ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ចិន​»​ជួយ​ផ្លាស់ប្តូរ​កម្ពុជា​របៀប​ណា​?
16, May 2017 , 4:35 pm        
រូបភាព
«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្លាស់ប្តូរ​តំបន់​តាមរយៈ​ការជំរុញ​ការផ្សាភ្ជាប់ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ ប្រទេស​តូចធំ​ទាំងអស់​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​សុទ្ធតែ​មានលទ្ធភាព​ក្នុង​ការទាញយក​ប្រយោជន៍​ច្រើន​ផងដែរ​។ កម្ពុជា​ក្នុងនាម​ជា​ភាគី​នៃ​គំនិត​ផ្តួចផ្តើម​នេះ ​បាន​ទទួលផល​បណ្តើរ​រួចទៅហើយ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀតផង​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក សៅ ផល​និស្ស័យ ជាមួយ​លោក គង់​ភោគ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​( Cambodian Institute for Strategic Studies)៖




 
​លោក គង់ ភោគ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​( Cambodian Institute for Strategic Studies) មើលឃើញថា គម្រោង​ផ្តួចផ្តើម​ដោយ​មហា​យក្ស​ចិន​នេះ នឹង​ជួយ​ផ្លាស់ប្តូរ​តំបន់​នៅពេល​អនាគត​។ វា​មិនមែន​ជំរុញ​ត្រឹមតែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេសមួយ​ជាមួយ​ចិន​ឡើយ តែ​ជាការ​បង្កើត​ឲ្យ​ចេញ​ជា​ប្រព័ន្ធ​សង្វាក់​ផលិតកម្ម​កម្រិត​តំបន់​ទាំងមូល​។ 

​ក្រៅពីនេះ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នឹង​បន្ត​ជួយ​ដល់​ដំណើរ​សមាហរណកម្ម​ក្នុង​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជួយ​បង្កើត​ជំនឿ​ទុកចិត្ត​និង​ការពឹង​ផ្អែកលើ​គ្នា​ទៅវិញទៅមក​ដែល​អាច​រក្សា​សន្តិសុខ សន្តិភាព និង​បញ្ចៀស​រាល់​បញ្ហា​ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​តំបន់​។​

​ប៉ុន្តែ អ្នកជំនាញ​រូបនេះ​សង្កត់ធ្ងន់ថា គេ​មិនអាច​ភ្លេចខ្លួន​ដែរ​នៅពេល​ដែលមាន​ការរីក​ចម្រើន​ក្នុង​តំបន់​។  ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​បន្ត​ស្វែង​គោលនយោបាយ គំនិត​ផ្តួចផ្តើម​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ឲ្យ​ការលូតលាស់​កើន​ដល់​សក្តានុពល​របស់ខ្លួន​ផង​។

​ក្រឡេក​ទៅ​មើល​កម្ពុជា​ក្នុងនាម​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដែរនោះ បានទទួល​ប្រយោជន៍​ច្រើន​រួច​ហើយពី​គម្រោង​នេះ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ វាបាន​ជួយ​ផ្លាស់ប្តូរ​កម្ពុជា​ច្រើន​ដែរ​។​

 លោក គង់ ភោគ ប្រាប់ថា គ្រាន់តែ​រៀបរាប់​ដោយ​សង្ខេប ក្រោម​គម្រោង​របស់​ចិន​នេះ ផ្លូវ​ជាង​៣​ពាន់​គីឡូម៉ែត្រ និង​ស្ពាន​ប្រហែល​២០ ត្រូវបាន​សាងសង់ឡើង​ក្នុងប្រទេស​កម្ពុជា​រួចទៅហើយ​ដែល​វា​សុទ្ធតែ​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​។​

​ក្រៅពី​ការជួយ​ដល់​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ គំនិត​ផ្តួចផ្តើម​របស់​ចិន​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ច្រើន​លើ​វិស័យ​ថាមពល​ដែលជាគ្រឿង​ម៉ាស៊ីន​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​ដែរ​។ ដូច​ឃើញស្រាប់​ក្រុមហ៊ុន​ចិន​វិនិយោគ​លុយរាប់​រយ​លាន​ដុល្លារ​ខាង​វា​រី​អគ្គីសនី​នៅតាម​ខេត្ត​មួយចំនួន ដែល​វា​ជួយ​ឲ្យ​តម្លៃ​អគ្គីសនី​កាន់តែ​ថោក​និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​។​

​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា​នេះ​ក៏​កត់សម្គាល់​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​ចិន​ក៏បាន​ជំរុញ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រីកចម្រើន​ដូចគ្នា​។ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចិន​ជាច្រើន​មក​ចូល​ផ្សារ​កម្ពុជា​ក្នុងនោះ​មាន​ធនាគារ​ចិន (Bank of China) និង​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ចិន (ICBC)​។ ហើយ​ចិន​ក៏​នឹង​បន្ត​ជំរុញ​ស្ថាប័ន​ហិរញ្ញ​វត្ថ​ឯទៀត​ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​ដូចគ្នា​។  មួយទៀត គឺ​គំនិត​ផ្តួចផ្តើម​ចិន​បាន​ជួយ​ឲ្យ​វិស័យ​ទូរគមនាគមន៍​លូតលាស់​ទៅមុខ​ផងដែរ​។ ក្រុមហ៊ុន​ចិន​ដូចជា Sea Tel, ZTE និង​Huawei   ជាដើម​សុទ្ធតែ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជានាពេល​បច្ចុប្បន្ន​។​

