៀនពីកំហុស និងរិះគន់គ្នាក្នុងន័យស្ថាបនា។ ការធ្វើការងាររមែងកើតមានកំហុសឆ្គងនានា តាមរយៈការធ្វើការងាររបស់យើងដោយប្រការណាមួយ ដែលយើងអាចមិននឹកស្មានដល់។ បញ្ហាទាំងនោះកើតមកពីកើតឡើងដោយគ្មានការគ្រោងទុក ការធ្វេសប្រហែស ការមិនយកចិត្តទុកដាក់ ការគិតមិនដល់ជាដើម។ បញ្ហាទាំងនោះនេះ គឺវាទាមទាឲ្យមនុស្សចេះដោះស្រាយដោយសន្តិវិធី និងមិនគុំកួន។
ទី៥ ការបង្កើតបរិយាកាសធ្វើការងារ អោយក្រុមមានភាពសប្បាយ និងមានសាមគ្តីភាព ។ ភាពជោគជ័យនៃការងារវាអាស្រ័យលើការសហកាគ្នា ការយល់យល់គ្នា និងការបង្កើតបរិយាកាសរីករាយធ្វើឲ្យសហការីចេះស្រលាញ់ការងារ ស្រលាញ់គ្នា និងខំប្រឹងធ្វើការងារ។
និយាយជារួម មនុស្សធ្វើការងារប្រកបដោយសក្តានុពល គឺវាស្រ័យលើការធ្វើការងារចំជំនាញ ធ្វើការងារគ្មានសំពាធ ការផ្តល់តម្លៃគ្នា ការកែលម្អគ្នា និងរួមធ្វើការងារដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន៕
© រក្សាសិទ្ធិដោយ thmeythmey.com