​សូម​រម្លឹក​បន្តិច​ថា កាលពី​ខែកុម្ភៈ ផែនការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ចិន​និង​កម្ពុជា​ក្រោម​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ ត្រូវ​ព្រាង​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក  Xiao Weiming នាយករង​ទទួលបន្ទុក​តំបន់​អភិវឌ្ឍ​ភាគ​ខាងលិច​នៃ​គណៈកម្មការ​អភិវឌ្ឍ​និង​កំណែទម្រង់​ជាតិចិន​។ ផែនការ​នេះ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្រោម​គោលការណ៍​ឈ្នះ​ឈ្នះ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន ៧ ក្នុងនោះ​មាន​កសិកម្ម​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ទេសចរណ៍​, លើកកម្ពស់​សមត្ថភាព​, អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​, វប្បធម៌​, ហិរញ្ញវត្ថុ និង​ការការពារ​បរិស្ថាន​ជាដើម​។​

​ពាក់ព័ន្ធ​ផែនការ​អាទិភាព​នេះ លោក គង់ ភោគ យល់ឃើញ​ផងដែរ​នៅពេល​អនាគត ការបន្ត​ចូលរួម​អនុវត្ត​គំនិត​ផ្តួចផ្តើម​របស់​ចិន​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា​និង​ចិន​កាន់តែ​ជិតស្និទ្ធ​និង​ទាញ​បាន​ប្រយោជន៍​ក្នុង​គោលការណ៍​ឈ្នះៗ​ទាំងសងខាង​។
 
​យ៉ាងណាមិញ ថ្វីបើ​មានការ​វាយតម្លៃ​ពី​ប្រយោជន៍​ច្រើន​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​គម្រោង​របស់​ចិន​ក៏ដោយ ប្រជាជន​កម្ពុជា​ហាក់​មិនទាន់​យល់ច្បាស់​និង​មិនទាន់មាន​អារម្មណ៍​វិជ្ជមាន​នៅឡើយ​ចំពោះ​ចិន​ ក៏ដូចជា​គម្រោង​ដ៏​ធំ​និង​សំខាន់​នេះ​។ វា​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​រដ្ឋាភិបាល​ចិន ​និង​ក្រុមហ៊ុន​ចិន​ផ្ទាល់​ដើម្បី​រួមចំណែក​ទទួលខុសត្រូវ​សង្គម​ដើម្បី​កែប្រែ​ការគិត​អវិជ្ជមាន​នេះ​។​

​លោក គង់ ភោគ យល់ស្រប​ថា​បញ្ហា​យល់ឃើញ​ចិន​អវិជ្ជមាន​នេះ​នៅមាន​ក្នុងចំណោម​ប្រជាជន​។ ប៉ុន្តែ​លោក​មើលឃើញថា  រដ្ឋាភិបាល​ចិន​បាន​យល់ច្បាស់​ហើយពី​សារសំខាន់​នៃ​ការពង្រឹង​ជំនឿ​ទុកចិត្ត និង​សារសំខាន់​នៃ​ការគាំទ្រ​ពី​ប្រជាជន​។ ដូច​ឃើញ​ហើយ រដ្ឋាភិបាល​ចិន​ប្រឹងប្រែង​ច្រើន​ដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ រដ្ឋាភិបាល​ចិន សង្គម​ស៊ីវិល​ចិន បាន​ចូលរួម​ជួយ​ពង្រឹង​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន​, លើកស្ទួយ​សេវា​សុខាភិបាល​, ការអប់រំ​និង ពង្រឹង​ជំនាញ​ជំនាញ​ជាដើម​។ ចំណែកឯ ក្រុមហ៊ុន​ចិន​ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​ការពង្រឹង​ការទទួលខុស​​ត្រូវ​សង្គម​បណ្តើរៗ​ដែរ​ពេល​មក​ដាក់ទុន​រកស៊ី​។

​ក្នុងនាម​ជា​អ្នកជំនាញ លោក គង់ ភោគ​ក៏បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ថា ក្រុមហ៊ុន​ចិន​អាច​បន្ត​ការសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ក​ម្បុ​ជា​ដើម្បី​បង្កើត​ប្រយោជន៍​ដល់​ប្រជាជន​។ ប្រជាជន​នឹង​មើលឃើញ​ចិន​ជា​មិត្តភក្តិ​ល្អ និង​បងប្អូន​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា បើ​មានការ​បន្តធ្វើ​បែបនេះ​។​

 
​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (OBOR)  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ។ គោលបំណង​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ដោយ​វា​ផ្អែក​លើផ្លូវ​ពាណិជ្ជកម្ម​សម័យបុរាណ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ទាំង​ពិភពលោក​ច្រើនជាង ៦៥ មាន​ទាំង​អាស៊ី​, អាហ្វ្រិក​និង​អឺរ៉ុប​ផងដែរ​។ ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅ​ចុងឆ្នាំ​២០១៥ ៕


Tag:
 ចិន​
  កម្ពុជា OBOR
  គង់ ភោគ​
© រក្សាសិទ្ធិដោយ thmeythmey.com